ខេត្តសៀមរាប ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ចុះស្រាវជ្រាវករណីលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ នៅលើខ្នងភ្នំគូលែន ដោយឃាត់ខ្លួនបានក្រុមចោរលួច ចំនួន៣នាក់ នាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ។
ហេតុការឃាត់ខ្លួននេះធ្វើ ឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅលើខ្នងភ្នំគូលែន ក្នុងភូមិព្រះអង្គរធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ។ ចំណែកឯករណីចោរកម្ម កើតឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច កន្លែងតុលក់ផ្លែដូង ក្នុងភូមិព្រះអង្គរធំ ឃុំខ្នងភ្នំ ស្រុកស្វាយ លើខេត្តសៀមរាប ។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ចុះស្រាវជ្រាវស៊ើបអង្កេត ករណីអំពើលួច(យកកាបូប ប្រាក់នឹង គ្រឿងអលង្កា នៅលើខ្នងភ្នំគូលែន) ។
ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ក្រោយពីកំណត់មុខសញ្ញាបាន ទើបកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ រួមមាន ៖ ឈ្មោះ សារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ ។ ឈ្មោះ ឡិក លាង ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ស៊ុយ ចិន្ដា ភេទស្រី អាយុ១៩ឆ្នាំ នាំមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ។
បន្ទាប់ពីស្រង់ចម្លើយរួច ឈ្មោះ សារឿន មករា បានសារភាពថា រូបខ្លួន ត្រូវបានម្ដាយបង្កើតឈ្មោះ ទិត្យ ណាក់ បានបញ្ជាឲ្យទៅលួចកាបូបដាក់ប្រាក់របស់ លោកតាម្នាក់ ជាអ្នកលក់ផ្លែដូង (ឈ្មោះ លឹម មុត) ហើយរូបខ្លួនក៏បានទៅធ្វើសកម្មភាពជាមួយឈ្មោះ ឡិក លាង និងឈ្មោះ ស៊ុយ ចិន្ដា ដោយលួចយកកាបូបនោះបានសម្រេច ហើយរត់ឡើងទៅផ្លូវខាងលើ លាក់ទុកកាបូបនៅគំនរសំបកផ្លែដូង តាមផ្លូវចុះទៅទឹកធ្លាក់ រួចហើយរូបគេក៏គេចខ្លួនបាត់ទៅ ។
គួរបញ្ជាក់ថា (ឈ្មោះ ឡិក លាង និងប្រពន្ធឈ្មោះ ស៊ុយ ចិន្ដា ត្រូវជាកូនបង្កើត និងកូនប្រសាររបស់ស្ត្រីឈ្មោះ ទិត្យ ណាក់) ។ ហើយឈ្មោះ ទិត្យ ណាក់ រូបនេះជាម្ដាយបង្កើតរបស់ឈ្មោះ សារឿន មករា ផងដែរ ។
រហូតដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក ពេលស្ងាត់ ទើបឈ្មោះ សារឿន មករា បានមកយកកាបូប និងសម្ភារដែលមានក្នុងនោះ (ខ្សែកចំនួនពីរខ្សែ ចិញ្ចៀនមួយវង់ នឹងប្រាក់មួយចំនួន) ដែលខ្លួនលួចបាននោះ យកទៅឲ្យម្តាយទុក ។ ហើយពេលកម្លាំងសមត្ថកិច្ចបាននាំ ឈ្មោះ សារឿន មករា និងម្តាយឈ្មោះ ទិត្យ ណាក់ ទៅឆែកផ្ទះ ឃើញប្រាក់រៀលចំនួន ៨០០,០០០ រៀល (ប៉ែតសិបម៉ឺន)រៀល ហើយបានយកខ្សែ.ក ចំនួនពីរខ្សែ បន្តោងរូបព្រះមួយអង្គ និងចិញ្ចៀនសញ្ញាត្រាមួយវង់ ដែលយកទៅលាក់ទុកនៅចម្ការ ក្រោយផ្ទះ ។
លោកឧត្តមសេនីយ៍ត្រី បន្ថែមថា ករណីនេះកម្លាំងនគរបាលជំនាញ បានដកហូត សម្ភារទុកជាវត្ថុតាងទាំងអស់ខាងលើ រួមមាន ៖
១ ខ្សែ.កធ្វើអំពីលោហៈធាតុ ពណ៌លឿង ចំនួនមួយខ្សែ ទម្ងន់១០ជី មានប្រវែង ៥៩សម ។
២ ខ្សែ.កធ្វើអំពើលោហៈធាតុ ពណ៌លឿង ចំនួនមួយខ្សែទម្ងន់១០ជី និងបន្តោងរូបព្រះ ទម្ងន់៧ជី មួយអង្គរ ព្រមទាំងបន្តោងរូបព្រះមួយ ។
៣ ចិញ្ចៀន ធ្វើអំពីលោហៈធាតុ ពណ៌លឿង ទម្ងន់៨ជី (ចិញ្ចៀនរូបត្រា)មួយវង់ ។
៤ ប័ណ្ណសំគាល់យានយន្ត(កាត់គ្រី) មួយសន្លឹក សោរម៉ូតូ ចំនួនមួយគ្រាប់ ។
៥ ប្រាក់រៀលចំនួន ៨០០.០០០រៀល (ប៉ែតសិបម៉ឺន)រៀល ។
៦ ឧបករណ៍ស្តាប់តន្ត្រី (កូនបាស) ចំនួនមួយ ។
៧ កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួនមួយ ។
ចំពោះសម្ភារវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានប្រគល់ឲ្យជនរងគ្រោះ ឈ្មោះ លឹម មុត យកទៅវិញ ។ ដោយឡែក ជនសង្ស័យ ឈ្មោះ សារឿន មករា មានអាយុ ១១ឆ្នាំ ដែលជាអនីតិជន ត្រូវបានកម្លាំងជំនាញឲ្យធ្វើកិច្ចសន្យា និងឲ្យឪពុកមកធានាត្រឡប់ទៅផ្ទះវិញ ។
ចំពោះជនសង្ស័យទាំង៣រួមមាន៖ ស្ត្រីសង្ស័យជាម្តាយ កូនស្រី និងកូនប្រសារ ត្រូវកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ដោយ ៖ ច័ន្ទ រស្មី




ចែករំលែកព័តមាននេះ