ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ​តាមក្រសួងស្ថាប័នរដ្ឋ កាត់បន្ថយ​បុគ្គលិកធ្វើការផ្ទាល់ ក្នុងនោះ​ យ៉ាងហោច ៩០% ត្រូវ​ធ្វើការអ​ន​ឡាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសារពិសេសនៅយប់ថ្ងៃទី៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ ជាបទបញ្ជាឲ្យក្រសួងស្ថាប័ន​រដ្ឋ រៀបចំកាត់បន្ថយ​ចំនួនមនុស្ស ធ្វើការនៅកន្លែងធ្វើការ…

ភ្នំពេញ៖ ក្នុងសារពិសេសនៅយប់ថ្ងៃទី៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ ជាបទបញ្ជាឲ្យក្រសួងស្ថាប័ន​រដ្ឋ រៀបចំកាត់បន្ថយ​ចំនួនមនុស្ស ធ្វើការនៅកន្លែងធ្វើការ ដោយយ៉ាងហោចណាស់ ៩០% ត្រូវធ្វើការតាមអនឡាញ​។ ក្នុងនោះ ក្រុមហ៊ុនឯកជន ក៏ត្រូវ​កាត់បន្ថយ​ចំនួនអ្នកធ្វើការផ្ទាល់ផងដែរ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យព្រឹទ្ធសភា រៀបចំ​ប្រជុំអនឡាញ ឬក៏តាមមធ្យោបាយណា ដើម្បី​អនុម័តសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ ដែលរដ្ឋសភា ទើបតែប្រជុំអនុម័ត​។ ច្បាប់ថ្មីនេះ ត្រូវប្រើប្រាស់​ក្នុងកាលៈទេសៈពេលនេះ ដោយយើង​មិនអាចប្រើប្រាស់ច្បាប់ ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ​។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់​ខេត្តព្រះសីហនុ ឲ្យ​បន្តរឹតបន្តឹងលើអ្នកធ្វើដំណើរ ដោយបន្ត​ហាមចេញចូល តែការដឹកជញ្ជូនទំនិញ នៅបន្តជាធម្មតា​។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បទបញ្ជារបស់សម្តេច ក្នុងការកាត់បន្ថយចំនួនអ្នកមកធ្វើការដោយផ្ទាល់នេះ គឺ​មិនសំដៅលើកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យទេ​។ ក្នុងនោះ សម្តេច ក៏មិនប្រកាសបិទទីផ្សារ និងរោងចក្រ​ដែរ​។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា គិតត្រឹមម៉ោងជាង ៩យប់ថ្ងៃទី៨ ខែមីនានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ ចំនួន ៤៩នាក់ហើយ នៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តព្រៃវែង​។ ម៉ាស៊ីន​ធ្វើតេស្ត នៅតែបន្ត​ធ្វើនៅឡើយ។​

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅខេត្តព្រៃវែង ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លងថ្មី ចំនួន ១១នាក់ ដែលជាអ្នកឆ្លងកូវីដ១៩ ពីគ្រូពេទ្យម្នាក់ នៅតំបន់អ្នកលឿង​​​។ ដូច្នេះសម្តេច ទុកឲ្យអភិ​បាលខេត្តព្រៃវែង ពិនិត្យ និងសម្រេច ថាតើត្រូវបិទសាលារៀននៅតំបន់នោះ ឬទេ? ឬក៏ត្រូវបិទតំបន់ ដែលផ្ទុះការឆ្លងរាលដាលជំងឺកូវីដ ចេញពីគ្រូពេទ្យម្នាក់ នៅព្រៃវែងនោះ ឬទេ?

បទបញ្ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ ដោយសារតែពេលនេះ សម្តេចលើកឡើងថា កូវីដបានឆ្លងរាលដាលដល់​មន្ត្រីរាជការ ប៉ូលិស និងសិល្បករ​ហើយ៕