រាជធានីភ្នំពេញ ៖ ប៉េអឹមខណ្ឌដូនពេញ បានឃាត់ខ្លួនយុវជនទំនើងប្រដាប់ដោយកាំបិតប៉័ងតោ ចំនួន២នាក់ នៅមុខផ្សារសូរិយាមល់ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ តុលា ខណៈពេលពួកគេបំរុងប្រើអំពើហិង្សាទៅលើក្រុមយុវជនម្ខាងទៀត ។ យុវជនទំនើង ដែលប៉េអឹមឃាត់ខ្លួន ១-ឈ្មោះភួង ម៉ាលីកា ហៅប៊ែល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះជួលម្តុំព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ២-ឈ្មោះផេង វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
ជនជាប់ចោទខាងលើបាននិយាយថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់នាំគ្នាចូលទៅកំសាន្តក្នុងក្លឹប DJ ដែលមានទីតាំងផ្ទះលេខ៧៥Eo ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បន្ទាប់រាំសប្យាយបានមួយសន្ទុះធំ ពួកគេក៏ចេញមកនៅខាងក្រៅក្លឹប ។ ខណៈពេលកំពុងឈរជជែកគ្នាលេង ក៏មាននារីបីនាក់ដែលស្គាល់គ្នាតាមរយៈក្លឹបកំសាន្ត DJ ឈរជាមួយដែរ ។ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីស្រាប់តែយុវជនមួយក្រុមមានបក្សពួកប្រហែលបួន-ប្រាំនាក់ បានចេញមកបង្កទំនាស់ដោយពាក្យសំដី ព្រមទាំងដេញវាយពួកគេទៀតផង ។
ពេលនោះ ពួកគេព្យាយាមរត់គេចខ្លួនមកដល់ផ្លូវលេខ៥១ មុខផ្សារសូរិយាមល់ ក៏បានយកកាំបិតប៉័ងតោ និងកាំបិតចិតបន្លែពីអ្នកលក់ដូរក្បែរនោះមកកាន់ នឹងដៃដើម្បីការពារខ្លួន ។ ស្របពេលនោះដែរកំលាំងប៉េអឹមដែលជិះម៉ូតូល្បាតប្រទះឃើញ ក៏ឃាត់ខ្លួនពួកគេតែម្តងទៅ ។ យុវជនទំនើងទាំងពីរនាក់ខាងលើបានបញ្ជាក់ថា ពួកគេតែងតែនាំគ្នាចូលរាំកំសាន្តនៅក្លឹប DJ រហូតមានសង្សារនៅទីនោះ មូលហេតុឈានដល់ទំនាស់ពាក្យសំដី ហើយវាយតប់គ្នានេះ ទំនងមកពីការដណ្តើមស្រីស្នេហ៍ ។ មន្ត្រីប៉េអឹមខណ្ឌដូនពេញបានប្រាប់ឱ្យដឹងថា យុវជនទំនើងខាងលើ និងវត្ថុតាងមានកាំបិតប៉័ងតោមួយ និងកាំបិតចិតបន្លែមួយត្រូវបានកសាងសំណុំរឿងបញ្ជូននៅបញ្ជាការប៉េអឹមរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ តុលា ២០១០ ៕
ចែករំលែកព័តមាននេះ