ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ជាច្រើននាក់បាននាំគ្នាងាកមកចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន បន្ថែមលើមុខរបរបង្កបង្កើនផលដំណាំស្រូវ ដែលធ្វើឱ្យពួកគាត់អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធាមួយកម្រិតមធ្យម ក្នុងដំណាក់កាលកូវីដ១៩ ដែលកំពុងរីករាលដាលនេះ។

ជួបជាមួយលោកពូដែលជាកសិករម្នាក់ឈ្មោះ ទុំ ថន អាយុ៥៨ឆ្នាំ រស់នៅភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា ក្រៅពីមុខរបរបង្កបង្កើនផលដំណាំស្រូវ រូបគាត់បានឆ្លៀតពេលងាកមកចិញ្ចឹមត្រីប្រាចំនួន៥០០០កូន និងកូនត្រីឆ្ពិនចំនួន៤០គីឡូក្រាមនៅក្នុងស្រះជាប់ដីស្រែរបស់ខ្លួន ដែលមានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ។

លោកពូកសិកររូបនេះបានបន្តថា ដោយមានបទពិសោធន៍បច្ចេកទេសនៃការចិញ្ចឹមត្រីតាមការបណ្តុះបណ្តាលរបស់មន្ត្រីជលផល គាត់បានដាក់កូនដំបូងឱ្យស៊ីចំណីកូនត្រីអស់ត្រឹមតែ៣-៤បេ ទើបផ្លាស់ប្តូរចំណីដោយត្រីប្រាវាស៊ីកូនត្រី ឬបបរកន្ទក់លាយជាមួយចំណីត្រី។ រីឯត្រីឆ្ពិនវិញ គឺដើរកាត់ស្មៅ ឬកាត់ត្រកួនយកមកលាយជាមួយកន្ទក់បោះឱ្យវាស៊ី។

លោកពូកសិករក៏បានបញ្ជាក់បន្ថែមទៀតថា ត្រីឆ្ពិនគ្រាន់តែពិបាកទឹក តែងាយស្រួលរកចំណីឱ្យវាស៊ី ហើយចិញ្ចឹមប្រើរយៈពេលត្រឹមតែ៥-៦ខែប៉ុណ្ណោះនឹងបានប្រមូលផលលក់ បោះដុំឱ្យម៉ូយ ដោយឆ្នាំកន្លងទៅតម្លៃ១គីឡូក្រាមស្មើនឹង១០០០០រៀល។ ចំណែកត្រីប្រាវិញ ពិបាករកចំណី ហើយត្រូវប្រើរយៈពេលយូរជាង១ឆ្នាំ ទើបបានផលលក់បោះដុំឱ្យម៉ូយ ដោយឆ្នាំកន្លងទៅដូចគ្នាតម្លៃ១គីឡូក្រាម៥០០០រៀលទៅ៦០០០រៀលទេ ។

កសិករខាងលើបន្តថា តែសម្រាប់ឆ្នាំនេះ មិនទាន់ដឹងតម្លៃទីផ្សារឡើយ។ ទោះយ៉ាងណា ការឆ្លៀតងាកមករកមុខរបរចិញ្ចឹមត្រីទាំងពីរប្រភេទនេះ គឺមានរយៈពេល៥-៦ឆ្នាំមកនេះ បូករួមជាមួយនឹងការប្រមូលផលស្រូវផងនោះ ធ្វើឱ្យគ្រួសារគាត់អាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធាកម្រិតមធ្យម ក្នុងដំណាក់ការកូវីដ១៩ កំពុងផ្ទុះរីករាលដាលនេះ។

លោកពូ ទុំ ថន បញ្ជាក់ទៀតថា ប្រជាជនរស់នៅក្នុងភូមិបាក់ដោក ឃុំព្រែកជ្រៃ ទាំងមូល ក្រៅពីមុខរបរបង្កបង្កើនផលដំណាំស្រូវបន្តិចបន្តួច គឺភាគច្រើនឆ្លៀតពេលមកចិញ្ចឹមត្រីបន្ថែម។ ដូច្នេះក្នុងនាមតំណាងឱ្យប្រជាជន លោកពូក៏សូមសំណូមពរឱ្យអាជ្ញាធរមន្ត្រីជំនាញគ្រប់ថ្នាក់ មេត្តាជួយរកទីផ្សារត្រីឱ្យបានឡើងថ្លៃជាងនេះបន្តិចទៀតផង។

រីឯលោក ស ចាន់ មេភូមិបាក់ដោក ឃុំព្រែកជ្រៃ ក៏បានប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះដែរថា ប្រជាជនទូទាំងភូមិមានចំនួន៣៨៨គ្រួសារ ស្មើមនុស្សចំនួន១៤៣៧នាក់ ហើយភាគីច្រើនពួកគាត់ប្រកបមុខរបរធ្វើស្រូវស្រែប្រាំង ប៉ុន្តែក្រោយពេលទំនេរពីការធ្វើស្រូវ គឺមានមនុស្សចំនួន១៨០នាក់ទៅរកការងារធ្វើចំណាកស្រុកឆ្ងាយ។
ដោយឡែកប្រជាជនអ្នកដែលមានស្រះប្រហែល១៥% ពួកគាត់ក៏ឆ្លៀតងាកមកចាប់យកមុខរបរចិញ្ចឹមត្រីដូចជា ត្រីអណ្តែង ត្រីឆ្តោរ ត្រីឆ្ពិន តែភាគច្រើនគឺត្រីប្រា និងត្រីពោធិ៍ ទៅតាមការបណ្តុះបណ្តាលរបស់មន្ត្រីជំនាញ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជីវភាពគ្រួសារពួកគាត់បន្ថែម៕
ចែករំលែកព័តមាននេះ