ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​រឿង«​ឧត្តមសេនីយ៍ត្រី​ម្នាក់​ធ្លាក់​ខ្លួន​ពិការ​ក្រោយ​​ចាក់​វ៉ាក់សាំង​ចិន» តែ​ជា​ព័ត៌មាន​មិន​ពិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ប្រកាស​ច្រាន​ចូល​នូវ​ការ​ផ្សព្វផ្សាយ​មួយ​ថា «​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ប្រកាស​ច្រាន​ចូល​នូវ​ការ​ផ្សព្វផ្សាយ​មួយ​ថា «​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់ ធ្លាក់ខ្លួន​ពិការ ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន​» ដែល​បង្ក​នូវ​ចលាចល​ក្នុង​សង្គម ខណៈ​ដែល​​ប្រទេស​កម្ពុជា ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​។

យ៉ាងណាមិញ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​អះអាង​ថា ​ព័ត៌មាន​នោះ គឺជា ​ព័ត៌មាន​មិន​ពិត ព្រោះ​ពុំ​មាន​សមត្ថកិច្ច​ប៉ូ​លី​ស​ណាមួយ​បាន​ជួប​ហេតុការណ៍​ដូច​ការ​ផ្សព្វផ្សាយ​នោះ​ឡើយ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាបានបញ្ជាក់ថា ព័ត៌មានដែលផ្សាយថា « លោកឧត្តមសេនីយ៍ ជា ឧត្តម បម្រើការងារនៅក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង មានជំងឺគៀបសរសៃប្រាសាទឆ្អឹងខ្នង និងលើសអាស៊ីតធ្ងន់ធ្ងរជាយូរមកហើយ និងថ្មីៗនេះបានបណ្តាលឪ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះ ធ្វើឲ្យជើងទាំងពីរស្ពឹកទន់ ដើរពុំរួច» ។

ឆ្លើយ​តប​នឹង​ការ​ចែកចាយ​នូវ​រឿង​មិន​ពិត​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ជូន​ដំណឹង​ដល់​មហាជន​ថា «​នា​ពេល​ថ្មី​ៗ​នេះ ​មានការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត នូវ​ព័ត៌មាន​មិន​​ពិត​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដោយ​បាន​ធ្វើការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ថា «​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្លាក់ខ្លួន​ពិការ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន​» ក្នុង​គោលបំណង​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​ប្រទេស តែ​តាម​ការ​ពិត​រូបភាព​ដែល​បាន​យក​មក​បង្ហោះ​នោះ ​គឺជា​រូបភាព​ដែល​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​នាំ​យក​ថវិកា​និង​សម្ភារៈ​មួយ​ចំនួន​ទៅ​ចុះ​សួរសុខទុក្ខ​លោក​ឧត្តមសេនីយ៍ត្រី ជា ឧត្តម ដែល​មាន​ជំងឺ គៀប​សរសៃ​ប្រាសាទ​ឆ្អឹងខ្នង​។

ប្រភព​ដដែល​បាន​បន្ត​ថា «​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ ​លោក​ឧត្តម​សេនីយ៍​ត្រី ជា ឧត្តម បាន​ធ្វើការ​បដិសេធ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ហើយ​ជាមួយ​គ្នា​នេះ នាយក​ដ្ឋាន​​សន្តិសុខ​ផ្ទៃក្នុង ក៏​បាន​ធ្វើការ​បដិសេធ​ខ្លឹមសារ​ដែល​បាន​បង្ហោះ​ខាងលើ​ផង​ដែរ​» ។

បន្ថែម​ពីលើ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា «​ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​ព័ត៌មាន​ដែល​ខ្លួន​យក​មក​បង្ហោះ ឬ​ចែកចាយ ទោះជា​ចេតនា ឬ​អ​ចេតនា​ក្ដី ព្រោះ​លោក​អ្នក​អាច​ប្រឈម​នឹង​ច្បាប់​នូវ​រាល់​ការ​ផ្សព្វផ្សាយ​ក្លែងបន្លំ​ណា​ដែល​​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ដល់​សង្គម​» ។

ប្រភពដដែលបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម ពុំដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ទេ និងពុំមានលក្ខខណ្ឌគ្រប់គ្រាន់តាមការណែនាំរបស់ក្រសួងសុខាភិបាល (មានជំងឺប្រចាំកាយ) ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ