បាតុកម្ម​ដ៏​បង្ហូរឈាម! អ្នក​បាត់​បង់​ជីវិត​ដល់​៥៤​នាក់ អំពាវនាវ​ឲ្យ​ឈប់​​ផ្តាច់​ជីវិត​​​បាតុករ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ដ៏​បង្ហូរឈាម! អ្នក​បាត់​បង់​ជីវិត​ដល់​៥៤​នាក់ អំពាវនាវ​ឲ្យ​ឈប់​​ផ្តាច់​ជីវិត​​​បាតុករ

1 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រមុខ​សិទ្ធិ​មនុស្ស​អ​.​ស​.​ប លោកស្រី MICHELLE BACHELETបាន​​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៤ មីនា ដល់​កងទ័ព​មីយ៉ា​ន់​ម៉ា​ឲ្យ​បញ្ឈប់​ការ​ផ្តាច់​ជីវិត​ ​និង​ចាប់​ឃុំឃាំង​ពួក​បាតុករ ។…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រមុខ​សិទ្ធិ​មនុស្ស​អ​.​ស​.​ប លោកស្រី MICHELLE BACHELET
បាន​​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៤ មីនា ដល់​កងទ័ព​មីយ៉ា​ន់​ម៉ា​ឲ្យ​បញ្ឈប់​ការ​ផ្តាច់​ជីវិត​ ​និង​ចាប់​ឃុំឃាំង​ពួក​បាតុករ ។

យោង​តាម​ព​ត៌​មាន​នានា​ដែល​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​សិទ្ធិ​មនុស្ស​ទទួល​បាន​ថា មនុស្ស​យ៉ាងតិច​៥៤​នាក់​បាន​បាត់​បង់​ជីវិត និង​ជាង​១.៧០០​នាក់​ចាប់ខ្លួន តាំងពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ​មក ។ ប៉ុន្តែ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​អាច​មាន​ខ្ពស់​ជាងនេះ​ទៀត ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ដែល​គេ​រាយ​ការណ៍​យ៉ាងតិច​៣៨​នាក់​ត្រូវ​​បាត់​បង់​ជីវិត​ក្នុង​ទីក្រុង​ជា​ច្រើន​គ្រាន់តែ​នា​ថ្ងៃ​ទី​៣​មីនា​តែ​មួយ​គត់ ។

បេសកជន អ​.​ស​.​ប ទទួល​បន្ទុក​ស៊ើ​ប​អង្កេត​លើ​សិទ្ធិ​មនុស្ស​នៅ​មី​យ៉ា​ន់​ម៉ា បាន​អំពាវនាវ​កាល
ពី​ថ្ងៃ​ទី​៤ មីនា ឲ្យ​មានទណ្ឌ​កម្ម​កាន់តែ​ទូលាយ ប្រឆាំង​រដ្ឋាភិបាលយោធា ដែល​លោក​​ចោទ​ប្រកាន់​ថា​បាន​ធ្វើឃាត​និង​ចាប់ខ្លួន​ដោយ​ខុសច្បាប់ បាតុករ​ដោយ​សន្តិវិធី​ច្រើន​នាក់​ចាប់តាំងពី
រដ្ឋប្រហារ​មក ។

Picture

លោក THOMAS ANDREWS ស្នើ​ដល់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​រួម​ប្រជុំ​នា​ថ្ងៃ​ទី​៥ មីនា ដើម្បី​ពិភាក្សា​ពី​សភាពការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ឲ្យ​ដាក់​ការ​ហ៊ុម​ព័ទ្ធ​អាវុធ និង​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​បណ្ដា​សមាជិក​របប​យោធា ។ លោក​ក៏​ស្នើ​ផង​ដែរ​ដល់​ក្រុមប្រឹក្សា​សន្តិ​សុខ​ឲ្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ប្រព្រឹត្ត​អំពើ​សាហាវព្រៃផ្សៃ ដែល​លោក​ចាត់​ទុក
ថា​ជា​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។

នៅ​មី​យ៉ា​ន់​ម៉ា​ការ​​បាត់​បង់​ជីវិត​​របស់​យុវនារី​ម្នាក់ អាយុ​១៩​ឆ្នាំ ដោយ​គ្រាប់កាំភ្លើង​ពេល​នាង​ចូលរួម​ក្នុង​បាតុកម្ម កាលពី​ថ្ងៃ​ទី​៤ មីនា​ក្នុង​ពិធី​បញ្ចុះសពនាង​នៅ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ បាន​ក្លាយជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​អំពើ​ហិង្សា​បង្ហូរឈាម​របស់​របប​យោធា​មី​យ៉ា​ន់​ម៉ា ។ យុវនារី​រូប​នោះ​មានឈ្មោះ​ថា KYAL SIN ហៅ​ANGE ជា​សិល្បការិនី​ខាង​របាំ​និង​សៀ​ក​រហ័ស​កម្ម ។

ប៉ុន្មាន​ថ្ងៃមុន​ពេល​នាង​​បាត់​បង់​ជីវិត​​នាង​បាន​សេ​សេរ​តាម FACEBOOK ប្រាប់ពី​ក្រុម​ឈាម​របស់​នាង និង​ការ​យល់ព្រម​របស់​នាង​ធ្វើ​អំណោយ​សរីរាង្គ​នានា បើ​នាង​ត្រូវ​ជួប​រឿង​អ្វីមួយ ។ យុវនារី​រូប​នោះ​ត្រូវ​បាញ់​បាន​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​៣ មីនា ដោយ​កងកម្លាំង​សន្តិសុខ​ក្នុងឱកាស​នៃ​បាតុកម្ម​នៅ​ទីក្រុង​ម៉ា​ន់​ដា​ឡៃ​ភាគ​កណ្ដាល​ប្រទេស ។ នា​ថ្ងៃ​នោះ​បាតុករ​ដល់​៣៨​នាក់ ត្រូវ​​​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​ជា​ថ្ងៃ​ដ៏​បង្ហូរឈាម​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo