ខេត្តបាត់ដំបង ៖ ព្រោះតែប្រើពាក្យសំដីឌឺដងដៀមដាមដាក់គ្នា តាមបណ្តាញសង្គម Tik Tok មិនអស់ចិត្ត ក៏បើកប្រយុទ្ធគ្នាលើដងផ្លូវ ស្រាប់តែសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនចំនួន១៥នាក់បញ្ជូនទៅតុលាការ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១០និង៣០ នាទី នៅមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានបានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការរដ្ឋាន នគរបាលស្រុកឯកភ្នំបង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ និងគប់លើម៉ូតូ)ចំនួន០១ករណី ដែលកើតឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៦និង២០នាទី នៅចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកម្លាំងបានធ្វើការ នាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមានគ្នាចំនួន ១៥នាក់ គឺក្រុម Boy Srer ចំនួន ០៨នាក់ នឹងក្រុម Boy Loy ចំនួន០៧ នាក់ ។ ចំពោះវត្ថុតាងដកហូតរួមមាន ៖
ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ខៀវ ស ពាក់ស្លាក លេខ បាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ពាក់ស្លាកលេខ បាត់ដំបង 1N 8871 ចំនួន ០១គ្រឿង កាំបិតខ្វែវដងឬស្សី ប្រវែង ០១ម៉ែត្រ ចំនួន ០១ដើម ដុំឥដ្ឋចំនួន០២ដុំ សូមជម្រាបជូនថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះ មានទំនាស់ជាមួយគ្នា គឺមកពី ការសរសេរខមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ