ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នង នៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ តាមការអះអាងពីម្ចាស់ផ្ទះឈ្មោះ នូ រ៉ាវី ភេទប្រុស អាយុ៥៣ឆ្នាំ រងការឆេះមានទំហំ ៤ម៉ែត្រគុណ៨ម៉ែត្រ ផ្ទះធ្វើអំពីថ្មដំបូលសង្ក័សី។ ម្ចាស់ផ្ទះរងគ្រោះខាងលើបានបញ្ជាក់ថា ៖

នៅមុនពេលកើតហេតុ គាត់ និងប្រពន្ធបានដេកនៅក្នុងបន្ទប់ជាន់ខាងក្រោម ក៏បានឃើញអណ្តាតភ្លើងឆេះចេញពីគប់ភ្លើង ដែលតបណ្តាញអគ្គិសនីនៅក្នុងផ្ទះ ពេលនោះបានព្យាយមទាញទុយោទឹកបាញ់ពន្លត់ តែមិនរលត់ក៏បានរត់ចេញហៅអ្នកជិតខាងឲ្យមកជួយពន្លត់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន។ ចំពោះសម្ភាររងការខូចខាតរួមមាន ៖ ទូរទស្សន៍ ១គ្រឿង, ទូរស័ព្ទ ចំនួន៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត។

ផ្ទះរងបានខូចខាត៤០% គិតជាទំហំទឹកប្រាក់ប្រមាណ២០០០ដុល្លារ។ ដោយឡែកផ្ទះមួយខ្នងទៀតធ្វើពីឈើប្រក់សង្ក័សីទំហំ៣,៥ គុណ២០ម៉ែត្រ ឆេះអស់មួយកំណាត់ក្រោយ។ ម្ចាស់មានឈ្មោះ សៅ លីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។ ចំពោះសម្ភាររងការខូចខាតរួមមាន ៖ ម៉ូតូចាស់ៗ២គ្រឿង, ឆេះម៉ាស៊ីនម៉ូតូ ១គ្រឿង ,កុំព្យូទ័រ ២គ្រឿង, ម៉ាស៊ីនបញ្ចូលអាគុយ១គ្រឿង, ទូរស័ព្ទ១គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀតគិតជាទឹកប្រាក់ប្រមាណ ១ ០០០ដុល្លារ។ យោងតាមតាមការអះអាងពីម្ចាស់ផ្ទះកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង៕ ដោយ ៖ ណុប រក្សា
ចែករំលែកព័តមាននេះ