ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​បូម​ខ្សាច់​លក់​ចេញ​ទៅ​វៀត​ណាម​​ទាំង​យប់​ទាំង​ថ្ងៃ អត់​មាន​លក់​ក្នុងស្រុក​ទេ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​-​កណ្តាល ៖ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កាច​សាហាវ​ខ្លាំង ហើយ​កំពុង​ឆ្លង​រាលដាល​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ រួម​ទាំង​កម្ពុជា និង​វៀតណាម​ផង​ដែរ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​អោយ​មានការ​រាំងស្ទះ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​នេះ​ឡើយ ក្នុង​នោះ​បូក​រួម​ទាំង​ការ​នាំ​ខ្សាច់​ចេញពី​កម្ពុជា ចូល​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​ទាំង​យប់​ទាំង​ថ្ងៃ​។…

ខេត្តព្រៃវែង​-​កណ្តាល ៖ បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កាច​សាហាវ​ខ្លាំង ហើយ​កំពុង​ឆ្លង​រាលដាល​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ រួម​ទាំង​កម្ពុជា និង​វៀតណាម​ផង​ដែរ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​អោយ​មានការ​រាំងស្ទះ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​នេះ​ឡើយ ក្នុង​នោះ​បូក​រួម​ទាំង​ការ​នាំ​ខ្សាច់​ចេញពី​កម្ពុជា ចូល​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​ទាំង​យប់​ទាំង​ថ្ងៃ​។

គេ​បាន​សង្កេត​ឃើញ​ថា ក្រុម​សា​ឡង់​របស់​ឈ្មួញ នៅ​តែ​បន្ត​បូម​ខ្សាច់​ពី​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ស្រុក​លើក​ដែក ខេត្តកណ្តាល និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង លក់​ចេញ​ទៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​ទាំងថ្ងៃទាំងយប់​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ចុងឆ្នាំ​២០២០ ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​មក​ធ្វើ​វេទិកាសាធារណៈ​មួយ​នៅ​ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដើម្បី​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានដឹង​អំពី​ការ​ចេញ​អាជ្ញា​ប​ណ្ណ័​អោយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅ​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ស្រុក​លើក​ដែក និង​ស្រុក​ពាម​ជរ ហើយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ គឺ​មាន​តែ​១​គត់ គឺ​ក្រុម​ហ៊ុន​ចតុមុខ​រី​សស​សាប់​ផ្លា​យ ដែល​ក្នុង​នោះ​អនុញ្ញាតិ​អោយ​បូម​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ខ្សាច់​ដែល​បូម​បាន ត្រូវ​សល់​ពី​ផ្គត់ផ្គង់​ក្នុងស្រុក​រួច ទើប​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​បាន​។

ប៉ុន្តែ​ជាក់ស្តែង ចាប់តាំងពី​ក្រុមហ៊ុន​ចតុមុខ ចេញ​ធ្វើ​សកម្មភាព​មក ខ្សាច់​ទាំងអស់ មិន​ត្រូវ​បាន​លក់​នៅ​ក្នុងស្រុក​ឡើយ គឺ​គេ​បូម​លក់​ទៅ​ប្រទេស​វៀតណាម​ទាំងអស់​។

ប្រភព​ព័ត៌មាន​ដ៏​រ​ស៊ើប​មួយ​នេះ ដែល​ធ្លាយ​ចេញពី​អាជ្ញាធរ​មូលដ្ឋាន បានអោយ​ដឹង​ថា ក្រោយ​ពី​ក្រុមហ៊ុន​ចតុមុខ ចេញ​បូម​ខ្សាច់​លក់​ទៅ​វៀតណាម​បាន​មួយ​រយៈ ស្រាប់តែ​លេច​ចេញ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត បាន​ចេញ​មក​បូម​ខ្សាច់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដែរ ហើយ​រយៈពេល​មិន​ដល់​១​ខែ​ផង គឺ​នៅ​អំឡុង​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​ចំរុះ​មួយ​ក្រុម បាន​ឆ្មក់​ចាប់​ឃាត់​សា​ឡង់​ខ្សាច់​របស់​ក្រុមហ៊ុន​នេះ បាន​ចំនួន​៤​សា​ឡង់ ដោយ​អះអាង​ថា ជា​សា​ឡង់​ដឹក​ខ្សាច់​ខុសច្បាប់​។

ហើយ​ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន​មួយ​នេះ​ក៏​រលាយ​បាត់​ខ្លួន​ឈឹង រហូត​មក​ដល់​ពេល​នេះ​តែ​ម្តង ព្រោះ​ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​២​បាន​ទេ ម្ល៉ោះហើយ​នៅ​សល់​តែ​ក្រុមហ៊ុន​ចតុមុខ​១​គត់ ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​ក្អម​សំណរ ព្រោះ​សា​ឡង់​ជា​របស់​ឈ្មួញ​ខ្សាច់​វៀតណាម ម្ល៉ោះហើយ​បូម​ដាក់​ពេញ គេ​នាំ​ទៅ​ស្រុក​គេ​តែ​ម្តង​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ លោក ម៉ិ​ល គី​រី មេឃុំ​កោះ​ចេក បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចតុមុខ កំពុង​តែ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​រាល់ថ្ងៃ ដោយ​បូម​នៅ​ខាងក្រោយ​សាលាស្រុក​ពាម​ជរ តែ​គេ​បូម​នោះ​ត្រឹមត្រូវ​ចំ​ហ្សូ​ន​ដែល​ក្រសួង​កំណត់​ឬ​អត់​នោះ លោក​មិនដឹង​ទេ ព្រោះ​រាល់​ការងារ​ទាំងអស់ ខាង​ក្រុមហ៊ុន​មិន​ដែល​ប្រាប់​មក​ខាង​លោក​ឡើយ និយាយ​យ៉ាង​ខ្លី គឺ​គេ​មិន​ខ្វល់​នឹង​អាជ្ញាធរ​ឡើយ គេ​ធ្វើ​អី​ស្រេច​តែ​ចិត្ត​គេ​។

ហើយ​ចំពោះ​ប្រាក់​ឧបត្ថម្ភ​សំរាប់​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ដែល​ក្រសួង​ត​ម្រួ​វ​អោយ​ក្រុមហ៊ុន ជួយ​មក​ខាង​ឃុំ​នោះ ក៏​មិន​ដែល​ឃើញ​គេ​អោយ​ដែរ គឺ​អត់​សោះតែ​ម្តង​។

ដោយឡែក​លោក សេង ធា អភិបាលស្រុក​ពាម​ជរ ខេត្តព្រៃវែង បានអោយ​ដឹង​ថា ក្រុមហ៊ុន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នាំ​ចេញ​ទៅ​វៀតណាម នៅ​ក្នុង​ទឹកដី​ស្រុក​ពាម​ជរ មាន​តែ​១​ប៉ុណ្ណោះ​ដែល​មាន​អាជ្ញា​ប​ណ្ណ័ គឺ​ក្រុមហ៊ុន​ចតុមុខ ក្រៅពី​នោះ​លោក​មិន​បានដឹង​ទេ ហើយ​គេ​បូម​ខ្សាច់​ចំ​ហ្សូ​ន​កំណត់​ឬ​អត់? ក្នុង​១​ថ្ងៃ​គេ​បូម​ប៉ុន្មាន​សា​ឡង់? លោក​មិន​បានដឹង​ទេ ព្រោះ​ក្រុមហ៊ុន​គេ​មិន​បាន​សហការ ឬ​ផ្តល់​ព​ត៌​មាន​មក​អោយ​ខាង​ស្រុក​ឡើយ គឺ​គេ​រាយការណ៍​ទៅ​តែ​ខាង​ក្រសួង​រ៉ែ​១​ប៉ុណ្ណោះ តែ​អ្វី​ដែល​ខាង​ស្រុក​ដឹង គឺ​ខ្សាច់​ដែល​ក្រុមហ៊ុន​ចតុមុខ​បូម​នោះ គឺ​គេ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ទាំងអស់ អត់​មាន​លក់​នៅ​ក្នុងស្រុក​ទេ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ