ខេត្តមណ្ឌលគិរី ៖ យោងតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធជាសេនាធិការ ជួយការពារដីចម្ការវិលជុំដែលជាកេរដំណែលពីដូនតា ខណៈពួកគេនៅតែរក្សាប្រពៃណីធ្វើចម្ការវិលជុំតាមទំនៀមទម្លាប់ជារៀងតៗមក។

លោក ញ៉ាន ស្រេវ ដែលជាចាស់ទុំនៅសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិពូរ៉ាង ឃុំសែនមនោរម្យបានថ្លែងថា ជនជាតិដើមភាគតិចព្នង មិនអាចបោះបង់ទំនៀមទម្លាប់នៃការធ្វើស្រែចម្ការវិលជុំនោះឡើយ ដោយវាជាជំនឿទៅលើអារក្សអ្នកតាព្រៃរបស់ពួកគេ។
លោកបានរៀបរាប់ថា មុនពេលចូលទៅធ្វើចម្ការវិលជុំនៅតំបន់ណាមួយ ពួកគេត្រូវធ្វើពិធីសែនព្រេន ដើម្បីប្រាប់ជាដំណឹងទៅដល់អារក្សអ្នកតាព្រៃ ។ លុះសែនព្រេនរួចហើយ ទើបចូលទៅកាប់ឆ្ការដើមឈើនៅទីនោះចំនួនពីរបីដើមនៅថ្ងៃដំបូងសិន រួចក៏ត្រឡប់មកផ្ទះ ដើម្បីរង់ចាំដេកយល់សប្តិដើម្បីប្រាប់ពីប្រផ្នូលសិន ។

ប្រភពបានឱ្យដឹងទៀតថា បើអារក្សអ្នកតាមកយល់សប្តិថា ល្អទើបអាចធ្វើស្រែចម្ការវិលជុំនៅទីនោះបាន តែបើប្រផ្នូលមិនល្អទេ គឺមិនអាចបន្តធ្វើស្រែចម្ការវិលជុំនៅកន្លែងនោះបានទេ គឺត្រូវរើទៅកាន់កន្លែង ឬក៏តំបន់មួយទៀត ដែលពួកគេទុកចោលច្រើនឆ្នាំមកហើយ។
ការធ្វើចម្ការវិលជុំ គឺជាទំនៀមទម្លាប់តាំងពីបុរាណនៃសហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា។ ចម្ការវិលជុំ មានន័យថា ធ្វើចម្ការ និងសង់ខ្ទមដាំស្រូវ ដាំពោត សណ្ដែកត្រសក់ ត្រឡាចល្ពៅ ជាដើម ដោយផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ដោយកន្លែងខ្លះទុកចោលរាប់សិបឆ្នាំក៏មាន ទើបពួកគេវិលទៅធ្វើម្ដងទៀត។

តាមសម្ដីរបស់ជនជាតិដើមភាគតិចព្នងនៅទីនោះបានឱ្យដឹងថា សហគមន៍ពួកគេ នៅបន្តរក្សាប្រពៃណីបូតស្រូវនៅពេលទុំ ក្នុងចម្ការវិលជុំរបស់ពួកគេ ដែលដាំទៅដោយបន្លែបង្ការចម្រុះ។
លោក សុផា សុគន្ធណារុង្គ តំណាងក្រសួងបរិស្ថាន បានឱ្យដឹងថា វិធានគ្រប់គ្រងសហគមន៍ជនជាតិដើមភាគតិច ត្រូវបានទទួលស្គាល់ទៅលើដីធ្លីរបស់សហគមន៍រួមមាន ដីលំនៅឋាន ដីសម្រាប់ដាំដុះជាក់ស្តែង ដីបម្រុងចម្ការវិលជុំ និងទីតាំងដីគម្របព្រៃសម្រាប់គោរពបូជា ដូចជា ព្រៃអារក្ស ឬព្រៃតម ឬអន្លង់តម និងដីព្រៃកប់ខ្មោច។

ចម្ការវិលជុំមួយកន្លែងមានដីពីរទៅបីហិកតា ដោយដាំស្រូវនិងដំណាំជាច្រើនមុខទៀតរាល់ឆ្នាំរហូតដីអស់ជីជាតិ ទើបផ្លាស់ទៅកន្លែងថ្មី ។ ពេលទៅធ្វើចម្ការនៅកន្លែងថ្មីបាន៣ ទៅ៤ឆ្នាំ ដីអស់ជីជាតិ ទើបវិលមកទីតាំងចម្ការពីដំបូងវិញ។ ពេលធ្វើចម្ការវិលជុំនេះដែរ ចម្ការដែលគេបោះបង់ចោល ក្លាយទៅជាដុះព្រៃ ធ្វើឱ្យដីមានជីជាតិឡើងវិញ ។ គេក៏កាប់ព្រៃដុតសម្អាតធ្វើចម្ការម្ដងទៀត ៕


ចែករំលែកព័តមាននេះ