ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសម្នាក់បានដួលសន្លប់តាមផ្លូវ ដោយមិនដឹងមូលហេតុ ធ្វើឲ្យមានការផ្អើលយ៉ាងខ្លាំងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ រួចក៏ប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍តែម្តង ដោយគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជួយសង្គ្រោះឡើយ ព្រោះតែភ័យខ្លាចក្រែងជាករណីកូវីដ១៩ ដូច្នេះហើយម្នាក់ៗគឺបានត្រឹមតែនាំគ្នាឈរមើលពីចម្ងាយប៉ុណ្ណោះ។

បើតាមប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រមាណ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ គេបានឃើញបុរសខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក Let’s ពណ៌ក្រហមលាយស ពាក់ស្លាកលេខស្វាយរៀង1N 6386 បើកបរពីទិសខាងត្បូងមកជើង តាមបណ្តោយផ្លូវលេខ២០៤ ស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រង់ចំណុចរបងសាលាបឋមសិក្សាព្រះសីហនុ។

ប្រជាពលរដ្ឋបន្តថា លុះពេលបុរសរូបនេះជិះម៉ូតូមកដល់ត្រង់ចំណុចរបងសាលាបឋមសិក្សាព្រះសីហនុនោះ ក៏ស្រាប់តែឈប់ម៉ូតូ រួចដាក់ជន្ទល់ម៉ូតូឈប់ជិតក្រោមដើមត្របែកព្រៃ ហើយក៏អង្គុយនៅលើម៉ូតូនោះបានមួយសន្ទុះ បុរសរូបនេះក៏បានចុះពីលើម៉ូតូ ទំនងជាដើរទៅជ្រកក្រោមម្លប់ ស្រាប់តែពេលនោះបុរសរូបនេះក៏ទន់ជង្គង់ដាក់គូថអង្គុយចុះ រួចហើយក៏ដួលដេកទៅលើចិញ្ចើមថ្នល់ហាលក្តៅទាំងពាក់មួកការពារតែម្តង។

ប្រភពដដែលបន្តថា ខណៈពេលនោះ ប្រជាពលរដ្ឋក៏នាំគ្នាឆោឡោមកមើល តែខ្លាចមិនហ៊ានចូលជិតជួយនោះទេ គ្រាន់តែស្រែកសួរជនរងគ្រោះតែប៉ុណ្ណោះ ក៏ប៉ុន្តែគ្មានបានផល ព្រោះបុរសរងគ្រោះបាកដេកសន្លប់បាត់ទៅហើយ ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋសង្កាត់ស្វាយរៀង ដើម្បីឲ្យមកជួយអន្តរាគមន៍តែម្តង។

ក្រោយពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ក៏បានសែងជនរងគ្រោះចូលទៅក្នុងម្លប់ រួចទូរស័ព្ទហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ រហូតដល់ម៉ោង១២និង៥៨នាទីរសៀល ទើបរថយន្តមន្ទីរពេទ្យខេត្តមកដល់ដាក់ប្រង់ការចុះ ដើម្បីលើកជនរងគ្រោះដាក់លើប្រង់ការ ស្រាប់តែជនរងគ្រោះដឹងខ្លួន viJ ហើយសុំគ្រូពេទ្យថា «ខ្ញុំស្រវឹងស្រាទេ ខ្ញុំសុំទៅផ្ទះវិញ មិនទៅពេទ្យទេ»។
ក្រោយពេលឮបែបនេះ គ្រូពេទ្យ និងសមត្ថកិច្ចហួសចិត្ត ក៏ឲ្យជនរងគ្រោះទូរស័ព្ទហៅបងប្អូនមកទទួលយកទៅផ្ទះវិញតែម្តង។
បើតាមស្ត្រីដែលជាប្អូនជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាកម្មករកររោងចក្រនៅក្រុងបាវិត ធ្វើការវេនយប់ មានទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ហើយនៅថ្ងៃបើកប្រាក់ខែនេះ ក៏បានផឹកស៊ីជាមួយមិត្តភក្តិទាំងព្រឹករហូតស្រវឹងវង្វេងផ្លូវទៅផ្ទះលែងរួច ក៏ដេកសន្លប់តែម្តង ។
ចែករំលែកព័តមាននេះ