រាជធានីភ្នំពេញ ៖ មកទល់ពេលនេះប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់កំពុងចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩យ៉ាងខ្លាំង ខណៈអ្នកដែលបានចាក់មុនគេហាក់ដូចជាបានរួចផុតពីគ្រោះថ្នាក់ នៃការឆ្លងមេរោគដ៏កាចសាហាវមួយនេះ។
អ្នកខ្លះអន្ទះសារចង់ឱ្យដល់វេនរបស់ខ្លួនឆាប់ៗផងដែរ ដោយសារតែកូវីដ-១៩ នៅតែបង្កផលប៉ះពាល់ និងការភ័យខ្លាចដដែល ។ ដូច្នេះហើយទើបកីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីកីឡាមិនតិចនាក់ទេ មានអារម្មណ៍សប្បាយចិត្តមិនខុសគ្នា បន្ទាប់ពីទទួលបានដំណឹងថា ពួកគេត្រូវកំណត់ឱ្យចាក់វ៉ាក់សាំងការពារមុនគេ ដែលក្នុងពេលនេះ គឺកំពុងតែតម្រូវឱ្យទៅទទួលវ៉ាក់សាំងការពារនោះ។

យោងតាមការបញ្ជាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមរួចហើយ ចំពោះសំណើសុំចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីកីឡារហូតដល់ជាង១ពាន់នាក់ ដោយកីឡាករ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នឹងត្រូវឱ្យចាក់បន្តបន្ទាប់គ្នាចាប់ពីពេលនេះតទៅ ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជុំវិញការលើកឡើងថាតើក្រុមកីឡាករពេលណាទើបបានដល់វេន។

លោកបានថ្លែងដដែលជាដដែលថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលគោលការណ៍រួចស្រេចអស់ហើយ ដោយពេលនេះ ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់សម្តេច ទៀ បាញ់ នឹងរៀបចំផែនការចាក់ជូនកីឡាករ និងមន្ត្រីកីឡាជាអាទិភាព។ យ៉ាងណាមិញ ចំនួនដែលត្រូវចាក់ក្នុងមួយថ្ងៃៗ ក៏ដូចជាទីតាំងចាក់ គឺនៅមិនទាន់ច្បាស់លាស់នៅឡើយទេ តែគោលការណ៍ទាំងស្រុង គឺស្ថិតក្នុងការចាត់ចែងទាំងស្រុង។
លោកអគ្គលេខាធិការ NOCC ក៏ដូចជា CAMSOC បានបញ្ជាក់ទៀតថា ការចាក់នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់អត្តពលិក និងមន្ត្រីកីឡាដែលពាក់ព័ន្ធ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បង្ហាញនូវក្តីកង្វល់ថា កីឡាករដែលមិនបានចាក់វ៉ាក់សាំង អាចមានបញ្ហាប្រឈមពេលចេញទៅប្រកួត ឬហ្វឹកហាត់នៅក្រៅប្រទេសនាពាក់កណ្តាល ឬចុងឆ្នាំ២០២១នេះ ទើបរាជរដ្ឋាភិបាលត្រូវតែមានការគិតគូរជាអាទិភាព ។

លោកបានពន្យល់ថា៖ «យើងខ្លាចប្រទេសទាំងអស់ដាក់លក្ខខណ្ឌតម្រូវឲ្យអត្តពលិក ឬប្រតិភូកីឡាត្រូវមានការបញ្ជាក់ ឬសៀវភៅបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩។ ជាទូទៅកីឡាករទាំងអស់សុទ្ធតែមានសុខភាពល្អ ប្រហែលជាមិនមានអ្នកដែលត្រូវហាមឃាត់មិនឲ្យចាក់នោះឡើយ»។
លោកបន្តថា កីឡាករទាំងអស់ត្រូវតែទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានឆាប់បំផុត ដោយសារតែភាពជាក់ស្ដែង គឺកីឡាករជម្រើសជាតិ និងមន្ត្រីមួយចំនួន សុទ្ធតែត្រូវត្រៀមខ្លួនចេញដំណើរទៅហ្វឹកហាត់នៅក្រៅប្រទេស ដោយនៅខែកក្កដា ត្រូវប្រកួតកីឡាអូឡាំពិក និងខែវិច្ឆិកាត្រូវប្រកួតស៊ីហ្គេមនៅវៀតណាម ដែលពួកគាត់គឺសុទ្ធតែត្រូវប្រឈមទាំងអស់ ។

លោកបន្តថា ដើម្បីត្រៀមប្រកួត យើងនឹងផ្តល់វ៉ាក់សាំងឲ្យកីឡាករ កីឡាការិនីឱ្យបានរួចរាល់សិន ទើបអាចឱ្យពួកគាត់មានជំនឿជាក់លើខ្លួនឯង នៅក្នុងការប្រកួត ដោយគិតតែហ្វឹកហាត់ដើម្បីត្រៀមប្រកួត និងដើម្បីឱ្យកីឡាករទាំងនោះ កាន់តែមានទំនុកចិត្តសម្រាប់ការប្រកួតដណ្ដើមមេដាយជូនជាតិ។
លោកក៏ទទូចឱ្យកីឡាករទាំងអស់ថែរក្សាសុខភាពផងដែរ ដោយមិនមែនគ្រាន់តែបង្ការជំងឺ
កូវីដ-១៩ហើយចុងក្រោយក៏បណ្ដែតបណ្ដោយខ្លួនឱ្យមានបញ្ហាដល់សុខភាពនោះ ៕
ចែករំលែកព័តមាននេះ