ភ្នំពេញ៖ មិនថា ការរង់ចាំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទេ គឺការរង់ចាំធ្វើតេស្តរកមេរោគកូវីដ១៩ ក៏នៅតែជាបញ្ហាចោទនៅឡើយ ក្នុងការរក្សាគម្លាតសុវត្ថិភាព។ ការបន្តប្រជ្រៀតគ្នា ដើម្បីបានចូលចាក់វ៉ាក់សាំង និងចូលធ្វើតេស្តយកសំណាក រកមេរោគកូវីដ១៩ ដែលនៅតែកើតមាននេះ គឺជាឱកាសបង្កើនហានិភ័យនៃការឆ្លង និងចម្លងមេរោគកូវីដ១៩។
ថ្មីៗនេះ នៅកន្លែងចាក់វ៉ាក់សាំងកូវីដ១៩ មិនថា នៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង ឬក៏នៅមន្ទីរពេទ្យកាល់ម៉ែត្រនោះទេ ក្រុមអ្នកទៅរង់ចាំចាក់វ៉ាក់សាំង បានតម្រង់ជួរ និងពាក់ម៉ាសគ្រប់ៗគ្នា តែគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា គឺមិនត្រូវបានអនុវត្តឡើយ។ រីឯការរង់ចាំធ្វើតេស្តរកមេរោគកូវីដ១៩ កាលពីព្រឹកថ្ងៃទី១២មីនា ក៏មានរូបភាពប្រជ្រៀតគ្នា ទោះបីជាអ្នកទាំងនោះ បានពាក់ម៉ាសគ្រប់ៗគ្នាក៏ដោយ។
អ្នកខ្លះ បានបន្ទោសការមិនអនុវត្តគម្លាតសុវត្ថិភាពនេះ ទៅលើក្រសួងសុខាភិបាល និងអាជ្ញា ធរសមត្ថកិច្ច ថាមិនបានរៀបចំ ឲ្យមានសណ្តាប់ធ្នាប់រៀបរយ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ដូចអ្វីដែលបានប្រកាសនោះឡើយ។
ប៉ុន្តែមែនទែនទៅ ការប្រជ្រៀតគ្នា មិនរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ អាចមកពីអ្នកទៅរង់ចាំខ្លួនឯងនោះច្រើនជាង។ ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរសមត្ថកិច្ច រួមទាំងក្រុមគ្រូពេទ្យ បានប្រកាសណែនាំរួចហើយ ឲ្យរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស លាងដៃ ជាដើម ក្នុងពេលរង់ចាំ ចូលចាក់វ៉ាក់សាំង ក៏ដូចជា រង់ចាំចូលធ្វើតេស្ត រកមេរោគកូវីដ១៩។ ប៉ុន្តែអ្នកទៅរង់ចាំខ្លួនឯងទេ ដែលមិននាំគ្នាអនុវត្ត។ ផ្ទុយទៅវិញ បែរជានាំគ្នា ហើយអាចតាមគ្នាផង ឈរប្រជ្រៀត ដោយភ្លេចគិតពីវិធានការពារកូវីឌ តាមរយៈសុវត្ថិភាពបុគ្គលនេះឯង។
ខ្លាចឆ្លងកូវីដ ទើបនាំគ្នា សំរុកទៅចាក់វ៉ាក់សាំង និងទៅធ្វើតេស្ត។ តែបែរជាភ្លេចគិតដល់ឱកាសនៃការឆ្លងកូវីដ ក្នុងពេលប្រមូលផ្តុំ និងប្រជ្រៀតគ្នាដូច្នេះឡើយ។
ដោយសារតែមនុស្សច្រើន រហូតដល់ប្រជ្រៀតគ្នាដូច្នេះហើយ បានជាមានអ្នកខ្លះ សម្រេចចិត្ត មិនទៅចាក់វ៉ាក់សាំង និងមិនទៅធ្វើតេស្ត ដោយខ្លាចឆ្លងជំងឺ ក្នុងពេលរង់ចាំ ដោយសារតែការប្រជ្រៀតគ្នាបែបនេះ។ ការប្រជ្រៀតគ្នាបែបនេះ ត្រូវបានគេលើកឡើងថា បើសិនជាមាន នរណាម្នាក់ កើតជំងឺកូវីដ១៩ ដោយមិនដឹងខ្លួន នោះច្បាស់ជាឆ្លងរាលដាលដល់គ្រប់គ្នា ដែលទៅរង់ចាំប្រជ្រៀតគ្នាបែបនេះ ជាមិនខាន។
ជាការពិតហើយ សំខាន់អ្នករង់ចាំចាក់វ៉ាក់សាំង និងអ្នករង់ចាំធ្វើតេស្តនោះឯង ដែលត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា។ មិនមែនចាំតែរដ្ឋាភិបាល ក្រសួងសុខាភិបាល ពេទ្យ ឬអាជ្ញាធរ សមត្ថកិច្ច មកអូសដៃ ចាត់ចែងនោះទេ។ គ្រាន់តែរក្សាគម្លាតសុវត្ថិភាព ហេតុអ្វីចាំបាច់ឲ្យមានអ្នកបញ្ជា ហើយហេតុអ្វីចាំទាល់តែគេដឹកដៃ? ដោយរឿងនេះ យើងម្នាក់ អាចធ្វើបានដោយងាយសោះ។ គ្រាន់តែរួមគ្នា រក្សាគម្លាតសោះ ហេតុអ្វីក៏ពិបាកម្លេះ?
ក្នុងសង្គមយើង ដូចករណីបើកបរ ឬជិះយានយន្ត ពិសេសអ្នកធ្វើដំណើរតាមជិះម៉ូតូ ដែល ច្បាប់តម្រូវឲ្យគោរពច្បាប់ និងពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ជាដើម គឺដើម្បីតែសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរនោះសោះ តែមនុស្សដោយក្រុមណានោះ មិនស្តាប់ទេ។ នៅតែមានអ្នកល្មើស នៅតែមានអ្នកមិនពាក់មួកសុវត្ថិភាព មិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដែលប៉ូលិស ណែនាំផង ចាប់ផាកពិន័យផង តែក៏នៅតែមានអ្នកមិនគោរព មានអ្នកមិនពាក់មួកសុវត្ថិភាពបដដែល។
គួរតែចូលរួមគោរពអនុវត្តតាមការណែនាំ ដើម្បីតែសុវត្ថិភាពខ្លួនឯងសោះ។ ទន្ទឹមពេល ជាមួយគ្នានោះ ក្រសូងសុខាភិបាល និងអាជ្ញារធរពាក់ព័ន្ធ ក៏ត្រូវពង្រឹងអោយបាននូវការរក្សាគម្លាតនៅកន្លែងធ្វើតេស្ត និងកន្លែងចាក់វ៉ាក់សាំង តាមរយៈការបង្កើនចំនួនមនុស្ស ធ្វើការរៀបចំ និងណែនាំដល់ប្រជាជនទាំងអស់នោះ ដើម្បីធ្វើយ៉ាងម៉េច ធានាអោយបាននូវការរក្សាគម្លាតសុវត្ថិភាពនេះ។ ដាក់ខ្សែ គូសគំនូសឲ្យពួកគាត់តែម្តង។
ម្យ៉ាងទៀត ការបង្កើនក្រុមពេទ្យបន្ថែម ក៏ត្រូវតែធ្វើ ហើយកំណត់ចំនួនអ្នកទៅចាក់វ៉ាក់សាំង ឬធ្វើតេស្ត តាមលទ្ធភាពនៅកន្លែង និងនៅពេទ្យនីមួយៗ ក៏ត្រូវរៀបចំជាចាំបាច់។
នៅពេលនេះ រាជរដ្ឋាភិបាល បានកំណត់ផាកពិន័យលើអ្នកមិនព្រមពាក់ម៉ាស និងមិនរក្សាគម្លាតសុវត្ថិភាពនេះហើយ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយត្រូវពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល។ ដូច្នេះបើជនណា នៅតែមិនព្រមគោរព នោះច្បាស់ជាត្រូវអស់លុយ ក្នុងជំហ៊ានចំពោះមុខបន្ទាន់នេះ។
ម្យ៉ាងទៀតបើពុំរៀបចំសណ្តាប់ធ្នាប់ តាមរយៈការរក្សាគម្លាតនោះទេ ភាពរញ៉េរញ៉ៃ និងការកកកុញមនុស្សកន្លងមក និងទៅខាងមុខ អាចនឹងបង្កើនហានិភ័យដល់ការឆ្លង និងចម្លងមេរោគកូវីដ១៩ មួយកម្រិតទៀត ដែលនាំអោយគ្រោះថ្នាក់ទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ