ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​​នេះ បិទ​ទីតាំង​ព្យាបាល​ជំងឺ​១​កន្លែង ​និង​ហាម​​អ្នកជំងឺ​ចេញ​-​ចូល​ក្រោយ​​ពាក់​ព័ន្ធ​​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ ​បាន​សម្រេច​បិទ ​និង​ផ្អាក​ជា​បណ្តោះអាសន្ន​ទីតាំង​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​ទីតាំង​ស្ថិត​​នៅ​សង្កាត់​លេខ…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ ​បាន​សម្រេច​បិទ ​និង​ផ្អាក​ជា​បណ្តោះអាសន្ន​ទីតាំង​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​ទីតាំង​ស្ថិត​​នៅ​សង្កាត់​លេខ ៤ ខេត្ត​ព្រះ​សីហ​នុ ក្រោយ​រក​ឃើញ​ទីតាំង​នេះ​ ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី២៨ ខែកុម្ភៈ​ជូន​ទៅ​លោកស្រី TANG LI ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ថា ការ​សម្រេច​ផ្អាក​ទីតាំង​នេះ ក្រោយ​​ពី «​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​សំណាក​តេស្ត​ពី​អ្នកជំងឺ​ដែល​ធ្លាប់​​ព្យាបាល​នៅ មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ ហើយ​លទ្ធផល​តេស្ត​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ ១៩ ។

ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ តម្រូវ​ឲ្យ​លោកស្រី ផ្អាក​ជា​បណ្តោះអាសន្ន​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ក្រុងព្រះសីហនុ​» មាន​ទីតាំង​ខាងលើ «​ជា​បន្ទាន់​ដោយ​​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកជំងឺ​ថ្មី​ចូល​ពិនិត្យ​ព្យាបាល ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ ​និង​អ្នក​បម្រើ​ការ​ដទៃ​ទៀត​ដែល​កំពុង​ស្នាក់​នៅ ព្យាបាល​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​ចេញ​-​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​» ។

ក្រុមការងារ​នឹង​ចុះ​យក​សំណាក​ពី​អ្នកជំងឺ និង​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩​។ អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់ថា ​ក្នុង​ដំណាក់កាល​នេះ អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​មន្ទីរពេទ្យ​ត្រូវ​តែ​យក​សំណាក​តេស្ត​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់គ្នា ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ព្រមាន​ថា «​ក្នុង​ករណី​លោកស្រី មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​ចុះ​អនុវត្ត​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»

សូម​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ២៧ ខែកុម្ភៈ​នេះ ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ ១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ៣០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ