ខេត្តប៉ៃលិន ៖ ស្រកានាគជាដំណាំហូបផ្លែមួយប្រភេទ មានលក្ខណៈខុសប្លែកពីដំណាំផ្សេងទៀត ដែលគេធ្លាប់ឃើញប្រជាពលរដ្ឋដាំនៅតាមរបងផ្ទះ ឬក្នុងចម្ការ ដោយដំណាំនេះគ្រាន់តែមានដើមហើយចេញផ្កា និងផ្លែតែម្តង វាគ្មានស្លឹកដូចរុក្ខជាតិដទៃទៀតឡើយ ។
ស្រកានាគមានពីរប្រភេទ ខ្លះមានសាច់ពណ៌ស មានរសជាតិជូរអែម ខ្លះទៀតមានសាច់ពណ៌ស្វាយ រសជាតិផ្អែមឈ្ងុយ ហើយនៅពេលទុំ វាមានទម្ងន់ចាប់ពី៣ខាំទៅកន្លះគីឡូក្រាមទៅតាមស្ថានភាពដី ។ សម្បកក្រៅមានលក្ខណៈស្រដៀងទៅនឹងស្រកាសត្វនាគក្នុងសាច់មានគ្រាប់ល្អិតតូចៗដូចគ្រាប់ល្ង ឬព្រលិត ក្នុងបឹងដែរ ។
បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ យ៉ាន់ ធួក អាយុ៣៦ឆ្នាំ ជាកសិករ រស់នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២ កញ្ញាថា គាត់មានស្រុកកំណើតរស់នៅខេត្តព្រៃវែង និងបានមករស់នៅក្នុងខេត្តប៉ៃលិនអស់រយៈពេលជាច្រើនឆ្នាំហើយ ដែលមានដីចម្ការ ដាំពោត និងដំឡូងមីមួយចំនួនដែរ ។ ស្ត្រីរូបនោះបានបន្តថា ចំណែកដីចម្ការក្នុងភូមិក្បែរផ្ទះវិញគាត់បានដាំដំណាំស្រកានាគដែលសុំបំបែកធាងពីអ្នកភូមិផងរបងជាមួយ ហើយក៏បំបែកដាំតៗរហូតមកដល់ពេលនេះ គាត់ដាំបានជាង៣០០ជន្លង់ (ដើម) ហើយ ព្រមទាំងទទួលផលបានជាហូរហែយៈពេល៣ឆ្នាំមកហើយដែរ ។
គាត់បានបញ្ជាក់ថា ក្នុងការដាំគឺគាត់ដាក់បង្គោលប្រវែងជាង២ម៉ែត្រ ដាក់ចន្លោះពីគ្នាប្រវែងពី២ទៅ៣ម៉ែត្រ ដោយមានដាក់សម្បកកង់ម៉ូតូដំជាប់នឹងឈើខ្វែងនៅពីលើ ដើម្បីឱ្យស្រកានាគវារឡើងទៅរុំព័ទ្ធនៅខាងចុងបង្គោលនោះ ហើយពេលលូតលាស់កាន់តែវែងខ្លាំង យើងដើរកាត់ចុងចោល ឬយកទៅដាំកន្លែងផ្សេងទៀត ។ គាត់បានបញ្ជាក់ថា ក្នុង១រដូវ គាត់ប្រមូលផលបានចំនួន៦ដង ហើយដំណាំនេះចេះតែផ្កាជាបន្តបន្ទាប់រហូត ។
ដំណាំនេះភាគច្រើនចាប់ផ្កាពីខែមិថុនា រហូតដល់ចុងខែធ្នូ ទើបឈប់ផ្កាហើយចេញផ្លែបន្ត ។
ក្នុងការប្រមូលផលម្តងៗ គាត់អាចបេះផ្លែវាចាប់ពី៧០ទៅ៨០គីឡូក្រាមជួនកាល រហូតដល់ជាង១០០គីឡូក្រាមក៏មាន និងមិនពិបាកលក់ទេគឺមានឈ្មួញក្នុងខេត្ត និងខ្លះទៀតមកពីបាត់ដំបង សៀមរាប គេមកប្រមូលទិញដល់ផ្ទះយកអស់ៗ ។ ស្ត្រីដដែលបានបន្តថា បើលក់ម៉ៅ គាត់គិតតម្លៃ១គីឡូក្រាមត្រឹមតែ២៥០០រៀលទៅ៣០០០រៀល តែបើទិញតិចតួចគិត១គីឡូក្រាម លក់ថ្លៃចាប់ពី៤.០០០រៀលទៅ៥.០០០រៀល ។ គាត់សំណូមពរដល់ប្រជាពលរដ្ឋ បើសិនជាអាចគួរនាំគ្នាដាំដំណាំនេះ ព្រោះការដាំមិនមានអ្វីដែលលំបាកនោះទេ គ្រាន់តែដាក់មែក ឬធាងវាដល់ដី ហើយមានបង្គោល នោះនឹងដុះលូតលាស់បានយា៉ងល្អ អាចបានផលទទួលទានក្នុងក្រុមគ្រួសារយ៉ាងងាយ ។
សូមបញ្ជាក់ថា ដំណាំស្រកានាគ បន្ទាប់ពីផ្ការួច បើកសិករឧស្សាហ៍ស្រោចទឹកនោះ ផ្លែវានឹងថ្លោសធំល្អ មានរសជាតិផ្អែមឈ្ងុយ គួរឱ្យចង់បរិភោគ ៕
ចែករំលែកព័តមាននេះ