ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អាជ្ញាធរ​ទទួល​លាភ​សំណាង ទើប​ឈ្មួញ​ដី​កាយ​ភ្នំ​ដឹក​ដី​លក់​ព្រោង​ព្រាត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មាន​ឈ្មួញ​ម្នាក់​ឈ្មោះ វណ្ណ ធី បាន យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ទៅ​ជីក​កកាយ​ដី​ភ្នំ​ដឹក​តាម​រថយន្ត​លក់​តាម​ភូមិ​យ៉ាង​គគ្រឹកគគ្រេង ខណ​:​អះអាង​ថា…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មាន​ឈ្មួញ​ម្នាក់​ឈ្មោះ វណ្ណ ធី បាន យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ទៅ​ជីក​កកាយ​ដី​ភ្នំ​ដឹក​តាម​រថយន្ត​លក់​តាម​ភូមិ​យ៉ាង​គគ្រឹកគគ្រេង ខណ​:​អះអាង​ថា គេ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ចេញពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ។ តែ​ពេល​ភ្នាក់ងារ​សារព័ត៌​មានបាន​សួរនាំ បែរជា​អាជ្ញាធរ​មូលដ្ឋាន និង​ខាង​មន្ទីរ​ពាក់ព័ន្ធ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យករួចខ្លួន ជា​ហេតុ​នាំ​ឱ្យ​មានការ​ងឿងឆ្ងល់​ខ្លះ​ៗ ។

ហេតុការណ៍​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅ​ជាប់​នឹង​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ដែល​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​យ៉ាង​រលូន​ខាងលើ​មិន​មានការ​រំខាន​ដល់​មន្ត្រី​ជំនាញ​មានឈ្មោះ វណ្ណ ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឡើយ ដោយ​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​នៅ​តាម​ភូមិ​ជា​យូរ​មក​ហើយ ។

ប្រភព​បន្ត​ទៀត​ថា ដី​ខាងលើ គឺជា​កម្មសិទ្ធិ​របស់​អនុ​ភូមិ​ទឹក​ចេញ ដោយ​អះអាង​ថា មាន​ប្លង់​ត្រឹម​ត្រូវ​អស់ហើយ រីឯ​ការ​ជីក​កកាយ​នេះ ក៏​បាន​សុំ​ច្បាប់​ចេញពី​មន្ទីរ​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

បើ​តាម​សម្តី​លោក វណ្ណ ធី ម្ចាស់​គ្រឿងចក្រ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ៖ រូបគេ​បាន​សុំ​ច្បាប់​ខាង​មន្ត្រី​ជំនាញ​អស់ហើយ ថែម​ទាំង​មាន​អ្នក​ទៅ​យក​លុយ​ពេល​គ្រឿងចក្រ​កំពុង​ជីក​កកាយ​​ផង​ដែរ តែ​អត់​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​កាន់​នឹង​ដៃ​នោះ​ទេ ។ ចំណែកឯ​ម្ចាស់​ដី​ដែល​ខាង​លោក​ជីក​កកាយ ក៏​គេ​មាន​ប្លង់ និង​មានការ​សុំ​ច្បាប់​ចេញពី​មន្ទីរ​ជំនាញ​អស់ហើយ​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ នៅ​ឆ្នាំ​២០២១ ខាង​ក្រសួង​របស់​លោក បាន​បង្វែរ​ការ​សុំ​ច្បាប់​ជីក​កកាយ​ដី​នេះ ដោយ​ឱ្យ​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី ទៅ​សុំ​ច្បាប់​ចេញពី​ខាង​អាជ្ញាធរ ស្រុក ក្រុង វិញ មិន​ពាក់ព័ន្ធ​នឹង​មន្ទីរ​របស់​​លោក​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា បើ​ចង់​ដឹង​ច្បាស់ អាច​ទាក់ទង​ទៅ​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ​នោះ​ទើប​ដឹង​ច្បាប់​ជាង​នេះ ។

ចំណែក​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ៖ ការ​សុំ​ច្បាប់​ជីក​កកាយ​ដី​ដឹក​លក់ មិន​អាច​អនុញ្ញាត​ឱ្យ​ជីក​កកាយ​ដី​ភ្នំ​របស់​រដ្ឋ​បាន​ឡើយ បើ​ទោះបីជា​ម្ចាស់​ដី​កម្មសិទ្ធិ​នោះ មាន​ប្លង់​រឹង​ក៏​ដោយ ព្រោះ​ប៉ះពាល់​ដល់​បរិស្ថាន ។

លោក​បន្ត​ទៀត​ថា គ្រឿងចក្រ​ខាងលើ​ជីក​កកាយ​ដី​ភ្នំ ខាង​លោក​មិន​បាន​អនុញ្ញាតិ​នោះ​ទេ ហើយ​បើសិនជា​មាន​ករណី​ជីក​កកាយ​មែន ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ