ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ប្រឆាំងកូវីដ១៩ ដាក់ទោសធ្ងន់​ដល់ជនល្មើស

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ការបង្កើតច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺជាច្បាប់ថ្មី​​បន្ថែម ​ដែល​កាន់តែធ្វើឲ្យ​រាជរដ្ឋាភិបាល ​មាន​ឧបករណ៍គតិយុត្តិ​ និងមធ្យោបាយ​កាន់​តែច្រើន​ថែមទៀត…

ភ្នំពេញ៖ ការបង្កើតច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺជាច្បាប់ថ្មី​​បន្ថែម ​ដែល​កាន់តែធ្វើឲ្យ​រាជរដ្ឋាភិបាល ​មាន​ឧបករណ៍គតិយុត្តិ​ និងមធ្យោបាយ​កាន់​តែច្រើន​ថែមទៀត ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​ នៅក្នុងប្រទេស​។

កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១​ រដ្ឋសភា បានប្រជុំ​ពិភាក្សា និង​អនុម័ត លើ​​សេច​ក្តី​ព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ​សេចក្ដីព្រាង​ច្បាប់ ដែលមាន ៦ជំពូក និង១៨មាត្រា បានកំណត់ទោសព្រហ្មទណ្ឌ ជាប់​ពន្ធនាគារ​ចំពោះ​អ្នកល្មើស និងបើកផ្លូវឱ្យ រាជរដ្ឋាភិបាល បិទតំបន់ផ្ទុះរាលដាលជំងឺឆ្លង​​ទាំងនោះ​។

​សេចក្ដីព្រាង​ច្បាប់នេះ បានចែងកំណត់កម្រិតទោសព្រហ្មទណ្ឌ ចំពោះអ្នកល្មើស  និងបើក សិទ្ធិឱ្យ​រាជរដ្ឋាភិបាល បិទតំបន់ពាក់ព័ន្ធបាន។ មាត្រា​​៤​ ​នៃសេចក្តី​ព្រាង​ច្បាប់នេះ រដ្ឋាភិបាល​​​​កម្ពុជា​ ​​អាច​​ដាក់​ចេញ​នូវ​​វិ​ធានការមួយចំនួនជាបណ្តោះអាសន្ន​ រួមមាន ហាមឃាត់ ការធ្វើដំណើរ ហាម​ឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និងហាមឃាត់ សកម្មភាពការងារនៅកន្លែងណាមួយ និងអាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាល។

មាត្រា៥ ក្នុងច្បាប់នេះ បាន​កំណត់ថា ទីតាំងអាជីវកម្ម នឹងត្រូវបិទចោល ព្យួរ ឬដកហូតអាជ្ញាបណ្ណ បើទីតាំងអាជីវកម្មនោះ មិនអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ខណៈ​មាត្រា៦ ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នក ដែលលួចរត់ចេញ​ពីកន្លែង ធ្វើចត្តាឡីស័ក  ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវពិន័យប្រាក់ពី ២លានរៀល ដល់ ១០លានរៀល ព្រមទាំងត្រូវជាប់​ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ។ ​

ចំពោះអ្នកគេចវេះពីការព្យាបាល​ជំងឺកូវីដ-១៩​ ឬលួចរត់ចេញពីកន្លែងព្យាបាល ត្រូវពិន័យពី ៥លានរៀល ដល់ ២០លានរៀល ព្រមទាំងអាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់​ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។ នេះបើតាមមាត្រា៨នៃសេចក្តីព្រាងច្បាប់​ដដែលនេះ​។

កាន់តែធ្ងន់ជាង​នេះ មាត្រា៩ នៃសេចក្តីព្រាងច្បាប់ថ្មី ដែលរដ្ឋសភាទើបប្រជុំអនុម័ត​នេះ បានចែង​ថា អ្នក​ដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើចេតនាក្នុងការចម្លងដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើង ដោយមានការរៀបចំជាក្រុម ឬមានអង្គការចាត់តាំង អ្នកនោះ នឹងត្រូវជាប់​ពន្ធនាគារ កាន់តែយូរ គឺពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។

​រាជរដ្ឋាភិបាល បានបង្កើតច្បាប់ថ្មីនេះ ដើម្បីជាឧបករណ៍គតិយុត្តិបន្ថែម​លើវិធានការ​នានា ដែល​បានដាក់ចេញនាពេលកន្លងមក ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប ចំពោះ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងបំណង ធានាឲ្យ​បាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ សង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។

​ការបង្កើត​ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ខណៈដែល​ប្រទេស​កម្ពុជាយើង កំពុងប្រឈម​នឹង​ការឆ្លងរាលដាល​ជំងឺកូវីដ​១៩​ ក្នុង​​ព្រឹត្តិ​ការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ។ ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០កុម្ភៈ គិតមកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ​មានអ្នកឆ្លងកូវីដ កើនឡើងដល់ ៤២៥នាក់។ អ្នកជំងឺទាំងនោះ នៅភ្នំពេញច្រើនជាងគេ បន្ទាប់មកនៅ ខេត្តព្រះសីហនុ នៅខេត្ត​កណ្តាល​ នៅខេត្តស្វាយរៀង និងនៅខេត្ត​កោះកុង​។ អ្នកជំងឺភាគច្រើន ជាជនជាតិចិន​។​

តាមសេចក្តីរាយការណ៍ ជនជាតិចិន ហាក់ដូចជា ពិបាក​គ្រប់គ្រង​​បន្តិច​។ ដូច្នេះហើយ ​បានជា​នៅមណ្ឌលចត្តាឡីស័ក​ ដែលមានចិន​ស្នាក់នៅសម្រាក​តាមដានជំងឺ និងព្យាបាលជំងឺកូវីដ ត្រូវបានរឹត​បន្តឹង ដោយ​ក្រុម​អ្នកយាម ជាកងកម្លាំង​ប្រដាប់​អាវុធចម្រុះ មានកាំភ្លើង ដំបងឆក់ ខ្នោះ និងឧបករណ៍ជាច្រើនទៀត សម្រាប់ទប់ស្កាត់ ដើម្បីធានាថា មិន​មានអ្នករត់ចេញ ឬបំពាន​​បំរាមចត្តាឡីស័ក និងរត់ចេញ​ពីកន្លែង​ព្យាបាលឡើយ​។

កាលពីពេល​ផ្ទុះការឆ្លងរាលដាលកូវីដ១៩ រាជរដ្ឋាភិ​បាល ក៏​បានសម្រេច​ឲ្យ​​បណ្តេញ ចេញពីកម្ពុជា ចំពោះជន​បរទេសណា ដែលគេចវេះ ឬក៏ល្មើស​បំរាមធ្វើចត្តាឡីស័ក និង​មិនសហការ​ ក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងកូវីដ១៩ នេះដែរ​។​

កន្លងមក រាជរដ្ឋាភិ​បាល ក៏បានចាត់វិធានការរួចហើយដែរ ដោយបង្កើនប្រាក់​ផាក​ពិន័យ​លើអ្នកគេចវេះ​ពីការធ្វើចត្តាឡីស័ក ឬក៏កន្លែងព្យា​បាល រួមទាំង​ចាត់វិធានការ​លើមេខ្យល់​ ជាដើម​។ ប៉ុន្តែច្បាប់ថ្មី ដែលរដ្ឋសភា ទើបតែអនុម័ត​ នៅពេលនេះ ក៏កាន់តែ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ អាច​ប្រើ​ប្រាស់វិធានការ​កាន់តែមាន​ប្រសិទ្ធភាពថែមទៀត ក្នុងការ​ទប់​ស្កាត់​​ការឆ្លងរាលដាល​កូវីដ​១៩​។​

ក្រៅពី​នេះ អាជ្ញាធរសមត្ថកិច្ច ដែលចុះ​អនុវត្ត​ផ្ទាល់ ក៏ត្រូវតែម៉ឹងម៉ាត់ ហ្មត់ចត់ កុំ​គិត​ពីប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈការស៊ីលុយ​របស់​អ្នក ដែលធ្វើចត្តាឡីស័ក ឬអ្នកជំងឺ​ណា ហើយ​រួមដៃ ដោះលែង​ ជម្លៀសអ្នកនោះ ចេញពីកន្លែងចត្តាឡីស័ក​។ ករណី​សន្តិសុខម្នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ គឺជាឧទាហរណ៍ ដោយបានរួមដៃ រំដោះ​ស្ត្រីចិនម្នាក់ ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលក្រោយមកស្ត្រីនោះ ត្រូវបានរក​ឃើញកើតកូវីដ១៩​។ រីឯបុរសសន្តិសុខនោះ ក៏ត្រូវចាប់ឃុំខ្លួន​ បញ្ជូន​ទៅកាត់ទោស​ផងដែរ​។​ នេះក៏ព្រោះ តែចង់បានលុយខុសរបៀ​ប មិនគិតវែងឆ្ងាយពី​ការឆ្លង​រាលដាលជំងឺកូវីដ​១៩ ក្នុងសង្គមយើងនោះទេ​។

មួយវិញទៀត អ្នកដែលជាប់ធ្វើចត្តាឡីស័ក ឬក៏ជាអ្នកជំងឺសម្រាកព្យាបាល ក៏ត្រូវតែ អនុវត្តតាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច ពិសេសគ្រូពេទ្យឲ្យ​បានត្រឹមត្រូវ។ មិន​យូរទេ ១៤ថ្ងៃ ហើយក៏មិនយូរដែរ ការសម្រាក​ព្យាបាលជំងឺ។

ផ្ទុយទៅវិញ បើអ្នកនោះ ល្មើសនឹងបំរាមវិញ គឺមិនត្រឹម​តែត្រូវផាកពិន័យ ហើយត្រូវប្រឈមនឹងជាប់គុកទេ តែក៏អាចបង្ក​គ្រោះថ្នាក់ខ្លួនឯង ក្រុមគ្រួសារ និង​មិត្តភក្តិ ព្រមទាំង​អាច​នាំបញ្ហាដល់អ្នកដទៃ និងសង្គមជាតិយើងទាំងមូលថែមទៀតផង​។ ដូច្នេះមានតែការចូលរួមទាំងអស់គ្នាទេ ដើម្បីយើងអាចការពារ និង​ទប់ស្កាត់ការឆ្លងកូវីដ១៩ ពិសេស​ក្នុងកាលៈទេសៈដ៏លំបាកនេះ៕