ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​សិស្សសាលា បើករថយន្ត​ស៊ី​រ៉ែ​ន ធ្លាយ​រឿង​ស្លាក​លេខន​.​ប បំពាក់​រថយន្ត​ឯកជន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​៣​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ឯកជន នៅ​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​៣​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ឯកជន នៅ​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូល​មក​បំភ្លឺ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២១ ។

សូម​ជម្រាប​ថា បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ស្តី​ពី​រថយន្ត​សឺ​រ៉ែ​ន​មួយ​គ្រឿង ត្រូវ​សិស្សសាលា​ឯកជន ថ្នាក់​ទី​១១ យក​ជិះ​បង្អួត​គេឯង​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ធ្វើការ​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បានដឹង​ច្បាស់​អំពី​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នេះ ក្រោយ​ពី​ធ្វើការ​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​សាលារៀន​ដោយ​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​សិស្សសាលា​ម្នាក់​ឈ្មោះ តាន់ សម្បត្តិ​ឧត្តម បាន​ជិះ​រថយន្ត​ផ្លា​ក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន មក​សាលារៀន​ពិតប្រាកដ​មែន ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​រក​ឃើញ​រថយន្ត​នេះ និង​បាន​នាំ​យក​ទាំង​រថយន្ត និង​អ្នកបើកបរ ដើម្បី​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២១ អ្នក​ពាក់ព័ន្ធ​ទាំង​៣​រូប ត្រូវ​បាន​សមត្ថកិច្ច នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ធ្វើការ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​លើ​ករណី​ប្រើប្រាស់​រថយន្ត​ផ្លា​ក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន​ជិះ​ទៅ​សាលារៀន រួម​មានឈ្មោះ តាន់ សម្បត្តិ​ឧត្តម ជា​សិស្សសាលា​ឯកជន​ដែល​បាន​បើករថយន្ត​ផ្លា​ក​លេខ ន​.​ប ទៅ​សាលារៀន ព្រម​ជាមួយ​ម្ចាស់​រថយន្ត ត្រូវជា​បងប្រុស​ឈ្មោះ តាន់ វិទ្យា​បុត្រ ជា​មន្ត្រី​នគរបាល​នៅ​បណ្ឌិតសភា​នគរបាល​ជាតិ រួម​ជាមួយ​ម្ចាស់​ដើម​រថយន្ត​ឈ្មោះ ភ័​ណ្ឌ ជីវិន ជា​មន្ត្រី​នគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

តាម​ចម្លើយ​របស់​យុវជន​ឈ្មោះ តាន់ សម្បត្តិ​ឧត្តម អាយុ​១៩​ឆ្នាំ បាន​ទទួលស្គាល់​កំហុស និង​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​យក​រថយន្ត របស់​បងប្រុស ដែល​ពាក់​ផ្លា​ក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន ពិតប្រាកដ​មែន ។

តាម​ការ​ស្រាវជ្រាវ និង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការិយាល័យ​ភស្តុ​ភា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រថយន្ត​ដែល​ពាក់​ផ្លា​ក​លេខ ន​.​ប 2. 8763 មិន​មាននៅ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឡើយ ជាក់ស្តែង​រថយន្ត​នេះ ត្រូវ​បាន​ម្ចាស់​ដើម​ឈ្មោះ ភ័​ណ្ឌ ជីវ័ន ដែល​ជា​អតីតមន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ (​បច្ចុប្បន្ន​ជា​មន្ត្រី​នគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) បាន​ស្នើ​សុំ​ធ្វើ​ផ្លា​ក​លេខ ន​.​ប យក​មក​បំពាក់​លើ​រថយន្ត​ឯកជន​របស់​ខ្លួន តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ លុះ​មក​ខែតុលា ឆ្នាំ​២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បាន​លក់​រថយន្ត​នេះ ទៅ​ឲ្យ​មិត្ត​ភក្ត្រ​របស់​ខ្លួន​ឈ្មោះ តាន់ វិទ្យា​បុត្រ ដែល​ជា​មន្ត្រី​នគរបាល នៅ​រាជបណ្ឌិត​សភា​នគរបាល​ជាតិ ។

អ្នក​ព័ន្ធ​ទាំង​៣​រូប​នេះ បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន ជា​ពិសេស​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណ​: ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​សមត្ថកិច្ច​នគរបាល​ជាតិ នូវ​កំហុស​របស់​ខ្លួន ដែល​បាន​អនុញ្ញាត​ឲ្យ​ប្អូនប្រុស​របស់​ខ្លួន ប្រើប្រាស់​រថយន្ត​ពាក់​ផ្លា​ក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន ដែល​ខុស​ពី​ច្បាប់​បាន​កំណត់ ។

ក្រោយ​ពី​ទទួលស្គាល់​កំហុស ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សាធារណ​:​រួច សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ប្រគល់​រថយន្ត និង​មនុស្ស​ទាំង​៣​នាក់​នេះ ទៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​: ដើម្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់​អំពី​ផ្លា​ក​លេខ ជា​ពិសេស​នីតិវិធី​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​ការ​លក់ដូរ រថយន្ត​ផ្លា​ក​លេខ ន​.​ប និង​ការ​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លា​ក​លេខ ន​.​ប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ដោយ​ជន​ស៊ី​វិល ដែល​មិនមែន​ជា​សមត្ថកិច្ច ។

ម្យ៉ាងវិញទៀត ដោយ​រថយន្ត​នេះ មិនមែន​ជា​រថយន្ត​របស់​អង្គភាព នាយកដ្ឋាន​ចរាចរណ៍ នឹង​ធ្វើការ​ដោះ​ស៊ី​រ៉ែ​ន​ចេញ ហើយដោយ​ការ​យក​រថយន្ត​នេះ ទៅ​ប្រើប្រាស់​ខុស​គោលការណ៍ សមត្ថកិច្ច​នឹង​ធ្វើការ​ដកហូត​ផ្លា​ក​លេខ ន​.​ប មក​រក្សា​ទុក​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ត​ទៀត​ឡើយ ។ ចំណែក​ម្ចាស់​ដើម​រថយន្ត និង​ម្ចាស់​បច្ចុប្បន្ន ដែល​ជា​មន្ត្រី​ប៉ូលិស នាយកដ្ឋាន​ចរាចរណ៍ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នឹង​ធ្វើ​របាយការណ៍​គោរព​ជូន​ទៅ​ប្រធាន​អង្គភាព​របស់​គាត់​ទាំង​២​នាក់ ដើម្បី​អនុវត្ត​បន្ត និង​ដាក់​វិន័យ​កងកម្លាំង​ចំពោះ​កំហុស​នេះ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ