ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​​១ថ្ងៃ​ មនុស្ស​បាត់​ជីវិត​យ៉ាងតិច​៣៨​នាក់ ក្នុង​ទិវា​បង្ក្រាប​បាតុករ​ដ៏​បង្ហូរ​ឈាម (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ​.​ស​.​ប​រាយការណ៍​ថា មនុស្ស​ដល់​ទៅ​៣៨​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត កាល​ពី​ថ្ងៃ​ទី​៣ ខែ​​មីនា ឆ្នាំ២០២១ ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​​កុម្ភៈ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ​.​ស​.​ប​រាយការណ៍​ថា មនុស្ស​ដល់​ទៅ​៣៨​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត កាល​ពី​ថ្ងៃ​ទី​៣ ខែ​​មីនា ឆ្នាំ២០២១ ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​​កុម្ភៈ ដែល​នោះ​ជា​ទិវា​ដ៏​បង្ហូរឈាម​ធំ​បំផុត​មួយ ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ពួក​យោធា​ដណ្ដើម​អំណាច​មក​។

សាក្សី​ទាំងឡាយ​បាន​​និយាយ​ថា ប៉ូលិស​ និង​កងទ័ព​បាន​បាញ់​គ្រាប់​ពិត​លើ​ពួក​អ្នក​តវ៉ា​។​ សកម្ម​ជន​វ័យក្មេង​ម្នាក់​អះអាង​ប្រាប់​រ៉​យ​ទ័​រថា ពិតជា​សែន​ទារុណ​ដែល​នោះ​ជា​ការ​ផ្តាច់​ជីវិត​​រង្គាល​មួយ។ មិន​អាច​យកពាក្យ​អ្វី​មក​និយាយ​ប្រៀបផ្ទឹម​ទៅ​នឹង​សភាពការណ៍​នោះ​បាន​ឡើយ​។

អង្គការ​មនុស្សធម៌ ​SAVE THE CHILDREN បាន​​ថ្លែង​ថា ក្មេង​ជំទង់​៤​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នកដែល​បាត់​បង់​ជីវិត​។ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រៀបរាប់​ពី​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់។

នៅ​ក្រុង​ញ៉​វ​យ៉​ក ​បេសកជន​ពិសេស​អ​.​ស​.​ប​សម្រាប់​មី​យ៉ា​ន់​ម៉ា លោកស្រី ​CHRSTINE SCHRANER BURGENER​ ក៏​បាន​ថ្លែង​ថា ពេល​នេះ​ជា​ថ្ងៃ​ដ៏​បង្ហូរឈាម​​ធំ​បំផុត​មួយ ចាប់តាំងពី​រដ្ឋប្រហារ​មក​។ តែ​មួយ​ថ្ងៃ ​មាន​មនុស្ស​​បាត់​បង់​ជីវិត​​ដល់​ទៅ​៣៨​នាក់​។ រហូត​មក​ទល់​ពេល​នេះ​ ចំនួន​អ្នក​បាត់​បង់​ជីវិត​​​សរុប​ដោយសារ​ការ​បង្ក្រាប បាតុកម្ម​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ឡើង​ដល់​ជាង​៥០​នាក់​​ហើយ តាំងពី​រដ្ឋប្រហារ​មក ហើយ​មនុស្ស​ច្រើន​រយ​នាក់​រង​របួស​។

នៅ​ក្រុង​រ៉​ង់​ហ្គូ​ន ​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស មនុស្ស​យ៉ាងតិច​៨​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ក្នុង​នោះ​៧​នាក់​នា​វេលា​លា្ងច ក្រោម​ការ​បាញ់ប្រហារ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ ក្នុង​សង្កាត់​មួយ​នា​ភាគ​ខាងជើង​ក្រុង​។ នៅ​ក្រុង​ម៉ូ​នី​វ៉ា​ នា​ភាគ​កណ្ដាល​ប្រទេស មនុស្ស​៦​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត។ ​ចំណែក​មនុស្ស​២​នាក់​បាត់​បង់​ជីវិត​​នៅ​ក្រុង​ម៉ា​ន់​ដា​ឡៃ ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​។ ចំណែក​មនុស្ស​២​នាក់​ទៀត​បាត់​បង់​ជីវិត​​​នៅ​ទីក្រុង​រ៉ែ​ HPAKANT​ ភាគ​ខាងជើង​ប្រទេស​។ និង​មនុស្ស​ម្នាក់​​បាត់​បង់​ជីវិត​ ​នៅ​ក្រុង ​MYINGYAN ភាគ​កណ្ដាល​ប្រទេស​។

អំពើ​ហិង្សា​ទាំងនោះ ​កើត​មាន​បន្ទាប់​ពី​ការ​អំពាវនាវ​មួយឲ្យ​មានការ​អត់ធ្មត់​ពី​សំណាក់​រដ្ឋមន្ត្រី​ការ​បរទេស​បណ្ដា​ប្រទេស​អាស៊ាន​។ តែ​មាន​ប្រទេស​អាស៊ាន​តែ​៤​ប៉ុណ្ណោះ​ គឺឥណ្ឌូ​ណេ​ស៊ៅ ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន ​និង​សិង្ហ​បុរី ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ស្នើ​ឲ្យ​របប​យោធា​ដោះ​លែង​លោកស្រី​ អ៊ួ​ង​ សាន់​ស៊ូ​ជី មេដឹកនាំ​ស៊ីវិល ​និង​ឲ្យ​ស្ដារ​ឡើង​វិញ​លទ្ធិប្រជាធិបតេយ្យ​។

សម្ដេច​ប៉ាប​កាតូលិក​ហ្វ្រ​ង់​ស្វ័​រ ​តាម ​TWITTER បាន​សម្ដែង​ការ​ក្ដុកក្ដួល​ចំពោះ​ព័ត៌មាន​ពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ថ្មី និង​ស្នើ​ឲ្យ​មានការ​ចរចា​ចៀសវាង​ការ​បង្ក្រាប​។ ចំណែក​សហភាព​អឺរ៉ុប​វាយតម្លៃ​ថា ការ​បាញ់​លើ​បណ្ដាជន​ស៊ី​វិល ដែល​គ្មាន​អាវុធ ឬ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ​គឺជា​ការ​រំលោភ​បំពាន ជាក់ស្ដែង​លើ​ច្បាប់​អន្តរជាតិ​។ សហភាព​អឹ​រ៉ុ​ប​ក៏​ចោទប្រកាន់​ដែរ​ដល់​ពួក​យោធា​មី​យ៉ា​ន់​ម៉ា​ថា បង្កើន​ការ​បង្ក្រាប​លើ​បណ្ដា​សារព័ត៌មាន ដោយ​រៀបរាប់​ពី​ចំនួន​អ្នកកាសែត​កាន់តែ​ច្រើន ត្រូវ​ចាប់ខ្លួន​និង​រង​ការ​ចោទប្រកាន់​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​MYANMAR NOW ​ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​បាតុករ​ប្រមាណ​ជា​៣០០​នាក់​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន​។ ​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​បណ្ដា​យុវ​ជន​ទាំងប្រុស​ទាំងស្រី​ត្រូវ​គេ​ឲ្យ​លើកដៃ​ដាក់​លើ​ក្បាល ចាប់​ដឹក​តាម​រថយន្ត​កា​មី​ញ៉ុ​ង​យោ​ថា ក្រោម​ការ​ត្រួតពិនិត្យ​ពី​សំណាក់​កង​ទាហាន​និង​ប៉ូលិស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ