សង្ខេប
កូនត្រីត្រូវបានដួសនៅទន្លេសាប ចាប់ផ្តើមពីខែមករារហូតដល់ខែមេសា ឆ្នាំ២០០៤។ ដួសមួយសប្តាហ៍៣ដង និងក្នុងមួយថ្ងៃដួសបួនដង (គឺនៅម៉ោង៦ ម៉ោង១២ ម៉ោង១៨ ម៉ោង២៤) ដោយប្រើបង់ហ្គោណែត ។ នៅរដូវប្រាំង ទឹកហូរពីបឹងទន្លេសាបមកវិញ ។ នេះជាការសិក្សាលើកដំបូងនៅទន្លេសាបនារដូវប្រាំង លទ្ធផលបានបង្ហាញឱ្យឃើញថា ត្រីមួយចំនួនពងនៅដងទន្លេសាប ។ កូនត្រីបីប្រភេទ (ត្រីបណ្តូលអំពៅ ត្រីក្សាន្ត ត្រីសាន់ដា មានចំនួនស្មើ៦៥% នៃបរិមាណទាំងអស់ ។ បរិមាណកូនត្រី៨០% ស្ថិតនៅដំណាក់កាលកូនត្រីម្សៅ ។ ក្នុងរយៈពេលសិក្សាស្រាវជ្រាវ យើងកំណត់បាន៣៥ប្រភេទ ស្ថិតក្នុង១៨អំបូរ ដែលមាននៅក្នុងដងទន្លេសាបនារដូវប្រាំង ។ ចំនួនតិចតួចនៃប្រភេទត្រីប្រាអីុវ មានវត្តមាននៅពាក់កណ្តាលខែមេសា ។
សេចក្តីផ្តើម
បឹងទន្លេសាបជាប្រភពធនធានជលផលដ៏សំខាន់របស់ប្រទេសកម្ពុជា ក៏ប៉ុន្តែកន្លងមកមិនទាន់មានព័ត៌មានស្តីអំពីប្រភេទកូនត្រីដែលពងនៅរដូវប្រាំងនៅឡើយទេ ។ ការសិក្សានេះបានបង្ហាញអំពីបរិមាណ និងប្រភេទកូនត្រីនៅក្នុងទន្លេសាបនារដូវប្រាំង ។ ការសិក្សាពីមុនៗបានបង្ហាញថា ត្រីច្រើនប្រភេទធ្វើចរាចរណ៍ និងពងកូននៅរដូវទឹកឡើង ។ រដូវទឹកឡើងមានសារសំខាន់ដល់វដ្តជីវិត និងអេកូឡូស៊ីនៃប្រភេទត្រី។ ការយល់ដឹងអំពីអេកូឡូស៊ីនៃប្រភេទពងត្រី និងកូនត្រីមានសារសំខាន់ក្នុងការអភិរក្ស និងការពារប្រភពធនធានមច្ឆជាតិក្នុងធម្មជាតិ ។
គោលបំណង
គោលបំណងនៃការសិក្សាស្រាវជ្រាវលើប្រភេទកូនត្រីនៅទន្លេសាបក្នុងរដូវប្រាំងនេះ គឺដើម្បី ៖
១-កំណត់អត្តសញ្ញាណកម្មនៃប្រភេទកូនត្រីដែលមាននៅទន្លេសាបនារដូវប្រាំង
២-កំណត់បរិមាណនៃប្រភេទកូនត្រីនីមួយៗ
វិធីសាស្ត្រស្រាវជ្រាវ
ការយកគំរូកូនត្រីធ្វើនៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ចាប់ផ្តើមពីខែមករារហូតដល់ខែមេសា ឆ្នាំ២០០៤ ។ កូនត្រីត្រូវបានដួស៣ដងក្នុង១សប្តាហ៍ និងដួស៤ដងក្នុង១ថ្ងៃ (គឺនៅម៉ោង៦, ១២, ១៨, ២៤) ដោយប្រើបង់ហ្គោណែត ដែលមានអង្កត់ផ្ចិតមាត់១ម៉ែត្រ និងបណ្តោយប្រវែង៥ម៉ែត្រ នៅមាត់បង់ហ្គោណែត មានភ្ជាប់ឧបករណ៍វាស់ល្បឿនទឹកហូរ ។ ឧបរកណ៍បង់ហ្គោណែតត្រូវបានដាក់ចម្ងាយ២០ម៉ែត្រពីមាត់ច្រាំង ក្នុងជម្រៅទឹក២ម៉ែត្រ ។ កូនត្រីដែលដួសបាន ត្រូវរក្សាទុកក្នុងក្រឡដែលមានហ្វូកម៉ាលីន៨% ដើម្បីយកមកសិក្សាវិភាគរកមើលប្រភេទ និងបរិមាណកូនត្រីទាំងនេះ ។
លទ្ធផល
ក្នុងការសិក្សានេះ យើងកំណត់បានកូនត្រីចំនួន៦៤៨៥ ស្ថិតនៅក្នុង៣៥ប្រភេទ ដែលចាប់បាននៅទន្លេសាប ក្នុងនោះមាន៣អំបូរដែលមានបរិមាណច្រើន ដូចជាអំបូរ Clupeidae (២៦,១៨%) Gobiidae (៣០,៣៨%) Sumdasalangidae (១៧,៨៣%) ដែលស្មើនឹង ៧៤,៣៤% នៃចំនួនកូនត្រីដែលចាប់បានទាំងអស់ និងប្រភេទត្រីបណ្តូលអំពៅ Clupeoides borneensis គឺជាប្រភេទត្រីដែលជួបប្រទះច្រើនជាងគេ ។ វត្តមាននៃប្រភេទកូនត្រីក្រពត ត្រូវបានរកឃើញមាននៅក្នុងខែមករា ។ ប្រភេទត្រីបណ្តូលអំពៅ C. borneensis ឃើញមាននៅខែមករានិងខែកុម្ភៈ ។ ប្រភេទ Sundasaland praecox មានពីរខែ (ខែកុម្ភៈដល់ខែមីនា) កូនត្រីទាំងអស់ស្ថិតនៅក្នុងដំណាក់កាលកូនត្រីម្សៅ។ ប្រភេទកូនត្រីប្រាមានចំនួនតិចតួច មានវត្តមាននៅពាក់កណ្តាលខែមេសា ៕
ចែករំលែកព័តមាននេះ