ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ រោងចក្រ​ បិទ នាំឲ្យ​អ្នកភូមិ នៅឃុំជើងគ្រាវ ខេត្តកំពង់​ឆ្នាំង ចាប់មុខរបរពីដូនតា កាន់តែច្រើន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅតែបន្តមុខរបរ​សិប្បកម្ម ត្បាញឬស្សី។ មុខរបរ​នេះ​ បន្តមរតកពីដូនតា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ…

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅតែបន្តមុខរបរ​សិប្បកម្ម ត្បាញឬស្សី។ មុខរបរ​នេះ​ បន្តមរតកពីដូនតា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានសមរម្យមួយកម្រិត បើទោះបច្ចុប្បន្នរបស់របរ​ប្រើប្រាស់មួយចំនួន ត្រូវបានផលិតអំពីជ័រក្តី​។

អ្នកមីង អឹម ឈឿន បាននិយាយ​ថា​ តម្បាញឬស្សីនេះ គឺជាមរតកបន្សល់​តាំងពីដូនតាមក ។ សព្វថ្ងៃ មិនមែនតែអ្នកភូមិតាំងបំពង់នោះទេ ដែលត្បាញឬស្សី ធ្វើជារបស់របរប្រើប្រាស់ផ្សេងៗ គឺមានភូមិ​ច្រើនទៀត ដូចជា ភូមិគ្រួស ភូមិជើងគ្រាវ និងភូមិជាប់ៗគ្នាផ្សេងទៀត ក្នុងឃុំជើងគ្រាវនេះ សុទ្ធ​តែធ្វើតម្បាញពីដើមឬស្សី​ទាំងអស់។ គ្រាន់តែការត្បាញឬស្សីនេះ ធ្វើខុសៗគ្នា ដូចជា នៅម្តុំផ្ទះគាត់ ៤-៥ផ្ទះ ត្បាញតែកញ្ចែ្រងតែមួយមុខ គឺមានកញ្ជ្រែងតូចធំ កញ្ច្រែងរែងអង្ករ កញ្ជ្រែងរែងកន្ទក់ កញ្ជ្រែងដាក់បន្លែង និងកញ្ច្រែងធំ សម្រាប់ហាលត្រីឬយកធ្វើអ្វីផ្សេង ជាដើម។ ចំណែកផ្ទះផ្សេងមានត្បាញចង្អេរ ត្បាញកញ្ជើ និងត្បាញល្អី ជាដើម។

មុខរបរនេះ បច្ចុប្បន្នធ្វើតែមនុស្សចាស់ៗ នៅផ្ទះទេ ដែលប្រឹងត្បាញ ដើម្បីដោះស្រាយ​ជីវភាព ព្រោះបន្ទាប់ពីកាត់ថ្លៃទិញឬស្សី ថ្លៃទិញខ្យែ និងថ្លៃជួលគេជាន់ ឱ្យចេញជាកញ្ជ្រែងរួចមក នៅសល់ខ្លះដែរ ហើយបើមិនធ្វើ ក៏មិនដឹងទៅរកអី។

អ្នកមីង អឹម ឈឿន បន្តថា សព្វថ្ងៃមានឈ្មួញ យកប្រាក់មកដាក់ឱ្យអ្នកភូមិមុន ដើម្បីទុកទិញវត្ថុធាតុដើម ពេលបានជារបស់ ទើបឈ្មួញ មកប្រមូលយកតាម​ក្រោយ បានប៉ុណ្ណា យកប៉ុណ្ណឹង សល់ប៉ុន្មាន យើង​ធ្វើបន្តឱ្យគេទៀត ឬខ្លះយកប្រាក់បន្ថែម ដើម្បីធ្វើបន្តទៀតទៅ។

ចំណែកស្ត្រីឈ្មោះ សឿង សៀងយ៉ុង ក៏បានបញ្ជាក់​ថា​ ក្នុង ១ខែ គាត់អាចត្បាញ​កញ្ជ្រែង​រែង​អង្ករ បានជាង ២០០ កញ្ជ្រែង ដោយកូនៗ ជួយត្បាញខ្លះ និងប្តីគាត់ ជាអ្នកក្តាប់កណ្តាប់កញ្ច្រែងខ្លះ​។ កញ្ច្រែងរែងអង្ករ ដែលគាត់លក់បោះដុំឱ្យឈ្មួញ ក្នុងកញ្ជែ្រង ១០ថ្លៃ ៧ម៉ឺនរៀល។ មុខរបរនេះ មិនចំណេញធំដុំទេ។ នេះបើកុំតែរោងចក្រ គេឈប់ គាត់ត្រូវទៅធ្វើការហើយ​ មួយខែបានជាង ៨០ម៉ឺនដែរ។ បើប្រៀបធៀបនឹងការ​ត្បាញកញ្ជ្រែងវិញ ១ខែបានជិត ២លានរៀល​មែន តែទូទាត់ថ្លៃចំណាយផ្សេងៗវិញ នៅសល់តិចជាងធ្វើកម្មកររោងចក្រទេ។ ប៉ុន្តែធ្វើម៉េច មុខរបរនេះ បន្សល់ពីដូនតា ពីម៉ែពីឪ ទៅហើយ។

គួរបញ្ជាក់ថា​ បើទោះមានរបស់ប្រើប្រាស់មួយចំនួន បានផលិតពីជ័រច្រើនលើស​លប់យ៉ាងណាក្តី ក៏របស់ប្រើប្រាស់ត្បាញពីដើមឬស្សី ក៏នៅតែជាសេចក្តីត្រូវការ​ចាំបាច់របស់ប្រជាពលរដ្ឋយើងដែរ ហើយរបស់ប្រើប្រាស់ត្បាញពីដើមឬស្សីនេះទៀត បច្ចុប្បន្ន​នេះ ជាតម្រូវការចាំបាច់ខ្លាំងណាស់ដែរ សម្រាប់នាំចេញ ទៅប្រទេសថៃ តាមច្រកប៉ោយប៉ែត។ ក្រៅពីនោះរបស់មួយចំនួន ត្រូវបានគេយកទៅកែច្នៃ ជាគ្រឿងលំអរ ដូចជា កូនក្រឡោតូចៗ គេយកទៅលាបពណ៌ ដើម្បីដាក់អំពូលភ្លើង និងខ្លះទៀត យកទៅដាក់តាំង តាមរមណីយដ្ឋាន និងអាហារដ្ឋាន ជាដើម ដោយគ្រាន់តែបន្ថែមពណ៌លំអរជាការស្រេច៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ