ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ ដែលបាន​រំដោះ​នារី​ចិន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រឈម​នឹង​ការ​ពិន័យ​តាម​អនុក្រឹត្យ​ថ្មី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​សណ្ឋាគារ​ម្នាក់ ដែល​បាន​រំដោះ​ស្ត្រីជន​ជាតិចិន​ចំនួន ៤​នាក់ ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រឈម​នឹង​ការ​ពិន័យ ខណៈ​អ្នកជំនាញ​ច្បាប់​និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល កំពុង​ពិភាក្សា​និង​វាយតម្លៃ​លើ​ទោសទណ្ឌ​តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល (​មួយ​គុណ​នឹង​ប្រាំ​)…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​សណ្ឋាគារ​ម្នាក់ ដែល​បាន​រំដោះ​ស្ត្រីជន​ជាតិចិន​ចំនួន ៤​នាក់ ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រឈម​នឹង​ការ​ពិន័យ ខណៈ​អ្នកជំនាញ​ច្បាប់​និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល កំពុង​ពិភាក្សា​និង​វាយតម្លៃ​លើ​ទោសទណ្ឌ​តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល (​មួយ​គុណ​នឹង​ប្រាំ​) ។

គួរ​ជម្រាប​ផង​ដែរ​ថា ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់​ទីតាំង​សណ្ឋាគារ​សុខា​ភ្នំពេញ ទីតាំង​មួយ​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ប៉ុន្មាន​ថ្ងៃមុន ផ្ទុះ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​សន្តិសុខ​ម្នាក់ បាន​រំដោះ​ស្ត្រីជន​ជាតិចិន​ចំនួន ៤​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​ចេញ​មក​កម្សាន្ត​នៅ​ខាងក្រៅ រួច​ហើយ​ទើប​ត្រឡប់​ចូល​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ ក្នុង​ចំណោម​ស្ត្រី​ទាំង​៤​នាក់​នោះ មាន​ស្ត្រី​២​នាក់ ត្រូវ​បាន​ធ្វើតេស្ត រក​ឃើញ វិជ្ជមាន ចំពោះ​កូ​វី​ដ​-១៩ ។

បើ​តាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានអោយ​អ្នក​សារព័ត៌មាន​ដឹង​ថា សន្តិសុខ​រូប​នោះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ព្រោះ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ស្ត្រីជន​ជាតិចិន ដែល​ឆ្លង​កូ​វី​ដ​-១៩ ។ បន្ទាប់​ពី​គាត់​(​សន្តិសុខ​) បាន​ធ្វើ​ច​ត្តា​ឡី​ស័ក គ្រប់​១៤​ថ្ងៃ​ហើយ សន្តិសុខ​រូប​នោះ នឹង​ត្រូវ​ប្រឈម​ទោសទណ្ឌ ដែល​បាន​ល្មើស​នឹង​អនុក្រឹត្យ​ថ្មី ។

សូម​រម្លឹក​ថា សន្តិសុខ​ម្នាក់ រំដោះ​ស្ត្រី​៤​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​ចេញ​មក​កម្សាន្ត​ខាងក្រៅ មាន​ស្ត្រី​២​នាក់​ផ្ទុក​កូ​វី​ដ​(​វី​ដេ​អូ​)

ស្រប​ពេល​ដែល រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ចំនួន​០២ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញចូល ដោយ​ធ្វើការ​ផាកពិន័យ លើ​អ្នក​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​នាំ​គេចវេះ ។

មាត្រា​៨​ថ្មី នៃ​អនុក្រឹត្យ​ស្តី​ពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ​នៅ​តាម​ច្រក​ចេញចូល ចែង​ថា អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹក​ជញ្ជូន ដែល​គេច​មិន​ឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​៥​លាន​រៀល និង​តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​សុខាភិបាល ។

រីឯ​ជន​ដែល​ផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹក​ជញ្ជូន​ឲ្យ​គេច​ចេញពី​ការ​ត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការ​អនុវត្ត វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១០​លាន ទៅ ៥០​លាន​រៀល ។

ការ​ផ្ទុះ​សហគមន៍​លើក​ទី​បី នៃ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ មាន​សភាព​ធ្ងន់ធ្ងរ និង​សាហាវ​ជាង​មុន ដោយសារ​តែ​មាន​កំណើន​ខ្លាំង នៃ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ វា​បង្ក​អោយ​មានការ​ព្រួយបារម្ភ​ខ្លាំង ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ហើយ​រដ្ឋាភិបាល​កំពុង​តែ​ប្រឹង​អស់​លទ្ធភាព ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ព្រោះថា អ្នក​ឆ្លង​កូ​វី​ដ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មិន​រស់នៅ​ជុំ​គ្នា​នោះ​ទេ គឺ​រស់នៅ​រប៉ាត់រប៉ាយ ខណៈ​ក្នុង​ចំណោម​នោះ មាន​អ្នកជំងឺ​កូ​វី​ដ ៣​នាក់ មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ បំប្លែង​ថ្មី (​ឆ្លង​លឿន​ជា​វីរុស​កូ​វី​ដ​ធម្មតា​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ