ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចពិជ័យសេនា ទៀ បា.ញ់ កាត់ខ្សែបូ បើកសម្ពោធផ្លូវនៅ​តំបន់​ប្រវត្តិសាស្ត្រ ព្រំដែនថៃ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយថ្នាក់ដឹកនាំជានាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ និងនាយទាហានមួយចំនួនទៀត កាលពីថ្ងៃទី០៦…

ខេត្តពោធិ៍សាត់៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយថ្នាក់ដឹកនាំជានាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ និងនាយទាហានមួយចំនួនទៀត កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យ និងកាត់ខ្សែបូ បើកសម្ពោធផ្លូវនៅតំបន់ប្រវត្តិសាស្ត្រ និងសួរសុខទុក្ខយោធា​តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ អភិបាលខេត្តបាត់ដំបង មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការគ្រប់អង្គភាព ក្នុងខេត្តពោធិ៍សាត់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានជម្រាបជូនថា ស្រុកវាលវែង ជាតំបន់សំបូរទៅដោយភ្នំជាច្រើន ហើយពីអតីតកាល គ្មានបណ្ដាញផ្លូវគមនាគមន៍នោះទេ។ លក្ខណៈភូមិសាស្ត្របែបនេះ ជាការងាយស្រួលដល់កម្លាំងកម្ពុជាប្រជាធិបតេយ្យ នៅតែបន្តប្រកាន់និន្នាការនយោបាយធ្វើសង្គ្រាមយូរអង្វែង ដោយអនុវត្តយុទ្ធវិធីសង្គ្រាមឈ្លបបំផ្លិចបំផ្លាញ បង្កសោកនាដកម្មដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ពិសេសនៅតំបន់ឆ្ងាយៗខាងលើផ្លូវជាតិលេខ៥ នៅព្រំដែនកម្ពុជា‑ថៃ និងតាមបណ្ដោយផ្លូវលេខ៥៦ ដែលបច្ចុប្បន្នផ្លូវជាតិលេខ៥៥។ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ដោយធានាអាយុជីវិត តួនាទី មុខតំណែង ឋានន្តរស័ក្កិ និងការពារទ្រព្យសម្បត្តិកម្មសិទ្ធជូនផងនោះ ទើបប្រទេសកម្ពុជាយើងបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨។

ក្រោយពីប្រទេសជាតិមានសុខសន្តិភាព សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដួចផ្ដើមកសាងវិមានឈ្នះឈ្នះ ជាតំណាងការបង្រូបបង្រួមជាតិ​ ឯករាជ្យជាតិ  សាមគ្គីភាព  បូរណភាពទឹកដី  វឌ្ឍនភាព  និងវិបុលភាពនៃកម្ពុជាទាំងមូល។ ក្រោយទទួលផែនការពីថ្នាក់លើ យើងបានកំណត់តំបន់ប្រវត្តិសាស្ត្រយោធាតេជោក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន០៩គឺ៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោចិនយំ ភ្នំស្វារអិលរឺភ្នំ១៥០០ម៉ែត ភ្នំមាន់  ក្រពើពីរ ស្ពានជ័យជំនះ អូរសួស្ដី  ចំណោត៨៥ អន្លង់ក្រពើ និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំឱរ៉ាល់។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ហើយខ្សែបន្ទាត់តាមព្រំដែននេះជាសមរភូមិប្រយុទ្ធគ្នា យ៉ាងស៊ីសាច់ហុតឈាម រវាងកងទ័ពរដ្ឋាភិបាលជាមួយកងទ័ពខ្មែរក្រហម។

យើងបានលះបង់សាច់ស្រស់ឈាមស្រស់ជាមួយគ្រាប់រំសេវ គ្រាប់មីន ស្លាប់ ពិការភាព ប្រឈមនឹងជំងឺគ្រុនចាញ់ សត្វសាហាវ ឡើងភ្នំចុះភ្នំ ឆ្លងជ្រោះ ដាច់ស្បៀង ក្ដៅរងា និងគ្មានភាពកក់ក្ដៅជាមួយប្រពន្ធកូននោះទេ ដើម្បីប្រទេសជាតិនិងប្រជាជន។ សមរភូមិនីមួយៗ ជួបឧបសគ្គ និងមានភាពល្វីងជូរចត់គ្រប់បែបយ៉ាង ដូច្នេះហើយពេលនេះយើងត្រូវរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតាមកន្លែងនីមួយៗឡើងវិញ ដោយមានការឯកភាពយ៉ាងមុតមាំពីសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ យើងត្រូវរក្សាទីតាំង ស្លាកស្នាម ជីវប្រវត្តិ ដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ច្បាស់ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា ពិសេសឲ្យពួកគេដឹងថា ទំរាំបានដូចសព្វថ្ងៃនេះគឺឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ហើយនៅពេលដែលពួកគេបានយល់ដឹងហើយ ពួកគេនឹងជួយការពារជាបន្តទៀត។ យើងត្រូវដឹងគុណស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញគឺសម្ដេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះនេះ សម្ដេចពិជ័យសេនា បានផ្ដាំផ្ញើរដល់កងទ័ពទាំងអស់​ កុំភ្លេចបន្តនិងចាក់ថ្នាំការពារជំងឺកូវីដ១៩ ព្រមទាំងបានឧបត្ថម្ភមី សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ដល់គ្រប់អង្គភាពយោធា ដែលឈរជើងនៅក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ផងដែរ៕ ដោយ៖ សែម សុគន្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ