រាជធានីភ្នំពេញ ៖ នៅម៉ោងជិត១០ព្រឹកថ្ងៃទី១៩ កុម្ភៈ ២០២១នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាក់ទងទៅការផ្សាយព័ត៌មានមិនពិតរបស់លោក ផែង វណ្ណៈ បានផ្សាយកាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ថា ក្មេងប្រុសឈ្មោះ តាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបានជិះរថយន្តពាក់ស្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ទៅសាលារៀន មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ការផ្សាយនះ គឺខុសពីការពិតទាំងស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះ គាត់គឺជាគ្រូពេទ្យ ។ ដែលយករថយន្តនោះ ជាកម្មសិទ្ធបស់បងប្រុសគាត់ ជានគរបាលនៅសាលានគរបាលជាតិ ។
ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនេះ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ មុននឹងធ្វើការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។
ជាចុងបញ្ចប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការភណ្ឌច្រឡំ សូមលោក ផែង វណ្ណៈ ធ្វើការកែតម្រូវ ចំពោះការចុះផ្សាយខុសពីការពិតនេះផង ។
បន្ទាប់ពីចេញបំភ្លឺ ធ្វើការបដិសេធ និងឲ្យកែតម្រូវ របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក ក្រឡេកមើលនៅលើហ្វេសប៊ុកផេករបស់លោក ផែង វណ្ណៈ បានឆ្លើយតបវិញ នៅម៉ោង១និង២២នាទីរសៀលថ្ងៃទី១៩ កុម្ភៈ ២០២១នេះថា «ផែង វណ្ណៈ ផ្សាយមិនពិតទៀតហើយ !» ។
លោក ផែង វណ្ណៈ បានបង្ហោះរូបភាព មន្ត្រីនគរបាល ផ្កាយ៣ មួយរូប និងសរសេរយ៉ាងដូច្នេះថា ទៅអោយខ្ញុំសុំទោស ដែលផ្សាយថា កូនសិស្សសាលា ដែលបើកឡានឪពុករបស់ខ្លូន ជាស្នងការរងនគរបាលរាជធានី ។ តាមពិត ជាក់ស្តែង កូនសិស្សរូបនេះ ជាកូនគ្រូពេទ្យអត់ឈ្មោះសោះ ។ តែរថយន្ត មិនមែនរបស់សាលានគរបាលទេ កុំបំភ្លឺកុហក មហាជន ។
លោក ផែង វណ្ណៈ នៅតែអះអាងច្បាស់ថា តាមការបំភ្លឺរបស់ឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយាយយន្តពាក់ស្លាកលេខ នគរបាល បានបញ្ជាក់ប្រាប់ ផែង វណ្ណៈ ២ដង តាមប្រព័ន្ធទំនាក់ទំនង តេឡេក្រាម ថា រថយន្ដកាមរី ស្លាកលេខនគរបាល 2-8763 នេះ ជារថយន្ត ដែលស្នើសុំស្លាកលេខ ដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ។ រថយន្ដនោះ ប្រើប្រាស់ ដោយអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ម្យ៉ាងទៀត ការប្រើប្រាស់ស្លាកលេខ នគរបាល ដែលគ្មានការអនុញ្ញាតិ ត្រូវទទួលទោសតាមច្បាប់ មិនមែនសុំទោសរួចខ្លួនទេ ។ បើធ្វើខុសសុំទោស រួចខ្លួន ជាហូរហែរគួររំលាយអង្គភាពអនុវត្តន៍ច្បាប់ចោលទៅ ។
លោក ផែង វណ្ណៈ លើកឡើងថា នេះគឺជាច្បាប់ បើមិនអនុវត្តន៍ច្បាប់ កុំនិយាយពាក្យ និតិរដ្ឋ ។
មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ ៖ ជនណាប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ។
គួររម្លឹកថា «យុវជនសិស្សសាលា បើករថយន្តស៊ីរ៉ែន ធ្លាយរឿងស្លាកលេខន.ប បំពាក់រថយន្តឯកជន» មនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់រថយន្តពាក់ស្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនឯកជន នៅខណ្ឌជ្រោយចង្វារ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូប ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺលើករណីប្រើប្រាស់រថយន្តផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែនជិះទៅសាលារៀន រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបើករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្ត ត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
តាមចម្លើយរបស់យុវជនឈ្មោះ តាន់ សម្បត្តិឧត្តម អាយុ១៩ឆ្នាំ បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគេពិតជាបានយករថយន្ត របស់បងប្រុស ដែលពាក់ផ្លាកលេខ ន.ប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ពិតប្រាកដមែន ៕






ចែករំលែកព័តមាននេះ