ចិន ៖ ក្លិបបាល់ទាត់ Jiangsu FC ដែលទើបតែឈ្នះជើងឯកលីគកំពូលចិន (CSL) រដូវកាលឆ្នាំ២០២០ បានប្រកាសបញ្ឈប់ដំណើរការតទៅមុខទៀត បន្ទាប់ពីជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរមុនពេលរដូវកាលឆ្នាំ២០២១ ចូលមកដល់។
សេចក្តីប្រកាសនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ កន្លងទៅ ពោលគឺត្រឹម រយៈពេល១០៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេបានបង្កើតប្រវត្តិសាស្ត្រ ដោយដណ្តើមឈ្នះជើងឯកលីគកំពូលចិនជាលើកដំបូងបំផុត។
ពាក់ព័ន្ធបញ្ហានេះ សមាគមបាល់ទាត់ចិន (CFA) បានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កន្លងទៅថា «យើងមានអារម្មណ៍សោកស្តាយបំផុត ចំពោះការរំសាយក្លិបរបស់ក្រុមម្ចាស់ជើងឯកលីគកំពូលចិន Jiangsu FC ប៉ុន្តែយើងត្រូវតែគោរពលើការសម្រេចចិត្តរបស់ពួកគេ»។
ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រក្លិប Jiangsu FC ស្រឡាំងកាំងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រផ្សេងទៀតកំពុងបានអំពាវនាវស្វែងរកម្ចាស់ថ្មី ដើម្បីមកស្រោចស្រង់ក្លិបមួយនេះ៕ (ដកស្រង់ចេញពី xinhuanet)
ចែករំលែកព័តមាននេះ