ដំណាំ​ម្ទេស​​កសិករ​ខ្មែរ​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ ​បន្ទាប់​ពី​ឡើង​ដល់​កំពូល​កាលពី​ប៉ុន្មាន​ខែ​មុន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដំណាំ​ម្ទេស​​កសិករ​ខ្មែរ​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ ​បន្ទាប់​ពី​ឡើង​ដល់​កំពូល​កាលពី​ប៉ុន្មាន​ខែ​មុន

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ខែ​មុន តម្លៃ​ម្ទេស​នៅ​លើ​ទីផ្សារ​កម្ពុជា​បាន​ឡើង​ដល់​ចំណុចកំពូល ហើយ​សឹងតែ​រក​ម្ទេស​លក់​ស្ទើរ​ពុំ​បាន តែ​បច្ចុប្បន្ន​នេះ​តម្លៃ​ម្ទេស​របស់​ប្រជា​កសិករ បាន​ធ្លាក់​ចុះថ្លៃ​វិញ​ទៅ​រក​សភាព​ធម្មតា ។ បើ​តាម​លោក ឌឿ​ន…

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ខែ​មុន តម្លៃ​ម្ទេស​នៅ​លើ​ទីផ្សារ​កម្ពុជា​បាន​ឡើង​ដល់​ចំណុចកំពូល ហើយ​សឹងតែ​រក​ម្ទេស​លក់​ស្ទើរ​ពុំ​បាន តែ​បច្ចុប្បន្ន​នេះ​តម្លៃ​ម្ទេស​របស់​ប្រជា​កសិករ បាន​ធ្លាក់​ចុះថ្លៃ​វិញ​ទៅ​រក​សភាព​ធម្មតា ។

Picture

បើ​តាម​លោក ឌឿ​ន សិលា កសិករ​ដាំ​ម្ទេស​នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ម្ទេស​បោះ​ដុំ​ចេញ​ទៅ​ឈ្មួញកណ្ដាល​ក្នុង​តម្លៃ​ប្រមាណ​៣០០០​រៀល​ទៅ​៣៥០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ខណៈ​កាលពី​វា​ឡើងថ្លៃ​ខ្លាំង លក់​ចេញ​ក្នុង​តម្លៃ​ពី​១៥០០០​រៀល​ទៅ​ជិត​២០០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

Picture

លោក​បន្ត​ថា​ការ​ធ្លាក់​ចុះថ្លៃ​នៅ​ពេល​នេះ គឺ​ដោយសារ​តែ​ម្ទេស​ក្នុងស្រុក​ចាប់ផ្ដើម​ទទួលផល​ច្រើន ហើយ​បូក​រួម​ជាមួយនឹង​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ផង​ដែរ​នោះ ធ្វើ​ឱ្យ​តម្លៃ​ម្ទេស​បាន​ធ្លាក់​ចុះថ្លៃ​គួរ​កត់សម្គាល់ តែ​យ៉ាងណា​ក្ដី តម្លៃ​នេះ​មិនមែន​ជា​តម្លៃ​ដែល​ទើប​ធ្លាក់​ថ្លៃ​លើក​ទី​១​នោះ​ទេ កាលពីមុន​តម្លៃ​ម្ទេស​ក៏​លក់​ចេញ​ប្រហាក់ប្រហែល​នេះ​ដែរ តែ​ទើបតែ​បាន​ឡើងថ្លៃ​កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើ​ឱ្យ​កសិករ​ដាំ​ម្ទេស​នៅ​ក្នុង​មូលដ្ឋាន​លោក​រស់នៅ​សប្បាយ​ចិត្តនឹង​ប្រាក់​ចំណូល ។ លោក​ថា​៖«​បច្ចុប្បន្ន កសិករ​ដាំ​ម្ទេស​ក៏​ច្រើន នៅ​ក្នុង​សហគមន៍​ហើយ​នៅ​ខេត្ត​ផ្សេង​ៗ​ក៏​មាន​ដាំ​ដុះ​ម្ទេស​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ម្ទេស​ត្រូវ​ជន់​ម្ដងម្កាល » ។

Picture

លោក​បន្ថែម​ថា តាម​រយៈ​របរ​ដាំ​ម្ទេស​នេះ​ដែរ បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​របស់​លោក​បាន​មួយ​កម្រិត​ផង​ដែរ ជាក់ស្ដែង​ម្ទេស​ដែល​លោក​ដាំ​នេះ អាច​ប្រមូល​ផល​បេះ​ផ្លែ​រៀង​រាល់​៣​ដង​ក្នុង​មួ​យស​ប្ដា​ហ៍​ហើយ​បើ​បូក​សរុប​ទៅ​ក្នុង​មួ​យស​ប្ដា​ហ៍​ៗ អាច​ទទួល​បាន​ប្រមាណ​ជាង​២០០​គីឡូក្រាម ដោយ​មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​និង​យក​ទៅ​លក់​បន្ត​ឱ្យ​ម៉ូយ​របស់​គេ​នៅ​ខេត្តសៀមរាប ឬ​នៅ​តាម​ស្រុក​នានា​ក្នុង​ខេត្តសៀមរាប ។

Picture

អ្នកស្រី ផឿ ថា កសិករ​ដាំ​ម្ទេស​ក្នុងស្រុក​ប្រាសាទបាគង​ដូច​គ្នា​បានឱ្យ​ដឹង ការ​ដាំ​ដុះ​ម្ទេស នៅ​រដូវប្រាំង​ពិតជា​មានការ​លំបាក​ជា​ខែវស្សា ដោយសារ​តែ​ខ្វះខាត​ទឹក​ស្រោចស្រព ហើយ​បើសិនជា​ស្រោច​ទឹក​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​ផ្លែ​ម្ទេស​មិនល្អ ស្វិត តូច​ៗ មិន​ពេញចិត្ត​ចំពោះ​អ្នក​បរិភោគ ដូច្នេះ​ត្រូវ​ខំ​ថែ​ស្រោច​ទឹក​ផង និង​ចូក​ចាំង​គល់​ម្ទេស​ផង ។

Picture

ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ម្ទេស​ឡើងថ្លៃ​ដោយសារ​តែ​ខ្វះ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ ហើយ​កាលនោះ ដោយសារ​តែ​ទឹកជំនន់​ផង មិន​អាច​ឱ្យ​កសិករ​ដាំ​ដុះ​ម្ទេស​សម្រាប់​ផ្គត់ផ្គង់​បាន​គ្រប់​ចំនួន និង​ដោយសារ​តែ​មានការ​នាំ​ចេញ​ម្ទេស​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង ទើ​បើ​ធ្វើ​ឱ្យ​តម្លៃ​ម្ទេស​បាន​ឡើងថ្លៃ​ខ្ពស់ ។

ឯកឧត្តម​បន្ត​ថា នៅ​ពេល​ទឹក​ស្រក​វិញ កសិករ​អាច​ដាំ​ដុះ​ម្ទេស​និង​ដំណាំ​ដទៃ​ទៀត​នៅ​តាម​ដង​ទន្លេ​បាន វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​ម្ទេស​ក្នុងស្រុក​មានការ​ធ្លាក់​ចុះថ្លៃ​វិញ ។ តែ​យ៉ាងណា​លោក​សប្បាយចិត្ត​ពេល​ឃើញ​កសិករ​មានបាន​ទទួល​បាន​ផល​និង​តម្លៃ​ខ្ពស់ ហើយ​ក្រសួង​ក៏​សាទរ​ចំពោះ​សមិទ្ធផល​ដែល​កសិករ​ទទួល​បាន​ពី​របរ​កសិកម្ម ៕