រាជធានីភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្នើសុំបងប្អូនប្រជាពលរដ្ឋខ្មែរ សាធារណជន និងជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបអាជីវកម្មគ្រប់ប្រភេទនៅលើទឹកដីខេត្តមួយនេះ កុំធ្វើដំណើរចល័តពីមកភ្នំពេញ ឬទៅបណ្តាខេត្តនានា ឬក៏ចល័តពីក្រុង ស្រុកនានាចូលមកក្រុងព្រះសីហនុ បើសិនជាគ្មានការចាំបាច់ទេនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ ។

ការស្នើសុំពលរដ្ឋ និងជនបរទេសកំពុងស្នាក់នៅខេត្តព្រះសីហនុ កុំធ្វើការចល័ត គួរតែស្នាក់ក្នុងផ្ទះ និងកន្លែងធ្វើការរបស់ពួកគេ ធ្វើឡើងបន្ទាប់ពីការឆ្លងវីរុសកូវីដ ១៩ នៅខេត្តមាត់សមុទ្រដែលសំបូរទៅដោយជនជាតិចិនប្រកបអាជីវកម្មផ្សេងនោះមានការកើនឡើងខ្ពស់ គឺគិតត្រឹមថ្ងៃទី ២៧ កុម្ភៈ រកឃើញអ្នកកើតកូវីដ ១៩ ចំនួន ៣០នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

រដ្ឋបាលខេត្តព្រះសីហនុបានបន្តថា «ដោយសារកំណើនអ្នកឆ្លងវីរុសកូវីដ ១៩ មានការកើនឡើងជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ ហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកយកវត្ថុសំណាកតេស្តពីអ្នកសង្ស័យមានចំនួនច្រើនឡើង » ។ ដូចនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ សាធារណជន និងជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបអាជីវកម្មគ្រប់ប្រភេទ ក្នុងខេត្តត្រូវអនុវត្តនូវវិធានការ «៣ ការពារនិង ៣កុំ» រក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តព្រះសីហនុក៏បានបន្តថា «បើមិនមានការចាំបាច់ទេ សូមកុំធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗទៀត ឬពីក្រុង ស្រុកនានាចូលមកក្រុងព្រះសីហនុ (ត្រូវស្នាក់នៅផ្ទះ ឬនៅកន្លែងធ្វើការ» ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ករណីឆ្លងកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការកើនឡើងដល់ ៣០២នាក់ ក្នុងនោះខេត្តព្រះសីហនុ រកឃើញអ្នកកើតកូវីដ ១៩ នៃព្រឹតិ្តការណ៍សហគមន៍ឈរលេខរៀងទី ២ បន្ទាប់ពីរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ