ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះក្នុងឱកាសចុះពិនិត្យមើលពីវឌ្ឍនភាព និងសំណេះសំណាលជាមួយបណ្តុំអាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ នៅភូមិវាលវង់ និងភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន លោក វង់ ទ្រី ជំនួយការនាយកកម្មវិធី អាស់ស្ប៉ាយ (Aspire) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញបណ្តុំអាជីវកម្មបន្លែ និងបណ្តុំអាជីវកម្មមាន់ស្រែ ឱ្យបន្តចងក្រងគ្នាជាបណ្តុំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ។

លោក វង់ ទ្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលប្រកបមុខរបរកសិកម្ម ។ ដូច្នេះរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធី អាស់ស្ប៉ាយ (Aspire) ដែលមានឈ្មោះថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យប្រជាកសិករធ្វើអាជីវកម្មកសិកម្មឱ្យទទួលបានផលចំណេញ និងបានកម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។

លោកបានផ្តាំផ្ញើដល់បណ្តុំអាជីវករទាំងអស់ត្រូវដាំដុះ និងចិញ្ចឹមសត្វឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស កុំប្រើប្រាស់ជាតិគីមី ទើបតម្លៃទីផ្សាររបស់បន្លែ និងសាច់សត្វមានទីផ្សារខ្ពស់ ជាពិសេសប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពដោយចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗឱ្យកាន់តែសកម្មទ្វេឡើងថែមទៀត ដើម្បីឱ្យសមាជិកបណ្តុំគ្រប់ៗគ្រួសារមានស្បៀងអាហារហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា នាពេលកន្លងមកមន្ត្រីជំនាញរបស់មន្ទីរ បានចុះផ្សព្វផ្សាយបច្ចេកទេស និងផ្តល់ជាទុន មានពូជ មានជី ហើយឆ្នាំនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនកសិករ សុវត្ថិភាព អាហ្គ្រោ ណេតឈ័រ (AGRO Nature) ដែលជាក្រុមហ៊ុនទិញបន្លែសុវត្ថិភាពចេញពីខេត្តប៉ៃលិន ។
ដូច្នេះបានធ្វើឱ្យកម្មវិធីនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លង កូវីដ-១៩ ។ លោកក៏បានណែនាំបន្ថែមដល់មន្ត្រីជំនាញដែលអនុវត្តកម្មវិធី និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ក្នុងការក្រសោប និងចាប់យកកាលានុវត្តភាព បង្កើនការផលិត ដើម្បីធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប ។
សូមបញ្ជាក់ថា ការអនុវត្តកម្មវិធី Aspire នៅខេត្តប៉ៃលិន បានចាប់អនុវត្តន៍ពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ដោយគម្រោងបានធ្វើការផ្សព្វផ្សាយ និងបានចងក្រងជាបណ្តុំបានចំនួន ៣៨ បណ្តុំ មានដូចជា ៖ បណ្តុំដាំបន្លែ បណ្តុំវារីវប្បកម្ម ការចិញ្ចឹមមាន់ស្រែ និងឈើហូបផ្លែ ក្នុងនោះបណ្តុំអាជីវកម្មបន្លែ បានចងក្រងចំនួន ៤ បណ្តុំ មានកសិករចំនួន ៦៨នាក់ ស្ត្រី ៦នាក់ ហើយផ្ទៃដីដាំដុះសរុបចំនួន ៦,៥៣ហិកតា ក្នុងនោះមានផ្ទះសំណាញ់ចំនួន ៧ ទីតាំង ដែលផ្ទៃដីដាំដុះសរុប ២,០៤០ម៉ែត្រការ៉េ ដោយឡែកបណ្តុំចិញ្ចឹមមាន់ស្រែ មានចំនួន ១៥ បណ្តុំ នៅក្រុងប៉ៃលិនចំនួន ៨ បណ្តុំ និងនៅស្រុកសាលាក្រៅចំនួន ៧ បណ្តុំ ៕
ចែករំលែកព័តមាននេះ