ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​សំណាក​អ្នក​ពាក់ព័ន្ធ​ក្នុង​មង្គល​ការ​ជាង​២០០​នាក់​ត្រូវ​យក​ទៅ​ពិនិត្យ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 អាជ្ញាធរ​ស្រុក​កងមាស រួម​នឹង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់…

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 អាជ្ញាធរ​ស្រុក​កងមាស រួម​នឹង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ដែល​ទាក់ទង​ទៅ​នឹង​បុរស​ម្នាក់​រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ជំងឺ COVID-19 បាន​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស នា​ពេល​កន្លង​ទៅ ដើម្បី​ទប់ស្កាត់ និង​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ចូល​ក្នុង​សហគមន៍​។

លោក ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​តូច បាន​រៀប​មង្គលការ​កូនប្រុស​ស្រី​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ​កន្លង​ទៅ ដោយ​មាន​ភ្ញៀវ​ជិត​ឆ្ងាយ រួម​ទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ចូលរួម​ជា​ច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​អ្នក​កើត​ជំងឺ COVID-19 ម្នាក់​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ តែ​ភ្លាម​ៗ​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ​។

អភិបាលស្រុក​កងមាស ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក​ពេល​ដែល​មាន​ជំងឺ COVID-19 បាន​ផ្ទុះ​ឡើង​ក្នុង​សហគមន៍​២០​កុម្ភៈ លុះ​ពេល​ស្រាវជ្រាវ​ទើប​គាត់​ដឹង​ថា បុរស​រូប​នោះ​បាន​មក​ចូលរួម​មង្គលការ​គេ​នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ។

បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​សំណាក់​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភ​: រូប​លោក​ក៏​បាន​សហការ​ជាមួយនឹង​លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ចុះ​បេសក​កម្ម​មក​កាន់​ភូមិ​កោះ​តូច ដើម្បី​ស្រាវជ្រាវ​រក ហើយ​រក​ឃើញ​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​អង្គរ​បាន​១១​នាក់ រួម​ទាំង​ភូមិ​ដំណាក់​ជ្រៃ សរុប​៨៧ នាក់ ត្រូវ​បាន​យក​សំណាក​មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផង​ដែរ​។ ក្នុង​នោះ​ផង​ដែរ ក៏​មាន​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១២​នាក់ ត្រូវ​បាន​នាំ​ទៅ​ដាក់​នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម ក្រៅពី​នេះ​គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ដោយ​មាន​ការ​តាមដាន​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​។

បន្ទាប់​មក​ក្រុមការងារ​បាន​បន្ត​បេសកកម្ម​ចុះ​ទៅ​កាន់​មណ្ឌល​សុខភាព​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ដោយ​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ពិធី​មង្គលការ​នៅ​ភូមិ​កោះ​តូច ដោយ​ក្នុង​នោះ​មាន​ចុងភៅ អ្នក​រត់​តុ ជាង​ថតរូប អ្នក​សំអាងការ ត្រូវ​បាន​ប្រមូល​យក​សំណាក​ជា​បន្តបន្ទាប់​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដោយ​បាន​បញ្ជាក់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​នោះ​មាន ៖

១-​ឪពុក​ម្ដាយ​កូនក្រមុំ​ដែល​បន្ទាប់​ពី​ថ្ងៃ​មង្គលការ​រួច​បាន​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ និង​ស្នាក់​នៅ​ម្ដុំ ក្រោយ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ​។

២-​ឪពុក​ម្ដាយ​កូនកំលោះ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត​។

៣-​កូនកំលោះ​កូនក្រមុំ និង​អ្នក​កំដរ​បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។

៤-​អ្នក​រួម​តុ​ជាមួយ​ផ្ទាល់​មាន ៖ ក្រុម​អ្នក​សំអាងការ​, អ្នក​ថតរូប រស់នៅ​ភូមិ​ព្រៃ​ទទឹង និង​ភូមិ​វាល​ស្បូវ ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ព្រមទាំង​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ទៀត​រស់នៅ​ភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ។

៥-​ចុងភៅ អ្នក​លើក​ម្ហូប និង​មេ​ចុងភៅ រស់នៅ​ភូមិ​ត្រើយ​បឹង ឃុំ​ឬ​ស្សី​ស្រុក​ស្រុក​ស្រី​សន្ធរ​។

ជាមួយ​នោះ អាជ្ញាធរ​ស្រុក​កងមាស ក៏​បាន​ចាក់​សារ​ជា​សំឡេង​តាម​មេក្រូ​នៅ​គ្រប់​ឃុំ​ទាំងអស់​នៃ​ស្រុក​កងមាស ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់​ភ្ជាប់ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ដើម្បី​បញ្ជ្រាប​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ច្រកល្ហក​ធ្វើ​យ៉ាងណា​ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​ជំងឺ COVID-19 ឆ្លង​ចូល​ក្នុង​សហគមន៍​។

ដោយឡែក​លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​​ដែរ​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ពិធី​មង្គលការ​នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីកង ស្រុក​កងមាស ដែល​មាន​បុរស​ម្នាក់​មក​ពី​ទួល​សង្កែ ក្រុងភ្នំពេញ ថ្ងៃ​ទី​២១ កុម្ភៈ ពេល​ត្រឡប់​ទៅ​វិញ​ថ្ងៃ​ទី​២៣ កុម្ភៈ ពិនិត្យ​សំណាក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​។

ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក្រុមការងារ​របស់​លោក​បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ មក​កាន់​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ ក៏​បាន​យក​សំណាក​ប្រជាពលរដ្ឋ​សរុប​ចំនួន​២២៣​នាក់​។ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​មាន​ចំនួន​២១​នាក់ ក៏​បាន​យក​ពួក​គាត់​មក​ច​ត្តា​ឡឺ​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មេគង្គ​ក្រុង​កំពង់ចាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ