រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាមួយគ្រឿងបើកដោយស្ត្រីម្នាក់បានបើកវ៉ាជែងខាងស្ដាំនៅចំណុចផ្លូវកោង ក៏ជ្រុលទៅបុករះបង្គោលសុវត្ថិភាពបាក់អស់២ដើម ធ្វើឱុ្យរថយន្តហោះធ្លាក់ចូលប្រឡាយទឹកតែម្តង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ។
តាមប្រភពពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA 3202 ដែលបើកដោយស្ត្រីម្នាក់មិនប្រាប់ឈ្មោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងខាងស្ដាំរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងទៀត។ តែដោយសារតែរថយន្តលឿនពេក នៅចំណុចផ្លូវកោងបន្តិច ទើបធ្វើឲ្យរថយន្តជ្រុលទៅបុករះបង្គោលសុវត្ថិភាពនៅតាមចិញ្ចើមផ្លូវបាក់អស់ចំនួន២ដើម និងកន្លែងលក់សាំងដបទៀត ហើយរថយន្តក៏បន្តហោះចូលទៅក្នុងប្រឡាយទឹកស្អុយត្រាំទឹកស្អុយតែម្តង ធ្វើឲ្យស្ត្រីជាអ្នកបើកបរទទឹកខ្លួនជោក តែមិនមានរងរបួសនោះ ទេ គ្រាន់តែមានការភ័យតក់ស្លត់តែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ ស្ត្រីជាអ្នកបើកបរត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញចេញពីក្នុងរថយន្តតាមកញ្ចក់ ដោយមិនមានរងរបួសអ្វីនោះទេ ហើយក៏បានទូរស័ព្ទហៅបងប្អូនឱ្យបើករថយន្ដមួយគ្រឿងទៀតមកទទួលដោយមិននិយាយអ្វីទាំងអស់ ។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សម្បត្តិសាធារណៈនោះទេ ហើយក៏បានអោយម្ចាស់រថយន្តហៅរថយន្តស្ទូចមកធ្វើការស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿង ៕