រាជធានីភ្នំពេញ ៖ ជាងម៉ូតូម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ ខណៈពេលដែលកំពុងតែធ្វើម៉ូតូឆាបឆេះសាំងក្លាយជាអគ្គីភ័យឆាបឆេះម៉ូតូ ដែលហេតុការណ៍អគ្គីភ័យនេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចជាន់ក្រោមដីក្នុងក្រុមហ៊ុន ដែលស្ថិតនៅ តាមមហាវិថីសហព័ន្ធរ៉ូស្ស៊ី កែងផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទោះបីជាយ៉ាងណាភ្លើងបានឆាបឆេះរាលដាលឡើយ ត្រូវបានក្រុមបុគ្គលិកនាំគ្នាជួយពន្លត់ទាន់ បុរសរងគ្រោះពុំស្គាល់អត្តសញ្ញាណឡើយមានអាយុ ប្រមាណជាង៣០ឆ្នាំ ជាជាងម៉ូតូនៅក្រុមហ៊ុន ណារីតា វេស្ប៉ាខាងលើ ត្រូវភ្លើងឆេះខោអស់រងរបួសធ្ងន់ធ្ងរ ។
នៅក្នុងហេតុការណ៍នេះ ម៉ូតូវេស្ប៉ាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ១CJ.3003 ត្រូវភ្លើងឆេះបានរងការខូចខាតផងដែរ ។

តាមព័ត៌មានពីក្រុមជាងដូចគ្នា បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជាងម៉ូតូរងរបួសខាងលើបានជួសជុលម៉ូតូមួយគ្រឿង ខណៈនោះមិនដឹងមូលហេតុ អ្វីទេ ស្រាប់តែភ្លើងបានឆាប់ឆេះសាំងសម្រាប់លាងម៉ូតូ ដែលទុកក្បែរនោះក្លាយជាអគ្គីភ័យឆាបឆេះម៉ូតូ និងឆេះខោអាវជាងរូបនោះតែម្តង ។

ភ្លាមៗនោះបុគ្គលិកក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់អស់២ បំពង់រួចភ្លើងបានរលត់ទៅវិញ ។

តាមជាងដូចគ្នាបានអោយដឹងថា មូលហេតុដែលកើតមានអគ្គីភ័យ ដោយសារតែជាងរូបនោះជួសជុលម៉ូតូ ក៏បានសាកភ្លើងអាគុយ បានបែកផ្កាភ្លើងឆាបឆេះជាមួយសាំងដែលនៅក្បែរនោះក្លាយជាអគ្គីភ័យតែម្តង ។

ជនរងគ្រោះត្រូវបានបុគ្គលិកដូចគ្នានាំឡើងជិះម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរពេទ្យតែពុំដឹងថា បញ្ចូនទៅកាន់មន្ទីរពេទ្យណាឡើយ ។ តាមម្ចាស់ម៉ូតូបានអោយដឹងថា នៅវេលាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ គាត់បានយកម៉ូតូទៅធ្វើនៅក្រុមហ៊ុន ដើម្បីអោយជាងជួសជុល ធ្វើមើលប្រព័ន្ធភ្លើងស្រាប់តែជាងធ្វើឆេះម៉ត់តែម្តង៕
ចែករំលែកព័តមាននេះ