ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ប្រកាស​ទទួលស្គាល់​សមាជិក​គណៈកម្មាធិការ​នាយក​១៣​រូប និង​លុប​ចោល​សេចក្តីសម្រេច​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច សម្រេច​ប្រកាស​ទទួលស្គាល់​សមាជិកភាព​ថ្មី​ចំនួន​១៣​នាក់ ជំនួស​អ្នក​បាត់បង់ និង​សម្រេច​ទុក​មោឃៈ​សេចក្តីសម្រេច​មួយ​ចំនួន ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក នៅ​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊ុន​ស៊ិ​ន​ប៉ិច សម្រេច​ប្រកាស​ទទួលស្គាល់​សមាជិកភាព​ថ្មី​ចំនួន​១៣​នាក់ ជំនួស​អ្នក​បាត់បង់ និង​សម្រេច​ទុក​មោឃៈ​សេចក្តីសម្រេច​មួយ​ចំនួន ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​នាយក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​លើក​ឡើង​ថា សម្ដេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ស្ថិត​ក្នុង​ករណី​ប្រធាន​ស័ក្តិ ដូច​មាន​ចែង​ក្នុង​ប្រការ​២៤ វាក្យខណ្ឌ​បី​នៃ​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ឬ​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ឬ​មិន​អាច​បំពេញភារកិច្ច​ជូន​គណបក្ស​បាន​ដោយ​ប្រការ​ផ្សេង​ៗ​ដូច​មាន​ចែង​ក្នុង ប្រការ​៥ ចំណុច​៥.៣ នៃ​បទបញ្ជាផ្ទៃក្នុង ។

ប្រភព​បន្ត​ថា បញ្ហា​សម្តេចក្រុមព្រះ​ព្រះ​អវត្តមាន​រយៈពេល​យូរ​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​ក្នុង​គណបក្ស​ឆ្លៀតឱកាស​រុះរើ​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស​ដោយ​រំលោភ​លើ​នីតិវិធី​រដ្ឋបាល លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង ដោយ​ប្រើប្រាស់​ព្រះ​ហស្ត​លេខា​ផ្តិត​ចម្លង ឬ​ត្រា​ព្រះ​ហស្ត​លេខា​របស់ សម្តេចក្រុមព្រះ​ក្នុង​ខណៈ​ដែល​ព្រះ​អង្គ​គង់​ព្យាបាល​ព្រះ​សុខភាព​នៅ​បរទេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ឥស្សរជន និង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​បង្កើត​ភាព​អនាធិបតេយ្យ​បាត់បង់​សណ្តាប់ធ្នាប់​បង្ក​ការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ផ្អែក​តាម​មូលហេតុ​ខាងលើ​នេះ សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គ្នា ប្រជុំ​វិសាមញ្ញ​លើក​ទី​២ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្រប​តាម​ប្រការ​១ ចំណុច​១.៣ នៃ​បទបញ្ជាផ្ទៃក្នុង ដើម្បី​ពិនិត្យ​កិច្ចការ​ទូទៅ របស់​គណបក្ស និង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មួយ​ចំនួន​ស្រប​តាម​ស្មារតី​ខ្លឹមសារ​នៃ​លិខិត​លេខ​១៥២៥ ស​ជ​ណ ចុះ​ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០១៨ និង​លិខិត​លេខ​៣២៤១ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ ដែល​ទទួល​បាន​លទ្ធិ​ផល​ដូច​ខាងក្រោម ៖ ប្រកាស​សមាសភាព​គណៈកម្មាធិការ​នាយក​ដែល​នៅ​មាន​សុពលភាព​ចំនួន​១៤​រូប ។

ជ្រើសរើស​លោក​ញ៉េ​ប ប៊ុ​ន​ជិន ជា​តំណាង​គណៈកម្មាធិការ​នាយក ដើម្បី​ដឹកនាំ អង្គប្រជុំ​គណៈកម្មាធិការ​នាយក និង​ប្រគល់​ភារកិច្ច​ចុះហត្ថលេខា​លើ​ឯកសារ​ផ្សេង​ៗ ។ ទុកជា​មោឃៈ​សេចក្តីសម្រេច​មួយ​ចំនួន ដែល​បាន​ធ្វើ​ឡើង​ដោយ​រំលោភ​នីតិវិធី​រដ្ឋបាល និង​លក្ខន្តិកៈ និង​កែសម្រួល អនុម័ត​បទបញ្ជាផ្ទៃក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​មាន ១២​ជំពូក និង​២៣ ប្រការ ។ ប្រកាស​សុពលភាព​សមាជិក​គណៈកម្មាធិការ​នាយក​ចំនួន​១៣​រូប ដែល​ត្រូវ​ដាក់​ជំនួស​សមាសភាព​សមាជិក​គណៈកម្មាធិការ​នាយក​ដែល​បាត់បង់​សមាជិកភាព ។

អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ត្រា​មូល​ថ្មី​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច លើ​ឯកសារ​ផ្លូវការ​នានា​ដោយ​ចាត់​ទុក​ត្រា​មូល​ចាស់​ជា​មោឃៈ ស្រប​តាម​លិខិត​លេខ​០២១១/១៨ ហស​ប ចុះ​ថ្ងៃ​ទី​០៥ ខែ សីហា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ជូនដំណឹង​អំពី​គំរូ​ត្រា​មូល​ថ្មី​ជូន​ក្រសួងមហាផ្ទៃ​ជ្រាប​ជា​ព័ត៌មាន កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៨ ។

ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​ឯកភាព ប្រគល់​ការងារ​ជូន​គណៈកម្មការ​ដោះស្រាយ​កិច្ចការ​ទូទៅ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច «​គ​.​ក​.​ទ​»​ឲ្យ​បន្ត​បំពេញភារកិច្ច​ដូច​មាន​ចែង​ក្នុង​សេចក្តីសម្រេច​លេខ​០១០៥/១៨ ហស​ប ចុះ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ពិនិត្យ​លទ្ធភាព​ពង្រីក​បន្ថែម​នូវ​សមាសភាព​គណៈកម្មការ​នេះ​។ អនុវត្ត​តាម​ស្មារតី​លិខិត​លេខ​១៥២៥ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ និង​លិខិត លេខ​៣២៤១ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ និង​រៀបចំ​សណ្តាប់ធ្នាប់ វិន័យ​ផ្ទៃក្នុង គណបក្ស​ឡើង​វិញ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ