សហរដ្ឋអាមេរិក ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ កើតមានកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្សដល់ទៅ១៣នាក់ត្រូវបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតរងរបួស។

បើតាមប៉ូលិសបានឱ្យដឹងថា ការបុកគ្នានេះ គឺកើតមានឡើងរវាងរថយន្តដឹកអ្នកដំណើរពេញណែនមួយគ្រឿងជាមួយនឹងរថយន្តកាំមីញ៉ុងធុនធ្ងន់១គ្រឿង នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៦និង១៥នាទីម៉ោងក្នុងស្រុក នៅតាមផ្លូវថ្នល់មួយមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយម៉ិកស៊ិក។
ប្រភពដដែលបនត្ថា រថយន្តធុនធ្ងន់បានបុករថយន្តដឹកអ្នកដំណើរធុន SUV FORD EXPEDITION ដែលបើកឆ្លងកាត់ថ្នល់ជាតិត្រង់ភ្លើងស្តុបមួយកន្លែង។ ហើយមានមនុស្ស២៥នាក់ជិះក្នុងរថយន្ត SUV FORD EXPEDITION នោះ រួមទាំងអ្នកបើកផងដែរ។ គ្រោះថ្នាក់នេះក៏បានបណ្ដាលឲ្យមនុស្ស១២នាក់ ក្នុងនោះមានទាំងអ្នកបើកផង ត្រូវបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ហើយមនុស្សម្នាក់ទៀតត្រូវបាត់បង់ជីវិតក្រោយពេលដឹកទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា អ្នកបើកបររថយន្តរូបនេះ មានអាយុត្រឹមតែ២២ឆ្នាំប៉ុណ្ណោះ។

យោងតាមក្រុមហ៊ុន FORD ថា រថយន្តធុន SUV FORD EXPEDITION គ្រោងសម្រាប់ដឹកមនុស្សច្រើនបំផុតត្រឹម៨នាក់។ ប៉ុន្តែអ្នកទទួលខុសត្រូវមន្ទីរពេទ្យជិតខាងមួយនិយាយមុនដំបូងគេបង្អស់ក្រោយពេលកើតហេតុភ្លាមៗថា មនុស្សដល់ទៅ២៨នាក់ស្ថិតក្នុងរថយន្តនោះ ហើយមនុស្ស១៣នាក់ក៏ត្រូវបាត់បង់ជីវិត ក្រោយជួបគ្រោះថ្នាក់។ មិនត្រឹមតែប៉ុណ្ណោះជនរថគ្រោះគឺមានអាយុចាប់ពី២០ឆ្នាំទៅ៥៥ឆ្នាំ តែមានអ្នករបួសម្នាក់ជាអនីតិជនមានអាយុប្រមាណជា១៦ឆ្នាំទេ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo











ចែករំលែកព័តមាននេះ