លួច​បន្ត​គ្នា​ផ្អើល​! លួច​កង់​ប្តូរ​យក​ម៉ូតូ រួច​មក​ប្តូរ​យក​ឡាន ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​​ទៀត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បន្ត​គ្នា​ផ្អើល​! លួច​កង់​ប្តូរ​យក​ម៉ូតូ រួច​មក​ប្តូរ​យក​ឡាន ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​​ទៀត

1 ខែ មុន
  • Prey Veng

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ និង​មា​ន​សតិ​មិន​គ្រប់ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​វត្ត​ឈូក ស្ថិត​ក្នុង​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ និង​មា​ន​សតិ​មិន​គ្រប់ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​វត្ត​ឈូក ស្ថិត​ក្នុង​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១​នេះ បុរស​រូប​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ល្មើសច្បាប់​ព្រហ្មទណ្ឌ ដោយសារ​តែ​របូត​ច្រ​វ៉ា​ក់​ដាក់​.​ក​.​ជើង រួច​ក៏​ទៅ​ធ្វើ​សកម្មភាព​លួច​កង់ លួច​ម៉ូតូ និង​លួច​រថយន្ត​ទៀត​ក្នុង​ពេល​តែ​មួយ លុះ​ចុង​ក្រោយ​ក៏​បើក​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ ហើយ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់ច្រវ៉ាក់​ជើង​វិញ​តែ​ម្តង ។

សូម​បញ្ជាក់​ថា បុរស​ខាងលើ​នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​ជាង​៣០​ឆ្នាំ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ផ្ញើ​ទុក​ក្នុង​វត្ត​ឈូក នៅ​ឃុំ​ស៊ា​ង​ឃ្វាង ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ឲ្យ​ព្រះសង្ឃ​ដែល​ជា​ព្រះ​ចៅអធិការ​វត្ត ស្រោច​ទឹកមន្ត​ប្រោស​ព្រហ្ម និង​ប្រើប្រាស់​ថ្នាំ​ព្យាបាល ព្រោះតែ​បុរស​រូប​នេះ​ជា​មនុ​ស្សមានភាព​មិន​ប្រក្រតី និយាយ​ច្រើន ដើរ​ច្រើន រ​ពិស​នៅ​មិន​ស្ងៀម​មួយ​កន្លែង​ទេ គ្រាន់តែ​គាត់​ជា​មនុស្ស​មិន​កោងកាច​ដាក់​អ្នក​ដទៃ​ប៉ុណ្ណោះ ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់ច្រវ៉ាក់​.​ជើង​.​ជាប់​រហូត​ផង​ដែរ ។

Picture

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ បុរស​រូប​នោះ​បាន​របូត​ច្រ​វ៉ា​ក់​ពី​ជើង ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​កង់​១​គ្រឿង​របស់​ពុទ្ធបរិស័ទ​ដែល​ទៅ​ស្រោច​ទឹក​ក្នុង​វត្ត រួច​ក៏​ជិះ​ចេញ​ទៅ​បាត់​ទាំង​ព្រឹក ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​អ្នកស្រុក​រស់នៅ​ភូមិ​ទ្រា ឃុំ​ស៊ា​ង​ឃ្វាង ដែល​មាន​ចម្ងាយ​ពី​វត្ត​ឈូក ប្រមាណ​៥​គីឡូម៉ែត្រ មានការ​ឆោឡោ​បាត់​ម៉ូតូ​១​គ្រឿង​ត្រូវ​ចោរលួច ខណៈនោះ​ម្ចាស់​ម៉ូតូ​បាន​ស្វែងរក​ភ្លាម​ៗ​ដែរ ប៉ុន្តែ​រក​មិនឃើញ ឃើញ​តែ​កង់​កញ្ចាស់​១​គ្រឿង​ដែល​ចោរ​ទុក​ចោល​ទីនោះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រំលង​បាន​បន្តិច​ក្រោយមក ក៏​មានការ​ភ្ញាក់ផ្អើល​ម្តងទៀត​នៅ​ភូមិ​ឬ​ស្សី​ជុក​១ ឃុំ​ស៊ា​ង​ឃ្វាង​ដដែល​ថា មាន​ករណី​ចោរលួច​យក​រថយន្ត​១​គ្រឿង​បាត់ ដែល​រថយន្ត​នោះ​ជា​ប្រភេទ​៣​តោន​ដែល​ម្ចាស់​ទុក​សម្រាប់​ដឹក​នំ​លក់​ប្រចាំ​ថ្ងៃ ហើយ​នៅ​កន្លែង​កើតហេតុ​ដែល​បាត់​រថយន្ត​នោះ ក៏​បាន​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ទាំង​៣​ករណី​ខាងលើ​នេះ​បាន​មួយសន្ទុះ​មក​ទៀត ក៏​ស្រាប់តែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ថ​យន្ត​ដឹក​នំ​បើក​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​លើ​ផ្លូវលំ វាលស្រែ ចម្ងាយ​ពី​ភូមិ​ឬ​ស្សី​ជុក​១ ប្រមាណ​៣​គីឡូម៉ែត្រ ។ ករណី​រថយន្ត​បុក​ម៉ូតូ​រ៉ឺ​ក​ម៉ក​ម៉ូតូ​នោះ មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស ឬ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ គ្រាន់តែ​ខូចខាត​រ៉ឺ​ក​ម៉ូតូ​តិចតួច​ប៉ុណ្ណោះ ។

ហើយ​ពេល​នោះ​ម្ចាស់​ម៉ូតូ​រ៉ឺ​ក​ម៉ក​បាន​ស្ទុះ​ទៅ​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​ជាប់ ដើម្បី​ទុក​ដោះ​ស្រាយ​​សំណង ដោយ​អះអាង​ថា ខាង​អ្នកបើកបរ​រថយន្ត​ជា​អ្នក​ខុស ។ លុះ​ពេល​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​ចាប់​អ្នក​បើករថយន្ត​បាន​ភ្លាម ទើប​កើតការ​ស្រ​ឡាំ​កាំ​ង ដោយសារ​អ្នក​បើករថយន្ត​នោះ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ព្រោះថា​និយាយ​គ្នា​មិនដឹង​រឿង លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បែក​ពពុះមាត់ ទើប​ដឹង​ថា គាត់​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ ។

Picture

ពាក់ព័ន្ធ​នឹង​ករណី​រថយន្ត​បើក​ទៅ​បុក​ម៉ូតូ​រ៉ឹ​ម៉ក​ខាងលើ​នោះ ម្ចាស់​ម៉ូតូ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស៊ា​ង​ឃ្វាង ដើម្បី​ឲ្យ​ចុះ​ទៅ​ជួយ​ដោះស្រាយ​ដែរ លុះ​ពេល​នគរបាល​ទៅ​ដល់​ក៏​ធ្វើការ​ឃាត់​អ្នកបើកបរ​រថយន្ត ប៉ុន្តែ​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ​។

មិនយូរ​ប៉ុន្មាន ស្រាប់តែ​ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បែកធ្លាយ​ដឹង​ដល់​ព្រះ​ចៅអធិការ​វត្ត​, ម្ចាស់​កង់​, ម្ចាស់​ម៉ូតូ និង​ម្ចាស់​រថយន្ត ដែល​ត្រូវ​បុរស​រូប​នោះ​លួច​ទៅ​ជួបជុំ​គ្នា​យក​កង់​, ម៉ូតូ​និង​រថយន្ត​ជា​របស់​ខ្លួន​វិញ ។ ចំណែកឯ​បុរស​ដែល​មាន​ជំងឺសរសៃប្រសាទ​នោះ ក៏​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ដាក់ច្រវ៉ាក់​ជើង​ទុក​ក្នុង​វត្ត​ឈូក​វិញ ដើម្បី​ព្យាបាល​ជំងឺ​បន្ត ៕