ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី នឹង​រយាល​ពី​កីឡា​ជា​បណ្ដើរ​ៗ ក្រោយ​រៀប​ការ​តាម​បែប​សម័យ​​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ ដែល​ជា​ថ្ងៃ​រលក​ទី​៣ នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​-១៩​​ចូល​​ក្នុង​សហគមន៍ មិន​ត្រឹមតែ​បង្អាក់ដំណើរ​កីឡាការិនី ស៊ន សៀវ​ម៉ី មិន​ឱ្យ​បាន​ចេញ​ទៅ​ហ្វឹក​ហាត់​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដូច​ការ​គ្រោងទុក​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ ដែល​ជា​ថ្ងៃ​រលក​ទី​៣ នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​-១៩​​ចូល​​ក្នុង​សហគមន៍ មិន​ត្រឹមតែ​បង្អាក់ដំណើរ​កីឡាការិនី ស៊ន សៀវ​ម៉ី មិន​ឱ្យ​បាន​ចេញ​ទៅ​ហ្វឹក​ហាត់​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដូច​ការ​គ្រោងទុក​នោះ​ទេ សូ​ម្បី​តែ​គម្រោង​រៀបចំ​មង្គលការ​ឱ្យ​ផ្អើល​​ប្រទេស​​សម​នឹង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​កីឡា ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ ។ នាង​ត្រូវ​បង្ខំចិត្ត​រៀប​ការ​​ស្ងាត់​ៗ ដែល​មាន​ទម្រង់​ដូច​សែនព្រេន​កាលពី​ថ្ងៃ​ទី២២ កុម្ភៈ ឆ្នាំ​២០២១ ដែល​មង្គលការ​នេះ ក៏​​កើត​ក្រោយ​ពេល​នាង​បាន​ក្លាយជា​ជំទាវ​ក្នុង​មុខ​តំណែង​ជាជំនួយការ​របស់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា មាន​ឋានៈ​ស្មើនឹង​អគ្គនាយក​។

លោក​ជំទាវ​ស៊ន សៀវ​មី និយាយ​ថា ក្រោយពេល​រៀប​ការ នាង​នឹង​មិន​សកម្ម​ក្នុង​ការ​ប្រកួត​កីឡា​ដូច​​មុន​ទៀត​ទេ គឺ​នាង​ទទួល​តែ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ដែល​អាច​មាន​តែ​ប៉ុន្មាន​ប្រកួត​ទៀត​​ប៉ុណ្ណោះ ដោយសារ​តែ​នាង​ត្រូវការ​មើលថែ​គ្រួសារ ហើយ​បើ​នាង​ក្លាយជា​ម្ដាយ​គេ​ផង គឺ​ពិតជា​​ត្រូវ​​ថ្នមខ្លួន ។ នាង​នឹង​អាច​ដើរ​តាម​គន្លង​បងស្រី តែ​អាច​មិន​ឈប់​ទាំងស្រុង​នោះ​ទេ គឺ​អាច​នៅ​ធ្វើ​ជា​គ្រូបង្វឹក និង​ជា​អ្នក​ផ្ដល់​យោបល់​ជាដើម ដោយសារ​តែ​នាង​ក៏​ស្រលាញ់​ពេញចិត្ត​នឹង​កីឡា​ដូច​គ្នា​។

នាង​សម្ដែង​អារម្មណ៍​ខកចិត្ត ដែល​មិន​បាន​រៀប​ការ​ធំដុំ តែ​នាង​ក៏​មាន​មោទនភាព​ណាស់​ដែរ ​ដែល​​បាន​រៀប​ការ និង​រៀបចំ​គ្រួសារ​មួយ​ជាមួយ​បុរស​ដែល​នាង​ស្រលាញ់ ។ នាង​ថា ហេតុផល​ដែល​​នាង​មិន​រង់ចាំ​ដល់​ចប់​កូ​វី​ដ​-១៩​ទើប​រៀប​ការ​ធំដុំ គឺ​ដោយសារ​តែ​ពេលវេលា​កាន់តែ​អូស​បន្លាយ និង​ម្យ៉ាង​ដោយសារ​តែ​នាង​មិន​ចង់​បន្ត​រស់នៅ​ភាព​ជា​គូ​ដណ្ដឹង​មួយ​ខែ​ហើយ​មួយ​ខែ​ទៀត។

នាង​នឹង​អាច​រៀបចំ​ពិធី​កាត់​ចំណងដៃ​ធំដុំ​ម្ដងទៀត តែ​មិន​ទាន់​ច្បាស់​ថា ត្រូវធ្វើ​ឬ​ធ្វើ​តែ​បុ​៉​ន​ហ្នឹង​បញ្ចប់​​នោះ​ទេ ដោយសារ​តែ​នាង​ក៏​មិន​ទាន់​ច្បាស់លាស់​។ នាង​ថា ខ្លួន​នៅ​តែ​បន្ត​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស ក្នុង​នោះ​នាង​ក៏​នឹង​ទទួល​បានការ​ថត​ស្ព​ត​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ប្រសិនបើ​មានការ​ទំនាក់ទំនង បន្ទាប់​ពី​នាង​ក៏​ទើបតែ​ថត​ស្ព​ត​ឱ្យ​ក្រុមហ៊ុន​ដល់​ទៅ​២​តែ​ម្ដង នា​ចុងឆ្នាំ​២០២០ ដែល​កាន់តែ​ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា នាង​មាន​យីអ៊ុន​ខ្លាំង ក្រោយ​មាន​គូស្នេហ៍​នោះ​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្នភាព​របស់ ស៊ន សៀវ​ម៉ី កាន់តែ​ធ្វើ​ឱ្យ​គេ​ផ្ដោត​ការ​ចាប់​អារម្មណ៍ ដោយ​សារ​តែ​នាង​ស្ងាត់​ឱកាស​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ផ្ដាច់មុខ​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​ជា​យូរ​មក​ហើយ តែ​បាន​តំណែង​ជា​លោក​ជំទាវ ដោយសារ​តែ​នាង​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ជំនួយការ​សម្ដេច​ប្រធាន​ព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​អគ្គនាយក​នោះ ។

ដ្បិតតែ​នាង​ត្រូវ​លុប​ចោល​គម្រោង​ចាកចេញ​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​ជា​យូរ​មក​ហើយ ហើយ​អាច​នឹង​បន្ត​ពន្យារ តែ​នាង​ក៏​នៅ​តែ​មានការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១ នៅ​វៀតណាម​នា​ចុងឆ្នាំ​ខាង​មុខ​នេះ ។ ក្នុង​នោះ​នាង​ក៏​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ តាម​រយៈ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ដែល​ជា​អ្នក​ថតរូប​អាជីព ស្រប​ពេល​ដែល​នាង និង​គូស្នេហ៍ ក៏​កាន់តែ​បង្អួត​ចំណង​ស្នេហ៍ ធ្វើ​ឱ្យ​អ្នកខ្លះ​ច្រណែន មុន​ពេល​សំពះ​ផ្ទឹម​ផង​ដែរ​។

អ្នកគាំទ្រ​ភាគច្រើន​លើក​ឡើង​ថា ស៊ន សៀវ​ម៉ី ដ្បិតថា​ថមថយ​ប្រជាប្រិយ​ក្នុង​វិស័យ​កីឡា មិន​ដូច​ពេល​នាង​ឈ្នះ​មេដាយ​កម្រិត​អា​ស៊ីកក្រើក​មហាជន​កាលពី​ឆ្នាំ​២០១៤ ក៏​ពិតមែន ប៉ុន្តែ​នាង​នៅ​តែ​ល្បី និង​នៅ​តែ​ឈរជើង​ជាតា​រា​ដែល​មាន​យីអ៊ុន ជា​ពិសេស​ការ​ថត​ស្ព​ត​នា​ពេល​ចុង​ក្រោយ និង​​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ក្នុង​រឿងរ៉ាវ​ឯកជន ។

អ្នកគាំទ្រ​មិន​តិច​ទេ យល់​ថា នាង​គឺជា​កីឡាការិនី​ដែល​មាន​ភាព​ជោគជ័យ​ទាំង​ព្រម ទាំង​ស្នេហា ទាំង​តំណែង ទាំង​វិស័យ​កីឡា ទាំង​មុខ​ជំនួញ​អន​ឡាញ​នា​ពេល​កន្លង​មក និង ទាំង​ការងារ​ថត​ស្ព​ត​ធំ​ៗ ដែល​កីឡាការិនី​ផ្សេង​ទៀត​នៅ​មិន​ទាន់​ប្រជែង​បាន ។ នាង​ក៏​ជានា​រី​ខ្ពស់ស្រឡះ ដែល​មាន​រូប​សម្រស់​ស្រស់​សោភា​មិន​អន់​ដែរ ពោល​គឺ​មិន​ចាញ់​តារា​ម៉ូ​ដែល​អាជីព​។

ជាមួយនឹង​ភាព​លេចធ្លោ​ទាំង​ព្រម​នេះ​ហើយ ដែល​ជីវិត​ស្នេហា​របស់​នាង​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ស្ទើរ​គ្រប់​សកម្មភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ស៊ន សៀវ​ម៉ី បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក កែវ ដេ​វី​ដ កាលពី​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២០ ដែល​ជា​ជាង​ថតរូប​អាជីព​មួយ​រូប​។ មុន​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ អ្នក​ទាំង​ពីរ​ស្គាល់គ្នា​១​ឆ្នាំ​មក​ហើយ ដោយ​ផ្ដើម​ក្នុង​ពេល​ដែល​នាង​ទៅ​ថត​ស្ព​ត​មួយ ហើយ​គូ​ដណ្ដឹង​របស់​នាង គឺជា​អ្នក​ទទួល​ការងារ​នោះ​ដោយ​ផ្ទាល់ ។ នាង​ធ្លាប់​ប្រកាស​ថា ពេល​ជួប​គ្នា​ដំបូង អនាគត​កូនកំលោះ​របស់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម ៣​សម័យ​រូប​នេះ មិន​បាន​ស្គាល់​ថា សៀវ​ម៉ី ជា​នរណា​ឡើយ តែ​ដោយ​មានការ​ណែនាំ​ប្រាប់​ពី​ក្រុមការងារ​របស់​លោក កែវ ដេ​វី​ដ ជា​គូ​ដណ្ដឹង ទើប​ផ្ដើម​ឲ្យ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា តាំងពី​ថ្ងៃ​នោះ​មក​។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា ចំណង​ស្នេហ៍​មួយ​នេះ​ផ្ដើម​ចេញពី​ចិត្ត និង​ចិត្ត បន្ទាប់​មក​ទើប​អ្នក​ទាំង​ពីរ​ប្រាប់​ម៉ាក់​-​ប៉ា​ទាំង​សងខាង​ឲ្យ​ដឹង​…​។ នាង​ធ្លាប់​បញ្ជាក់​បន្ត​ថា ការ​ជ្រើសរើស​គូស្រករ​លុយ​មិនមែន​ជម្រើស​ទី​១​នោះ​ទេ ម្យ៉ាង​មក​ពី​នាង និង​គូ​ដណ្ដឹង​សុទ្ធតែ​មានមុខ​ជំនាញ​រៀងខ្លួន ដែល​អាច​រក​លុយ​បាន​ដោយ​ខ្លួនឯង ។

នាង​អះអាង​ទៀត​ថា បើ​ទោះជា​នាង​គឺជា​កីឡាការិនី ប៉ុន្តែ​ការ​ប្រើ​ក្បាច់គុន​ដោះស្រាយ​បញ្ហា​គឺ​មិន​មាន​នោះ​ទេ ដោយសារ​តែ​ក្នុង​សម័យនេះ គឺ​មិន​ប្រើ​អំពើ​ហិង្សា​ជា​ធំ ។ កីឡាការិនី​កម្ពស់ ១.៨៣​ម៉ែត្រ​រូប​នេះ​បញ្ជាក់​ថា មង្គលការ​គ្រោង​រៀបចំ​ឆ្នាំ​ក្រោយ ដោយ​ទោះជា​មាន​បញ្ហា​កូ​វី​ដ​-១៩ កើត​ឡើង​ប៉ុនណា ក៏​នឹង​ធ្វើ​ឱ្យ​បាន​មុន​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា នា​ឆ្នាំ​២០២៣ នោះ​ដែរ​។ ជាមួយ​គ្នា​នោះ នាង​ក៏​បញ្ជាក់​ពី​គម្រោង​លាឈប់​ផង​ដែរ ដោយ​គ្រាន់តែ​មិន​ទាន់​កំណត់​បាន ព្រោះ​ត្រូវ​ចាំ​មើល​កម្លាំង​ជាក់ស្ដែង​សិន​។

នាង​និយាយ​ថា​៖«​ក្រោយ​បញ្ចប់​អាជីព​កីឡា​តេ​ក្វា​ន់​ដូ ខ្ញុំ​ប្រហែលជា​ទៅ​រកស៊ី​ក្រៅ គ្រាន់តែ​ថា ក្នុង​នាម​យើង​ធ្លាប់​ជា​កីឡាការិនី​តំណាង​ជាតិ​និង​ស្រឡាញ់​កីឡា​នេះ ខ្ញុំ​នៅ​តែ​ចូលរួម​បំផុស​បំផុល ឲ្យ​មានការ​ចូលរួម​លេង​កីឡា​នេះ​ឲ្យ​បាន​ច្រើន ។ ម្យ៉ាង​ខ្ញុំ​ក៏​ចង់​ទុក​ឱកាស​ឲ្យ​ប្អូន​ៗ
ជំនាន់​​ក្រោយ​ដែល​មាន​សមត្ថភាព បាន​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​ផ្សេង​ៗ​ដែរ​…​។ ចំពោះ​ស៊ី​ហ្គេ​ម បើ​ខ្ញុំ​អាច​យក​មេដាយ​ជូន​ជាតិ​បាន ខ្ញុំ​នៅ​តែ​បន្ដ​ជួយ​យក​មេដាយ​ជូន​ជាតិ ទោះបី​ខ្ញុំ​មានការ​ងារ​ខាងក្រៅ ព្រោះ​ខ្ញុំ​មាន​មោទនភាព ពេល​បាន​ប្រកួត​តំណាង​ជាតិ​ម្ដង​ៗ»​។

សូម​បញ្ជាក់​ថា ស៊ន សៀវ​ម៉ី ជា​កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្រិត​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា ក្រោយ​នាង​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រសិទ្ធ​នាមជា​វីរ​កីឡាការិនី​កម្ពុជា បន្ទាប់​ពី​កញ្ញា​កែប្រែ​ប្រវត្តិសាស្ត្រ​ដណ្តើម​បាន​មេដាយមាស​កីឡា​អាស៊ី កាលពី​ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ ។ នាង​ក៏​ជា​កីឡាការិនី​កម្ពុជា​ដំបូង ដែល​ទទួល​បាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ឆ្នាំ​២០១៦ នៅ​ប្រេ​ស៊ី​ល និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម ៣​សម័យកាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ