រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បានបង្កភាពរញ៉េរញ៉ៃនៅទីតាំងមណ្ឌលសុខភាពចាក់អង្រែក្រោម ដោយពុំព្រមស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យឡើយ កំឡុងពេលបញ្ជូនទៅដល់ទីតាំងខាងលើ ដើម្បីរៀបចំធ្វើចត្តាឡីស័ក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងទីតាំងមណ្ឌលសុខភាព ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ស្ត្រីជនជាតិចិន (មិនត្រូវបានបញ្ចេញឈ្មោះ ) ត្រូវបានក្រុមជំនាញដឹកតាមរថយន្តសាម៉ុយយកទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក្ត ។
ប្រភពដដែលប្តថា នៅពេលដែលបញ្ជូនដល់ ស្ត្រីរូបនោះពុំព្រមចុះពីលើរថយន្តឡើយ ជាពិសេសពុំស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដែលតម្រូវឱ្យដោះម៉ាស់ ដើម្បីផ្ទៀងផ្ទាត់ជាមួយលិខិតឆ្លងដែន ដើម្បីកំណត់អត្តសញ្ញាណ មុននឹងធ្វើចត្តាឡីស័ក ថែមទាំងស្ត្រីជនជាតិចិនរូបនេះ បានដើររញ៉េរញ៉ៃពេញទីតាំងមណ្ឌលជាដើម ។

ក្រោយកើតមាននូវបាតុភាពនោះហើយ ក្រុមអាជ្ញាធរ និងសមត្ថកិច្ចដែលប្រចាំបញ្ជា ការពារសន្តិសុខនៅមណ្ឌលសុខភាពនោះ បានចុះទៅនិយាយសម្របសម្រួល អស់មួយសន្ទុះក្រោយមកទើបស្ត្រីរូបនោះព្រមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងព្រមចូលទៅធ្វើចត្តាឡីស័កនៅយប់ថ្ងៃខែដដែលនោះតែម្តង ដោយមិនបង្កអោយមានជាភាពអាណាធិបតេយ្យបន្តទៀតឡើយ ។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងចត្តាឡីស័ក គឺបានត្រៀមកម្លាំងសន្តិសុខរួចរាល់ជាស្រេច ទាំងកម្លាំង និងសម្ភារៈផ្សេងៗដូចជា ដំបងឆក់ សំណាញ់ ប្រដាប់ដែកចាប់ជាដើម ដើម្បីការពាររត្រៀមការពារសន្តិសុខយ៉ាងតឹងរឹងទុកជាមុន ចៀសវាងជួបបញ្ហាដូចទីតាំងខាងលើនេះទៀត ។



ចែករំលែកព័តមាននេះ