ខេត្តកណ្តាល ៖ ពលរដ្ឋមួយគ្រួសាររស់នៅក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្តីឈ្មោះ ព្រីង សារិទ្ធ អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ហួយ ស្រីនី អាយុ៣៨ឆ្នាំ ដែលមានជីវភាពទីទ័លក្រ ហើយត្រូវរស់នៅពឹងលើមុខរបររកនេសាទត្រី ដើម្បីចិញ្ចឹមកូនង្កើតតូចៗប្រុសស្រីរហូតដល់១០នាក់ឯណោះ។
បើតាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងអួលដើម.ក.ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា គាត់បានរៀបការជាមួយប្តីតាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នមានកូនស្រីប្រុសតូចៗចំនួន១០នាក់រស់នៅក្នុងកូនខ្ទមកំសត់ ដែលប្រក់ដំបូលស័ង្កសី និងគ្របតង់ធ្លុះធ្លាយ លុះពេលមានមេឃភ្លៀងម្តងៗ គឺលំបាកវេទនាណាស់មិនបានដេកពួននោះឡើយ ដោយសារទឹកលិចគ្រប់កន្លែងតែម្តង។
ស្ត្រីជាប្រពន្ធបន្តទៀតថា សព្វថ្ងៃគ្រួសារគាត់រស់នៅពឹងលើមុខរបរនេសាទត្រី ដើម្បីចិញ្ចឹមជីវិត ដោយថ្ងៃខ្លះ២នាក់ប្តីប្រពន្ធនាំគ្នារ៉ែកកូនទៅរកនេសាទត្រីទៀតផង ព្រោះទុកកូនតូចៗចោលនៅផ្ទះគ្មានអ្នកមើល ខ្លាចមានរឿងគ្រោះថ្នាក់ផ្សេងៗជាដើម។ ចំណែកមុខរបរនេសាទត្រីនេះ វាមិនទៀងទាត់នោះទេ ដោយថ្ងៃខ្លះបានត្រី៣ទៅ៤គីឡូក្រាមយកទៅលក់ គ្រាន់បានលុយទិញអង្ករដាំបាយហូប ហើយក្នុងមួយពេលអស់អង្ករ៨កំប៉ុងនៅហូបមិនគ្រាន់គ្នាទៀត ជួនកាលម្តាយឪពុកសុខចិត្តអត់ ឱ្យតែកូនៗបានហូបឆ្អែតទៅបានហើយ។
ស្ត្រីជាប្រពន្ធបន្តថា ហើយថ្ងៃខ្លះក៏អត់មានអង្ករដាំបាយឱ្យកូនៗហូបក៏មានដែរ។ សូម្បីតែសម្លៀកបំពាក់ខោអាវ ស្បែកជើង សម្ភារៈសិក្សា ឬលុយកាក់ ក៏គាត់គ្មានលទ្ធភាពទិញឱ្យរៀនសូត្រដែរ។ ប៉ុន្តែកូនៗចេះតែចង់ទារទៅរៀន ទាំងអត់ស្បែកជើងពាក់ អត់ខោអាវស្អាតៗ អត់លុយទៅ ដោយសារតែសាលារៀននៅឆ្ងាយ ដែលមានចម្ងាយពីផ្ទះប្រហែលជាង២គីឡូដីឯណោះ ។
ស្ត្រីជាប្រពន្ធបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ រូបគាត់ជាឪពុកម្តាយក៏ទៅជំពាក់លុយកង់កញ្ចាស់កន្លែងគេទិញអេតចាយនោះតម្លៃ30000រៀលក្នុង១គ្រឿង សម្រាប់ឱ្យកូនបងអាយុជាង១០ឆ្នាំឌុបប្អូនៗទៅសាលារៀន។ ហើយគ្រួសារគាត់ ក៏សំណូមពរដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយដល់គ្រួសារគាត់ដែលកំពុងទីទ័លក្រនេះផង។
បើតាមលោក បូ សម្បត្តិ មេភូមិរាំងដេក2 ក៏បានទទួលស្គាល់ថា គ្រួសារ១នេះពិតជាមានជីវភាពទីទ័ល និងខ្វះខាតខ្លាំងបំផុត ក្នុងនាមរូបគាត់ជាមេភូមិក៏ធ្លាប់សុំសប្បុរសជនជួយគាត់ម្តងដែរ តែមិនបានច្រើននោះទេ គឺបានតែបន្តិចបន្តួចគ្រាន់ដោះស្រាយទុក្ខលំបាកគាត់មួយគ្រាតែប៉ុណ្ណោះ៕