ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ទៀត​ហើយ​!​ គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ខ្លាំង​ប៉ះ​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កក្រើក​សង្វៀន​ទៀតហើយដោយ​សារ​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ ស​ប្ដា​ហ៍​នេះ សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា​ដែល​ត្រូវ​ប៉ះ​គ្នា​ចំនួន​២​គូ ។ កីឡាករ ខេ​ម ចាន់…

រាជធានី​ភ្នំពេញ ៖ កក្រើក​សង្វៀន​ទៀតហើយដោយ​សារ​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៧ កុម្ភៈ ស​ប្ដា​ហ៍​នេះ សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា​ដែល​ត្រូវ​ប៉ះ​គ្នា​ចំនួន​២​គូ ។ កីឡាករ ខេ​ម ចាន់ ជើង​ខ្លាំង​ប្រចាំ​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ វ៉ា​ន់ វឿ​ន ជើង​ខ្លាំង​ប្រចាំ​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​លន បញ្ញា មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។

រវាង​ខេ​ម ចាន់ និង​វ៉ា​ន់ វឿ​ន សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា មាន​បទ​ពិសោធ​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​ទាំង​សងខាង​សុទ្ធតែ​អះអាង​ថា បាន​ត្រៀមខ្លួន​ទុកជា​មុន ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ ។ ខេ​ម ចាន់ ផ្លែ​កែង​និង​ជង្គង់​របស់​គេ​ល្អ​ខ្លាំង​ណាស់ ឯ​ចិត្ត​របស់​គេ​ក៏​សឿង​គ្រាន់បើ​ដែរ​ពោល​គឺ​វាយ​មិន​ចេះ​ដកថយ​នោះ​ទេ ។ ចំណែក​វ៉ា​ន់ វឿ​ន​ក៏​ខ្លាំង​មិនធម្មតា ផ្លែ​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​គ្រប់​ស្ថានការណ៍ ។ បើ​និយាយ​ពី​ស្នៀត​កណ្ដាប់ដៃ​របស់​គេ​វិញ​នោះ​ពិតជា​ល្អ​ខ្លាំង​ណាស់​ថែម​ទាំង​មានចិត្ត​អំណត់​ទៀត​ផង ។ សម្រាប់​ទស្សនៈ​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា វ៉ា​ន់ វឿ​ន នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​។

មួយគូ​ទៀត​កីឡាករ​សួន ចាន់​នី និង​លន បញ្ញា បាន​ក្លាយជា​គូ​សងសឹក​ដោយសារ​ពួក​គេ​ធ្លាប់​ប៉ះ​គ្នា​ចំនួន​២​លើក​រួច​មក​ហើយ ។ កាលពី​លើក​ទី​១​សួន ចាន់​នី ធ្លាប់​វាយ​លន បញ្ញា ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​៤​ម្ដង ។ ប៉ុន្តែ​សម្រាប់​ការ​ជួប​គ្នា​លើក​ទី​២ លន បញ្ញា សងសឹក​បាន​សម្រេច​វិញ ដោយ​យកឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

ដូច្នេះ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​ទី​៣​នេះ គឺជា​រឿង​សំខាន់​មួយ ដោយ​សារ​អ្នក​ណា​ឈ្នះ​ក្រៅពី​ក្លាយជា​​ម្ចាស់​ប្រាក់​លាន​ហើយ​ក៏​នឹង​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​នឹង​ទទួល​ការ​រិះគន់​និង​ធ្លាក់​ក្រេ​ឌី​ត​មិន​ខាន​។ គូ​នេះ​បើ​ពិនិត្យ​លើ​ការ​ប្រកួត​ទាំង​ពីរ​លើក​កន្លង​មក មាន​ស្នៀត​ប្រយុទ្ធ​ប្រហាក់​ប្រហែល​​គ្នា បូក​រួម​ទាំង​មាឌ​និង​កម្ពស់ ។ ពិបាកសន្និដ្ឋាន​ខ្លាំង​ណាស់​ថា​អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន ដូច្នេះ​មាន​តែ​រង់ចាំ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​គង់តែ​ដឹង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ