ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​វាយលុក​មែន តែ ហែម​ថុ​ន វិ​ទិ​នី នៅ​តែ​សម្រេច​ផែនការ​​ថ្មី​មួយ​បន្ថែម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​ទទួល​ជោគជ័យ​ក្នុង​ការ​ឈោង​ចាប់​តំណែង​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​កីឡា​ប៉ុណ្ណោះ​ទេ អតីត​កីឡាការិនី​ហែល​ទឹក ដែល​មាន​រូប​សម្រស់​ស្រស់​សោភា កញ្ញា ហែម​ថុ​ន វិ​ទិ​នី ក៏​កំពុង​មមាញឹក​នឹង​ផែនការ​រៀបចំ​បើកហាង​ចំណីចំណុក ឬ…

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​ទទួល​ជោគជ័យ​ក្នុង​ការ​ឈោង​ចាប់​តំណែង​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​កីឡា​ប៉ុណ្ណោះ​ទេ អតីត​កីឡាការិនី​ហែល​ទឹក ដែល​មាន​រូប​សម្រស់​ស្រស់​សោភា កញ្ញា ហែម​ថុ​ន វិ​ទិ​នី ក៏​កំពុង​មមាញឹក​នឹង​ផែនការ​រៀបចំ​បើកហាង​ចំណីចំណុក ឬ ភោជនីយដ្ឋាន​ខ្នាត​មធ្យម​មួយ​កន្លែង​ផង​ដែរ​។ អាជីវកម្ម​ថ្មី​របស់​នាង នឹង​បើក​ដំណើរការ​ឆាប់​ៗបើ​ទោះជា​មានការ​រាំងស្ទះ​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ក្ដី​។

កញ្ញា​ហែម​ថុ​ន វិ​ទិ​នី ដែល​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​ប្រមាណ​២​ឆ្នាំ​មក​ហើយ បាន​អះអាង​ថា ក្រៅពី​មាន​អារម្មណ៍​សប្បាយ និង​រំភើបចិត្ត​យ៉ាង​ខ្លាំង ដែល​ត្រូវ​បាន​លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​នៅ​ទូរទស្សន៍​កីឡា បាន​ផ្ដល់​ឱកាស​ឱ្យ​នាង​កាន់កាប់​កម្មវិធី​មួយ​នៅ​ក្នុង​ស្ថាប័ន​ថ្មី​នេះ​ក្នុង​នាម​ជា​ពិធី​ការិនី នាង​ក៏​សប្បាយ​ចិត្ត្ត​ខ្លាំង​ណាស់​ដែរ ដោយសារ​តែ​ក្នុង​ពេល​នេះ នាង​កំពុង​ត្រៀម​បើកហាង​លក់​អាហារ​រួម​មាន អាហារ​ពេល​ព្រឹក អាហារ​ពេល​ល្ងាច​ផ្ដោត​លើ​បុកល្ហុង​បាយដំណើប​ខ្មែរ​ថៃ និង​អាហារ​ជា​ច្រើន​ផ្សេង​ទៀត ដែល​នាង​ប្រាប់​ថា មិន​ពិបាក​រក​អ្នក​ទទួលទាន ។ ហាង​ថ្មី​ដែល​នាង​ចំណាយ​ការ​រៀបចំ​នេះ គឺ​ស្ថិត​នៅ​ម្ដុំ​ទួល​ទំពូង ហើយ​បើ​ទោះជា​កូ​វី​ដ​-១៩​នៅ​តែ​បន្ត​កើត​មាន ក៏​នាង​បើក​ដំណើរការ​នោះ​ដែរ ប្រសិនបើ​រៀបចំ​ហើយ​។ នាង​ថា អាជីវកម្ម​នេះ គឺ​ម្ដាយមីង និង សាច់ញាតិ​របស់​នាង​ជា​អ្នកមាន​ជំនាញ ហើយ​សម្រាប់​រូប​នាង​ផ្ទាល់​ក៏​ចេះ​មុខម្ហូប​មួយ​ចំនួន ដែល​អាច​ដំណើរការ​ហាង​ទាំងមូល​បាន​ផង​ដែរ​។

ហាង​មួយ​នេះ​ទម្រាំ​រួចរាល់ គឺ​ប្រើ​ដើមទុន​ច្រើន ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា នឹង​ចំណាយ​ទំហំ​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ដោយសារ​ការ​ចំណាយ​គឺ​បន្ថែម​ឥត​ឈប់ ជា​ពិសេស​គឺ​លើ​ផ្នែក​ដេ​គ័​រ និង​ការ​ទិញ​សម្ភារ​ចូល ។ នាង​រំពឹង​ថា មុខរបរ​ថ្មី​នេះ​នឹង​កាក់កប ស្រប​ពេល​ដែល​កម្មវិធី​ដែល​នាង​ធ្វើ​ជា​ពិធី​ការិនី ក៏​កំពុង​លេច​រូបរាង​។

ហែម​ថុ​ន វិ​ទិ​នី បន្ត​បញ្ជាក់​ថា នេះ​គឺជា​ក្ដី​ស្រមៃ​របស់​នាង​តាំងពី​មុន​ក្លាយជា​អ្នក​ហែល​ទឹក​មក​ម្ល៉េះ ដោយ​នាង​តែង​នឹក​ស្រមៃ​ថា ចង់​ក្លាយជា​ម្ចាស់​ហាង​ផង និង​ជា​ពិធី​ការិនី​ផង​។

ពាក់ព័ន្ធ​នឹង​ពិធី​ការិនី កញ្ញា​ថា កម្មវិធី​ដំបូង ដែល​ខាង​គណៈកម្មការ​តម្រូវ​ឱ្យ​នាង​ចេញ​មុខ និង​កាន់កាប់​ក្នុង​តំណែង​ជា​ពិធី​ការិនី​នេះ​គឺ​កម្មវិធី​«​ដំណើរ​ឆ្ពោះទៅ​កាន់​ស៊ី​ហ្គេ​ម​២០២៣»​។ នៅ​ក្នុង​ពេល​នេះ នាង​កំពុង​តែ​ត្រូវ​បាន​បង្វឹក​ដោយ​អ្នកជំនាញ ដោយ​គេ​ឃើញ​អ្នកឯកទេស​ក្នុង​ការ​អត្ថាធិប្បាយ​មួយ​រូប គឺ​លោកស្រី ប្រាក់ សម្ផស្ស ដែល​ជា​អ្នកជំនាញ​ផ្នែក​ពិធី​ការិនី​ជា​អ្នក​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​នោះ​ផង ។ កញ្ញា​ថា អាជីព​មួយ​នេះ នឹង​ប្រឹង​ពុះពារ​ឱ្យ​អស់ពី​លទ្ធភាព ដោយ​នាង​បញ្ជាក់​ថា ផ្អែក​តាម​ការ​បង្ហាត់បង្ហាញ និង​ការ​អនុវត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ គឺ​នាង​ទទួល​បានការ​លើកទឹកចិត្ត ។

យ៉ាងណាមិញ​គេ​មើលឃើញ​ការ​ទទួល​តំណែង​ជា​ពិធី​ការិនី ដើម្បី​វិភាគ និង​អត្ថាធិប្បាយ​កីឡា​ដែល​នាង​ទើប​ទទួល មិនមែន​ជា​ឧបសគ្គ​របស់​នាង​ទៀត​ទេ ដោយសារ​តែ​ក្រៅ​តែ​ពី​មានចំណេះ​ច្រើន​ពី​វិស័យ​កីឡា ជា​ពិសេស​វិស័យ​ហែល​ទឹក គឺ​នាង​ក៏​មាន​វោហារ​សព្ទ​ពូកែ​ដោយសារ​តែ​នាង​ប្រឡូក​ជា​អ្នកលក់​អន​ឡាញ​នា​ពេល​កន្លង​មក ដែល​ត្រូវ​គេ​កត់​សម្គាល់ថា ពូកែ​និយាយ​ផង​ដែរ ។

ហែម​ថុ​ន វិ​ទិ​នី​បន្ត​រំលឹក​ថា ដ្បិតតែ​នាង​គឺជា​អ្នកឯកទេស​ផ្នែក​ហែល​ទឹក តែ​នាង​ក៏​មានការ​យល់​ដឹង​ពី​បច្ចេកទេស និង​តិក​និក​ពី​វិស័យ​កីឡា​ផ្សេង​ទៀត​ផង​ដែរ ទើប​នាង​យល់​ថា អាច​មិនមែន​ជា​បញ្ហា ក្នុង​ការ​អត្ថាធិប្បាយ​នោះ​ទេ ។ ម្យ៉ាង​មក​ពី​កម្មវិធី​មួយ​នេះ គឺជា​ការ​ថត​ទុក ដែល​មាន​អ្នក​ជំនាញ​ជា​អ្នក​ចាំ​កែ​កំហុសឆ្គង ទើប​នាង​យល់​ថា តំណែង និង​តួនាទី​របស់​ខ្លួន គឺ​ពិតជា​ទទួល​បាន​ផ្លែផ្កា​។ នាង​ថា កម្មវិធី​ថ្មី​នេះ រួម​មានការ​អត្ថាធិប្បាយ និង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកជំនាញ​កីឡា ដោយ​រាល់​កម្មវិធី​ដែល​ថត​ដំណើរការ គឺ​មានការ​រៀបចំ​ទុក និង​មានការ​ផ្ដល់​សំណួរ​ទុកជា​មុន​ស្រាប់​ជា​ជំនួយ គឺ​មិនមែន​ឱ្យ​នាង​ជា​អ្នក​ចាត់ចែង​នោះ​ទេ ដែល​កត្តា​ទាំងនេះ​ហើយ ដែល​នាង​យល់​ថា មិនមែន​ជា​រឿង​លំបាក​។

យ៉ាងណាមិញ​នាង​ថា កម្មវិធី​ដែល​នាង​ចេញ​មុខ នៅ​មិន​ទាន់​ដឹង​ថា នឹង​ចេញផ្សាយ​ឱ្យ​ប្រាកដ​នៅ​ពេល​ណា​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា​កម្មវិធី​នេះ គឺជា​កម្មវិធី​ដំបូង ហើយ​បន្ទាប់​ពី​កម្មវិធី​នេះ​ដំណើរការ គឺ​កម្មវិធី​ថ្មី​បន្ថែម​នឹង​លេច​រូបរាង ។ កញ្ញា​បញ្ជាក់​ថា មុន​ពេល លោក វ៉ា​ត់ ចំរើន ជ្រើស​រើស​កញ្ញា​ឱ្យធ្វើ​ជា​ពិធី​ការិនី លោក​ថា​លោក​ចង់​ផ្ដល់​ឱកាស ហើយ​ក្រោយ​ពី​នាង​បង្ហាញ
សមត្ថភាព​ឱ្យ​ឃើញ​ខ្លះ​ៗ គឺ​លោក​ពេញចិត្ត និង ជឿជាក់​ថា នាង​អាច​ធ្វើ​បាន​សម្រាប់​ការងារ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ