ខេត្តត្បូងឃ្មុំ ៖ ស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយមានផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានោះ គេក៏ឃើញមានវត្តមានលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តដែលទើបតែនឹងតែងតាំងថ្មី បានចុះមកបញ្ជា និងជួយអន្តរាគមន៍ដោយផ្ទាល់ផងដែរ។
លោកវរសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង ប្រាប់ឲ្យដឹងថា មុននឹងហេតុការណ៍កើតឡើងមានកម្មករចាក់ប្រេងជាស្ត្រីចំនួន២នាក់បានបូមប្រេងសាំងដាក់ចូលក្នុងប៊ីដុងដែលមានចំនួន២០ប៊ីដុង ដោយក្នុងមួយប៊ីដុងមានចំណុះ៣០លីត្រ ។ ស្របពេលនោះដែរ ខណៈពេលបូមបានចំនួន១២ប៊ីដុង ក៏ស្រាប់តែអគ្គិភ័យបានឆាបឆេះឡើងត្រង់ក្បាលបូមចាក់ប្រេងសាំងនោះ ជាហេតុបណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
អធិការនគរបាលក្រុងសួង ប្រាប់បន្តថា ពេលដែលឃើញភ្លើងឆាបឆេះសន្ធោសន្ធៅបែបនេះ កម្មករស្រីទាំង២នាក់ខាងលើបាននាំគ្នាគេចខ្លួនរកកន្លែងសុវត្ថិភាព ដោយសារតែខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ លុះពេលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបានតែបន្តិច ក៏មានប្រជាពលរដ្ឋរាយការណ៍មកប្រាប់រូបលោក ភ្លាមៗនោះ លោកក៏បានឲ្យរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការរដ្ឋាននគរបាលក្រុងសួង ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។
បន្ថែមលើសពីនេះទៀត លោកក៏បានរាយការណ៍ជូនលោកស្នងការនគរបាលខេត្ត ហើយត្រូវបានលោកស្នងការបញ្ជាឲ្យរថយន្តតាមបណ្ដាស្រុកក្នុងខេត្តត្បូងឃ្មុំ ចេញមកជួយអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីបាញ់ទឹកពន្លត់ ចៀសវាងកុំឲ្យភ្លើងឆាបឆេះទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្សេងទៀត។ ជាមួយនោះ លោកឧត្តមសេនីយ៍ត្រីម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ក៏បានចុះមកបញ្ជាដឹកនាំកម្លាំងដោយផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា ស្ថានីយលក់ប្រេងឥន្ធនៈខាងលើនេះ គឺជារបស់ឈ្មោះ តែ តុងហ៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិជើងឡង សង្កាត់សួងក្រុង សួងខេត្តត្បូងឃ្មុំ ។ ហើយក្នុងព្រឹត្តិការណ៍បាញ់ទឹកពន្លត់អគ្គិភ័យខាងលើនេះ បានប្រើប្រាស់ទឹកអស់ចំនួន២៥រថយន្ត ទើបរលត់ និងគ្រប់គ្រងស្ថានការណ៍បាន។
ចំពោះសម្ភារៈខូចខាតវិញ ក្នុងនោះរួមមាន ៖ ១-កុងទ័របាញ់ប្រេង២សំរាប់, ២-រថយន្តចំនួន២គ្រឿង (មួយរថយន្ត LEXUS 330 និងមួយគ្រឿងទៀតម៉ាកកូរ៉េ 2,5 តោន), ៣-ប្រេងម៉ាស៊ីន២០កេស, ៤-ម៉ូតូ៣គ្រឿង និងរ៉ឺម៉ក១គ្រឿង, ៥-ដំបូល១៥×១៨មែត្រ, ៦-ទូទឹកកក១គ្រឿង និង៧-តុឈើ១សំរាប់។ ហើយករណីឆេះស្ថានីយលក់ប្រេងឥន្ធនៈនេះ គឺមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ហើយក៏មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែរ។
បើតាមអធិការនគរបាលក្រុងសួង បានបញ្ជាក់ថា ជាមួយនោះ ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់ស្ថាប័នជំនាញបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមស្ថានីយលក់ប្រេងឥន្ធនៈនានានៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងឱ្យមានសុវត្ថិភាពល្អ ចៀសវាងកុំឲ្យមានដូចករណីនេះជាដើម៕