ខេត្តកណ្តាល ៖ អាជ្ញាធរខេត្តកណ្ដាល ស្នើឲ្យក្រុង-ស្រុកទាំងអស់ ត្រូវខិតខំជំរុញឲ្យប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល បញ្ឈប់ឲ្យបាននូវការបន្ទោបង់ពាសវាលពាសកាល ។
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះ ក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការធ្វើផែនការត្រៀមបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តកណ្ដាល” នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ “PWG” ដែលរៀបចំ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុកទាំង១១ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ។
លោកអភិបាលរងខេត្ត បន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដៅខេត្តចំនួន០៥ រួមមាន(ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកែប) ដែលត្រូវជំរុញ ទៅជាខេត្តបញ្ឈប់បន្ទោបង់ ពាសវាលពាសកាលទាំងស្រុង នៅឆ្នាំ២០២៣ ។ ប៉ុន្តែចំពោះខេត្តកណ្តាលវិញ បើទោះបីក្រសួងអភិវឌ្ឍន៍ជនបទ មិនបានដាក់បញ្ចូលទៅក្នុងគោលដៅ ក្នុងការជម្រុញជាខេត្តបញ្ឈប់បន្ទោបង់ពាសវាលពាលកាល (ODF) ក៏ពិតមែន ប៉ុន្តែតាមរយៈការពិនិត្យជាក់ស្តែងទៅលើសេដ្ឋកិច្ច ស្ថានភាពភូមិសាស្ត្រ ត្រូវតែដាក់បញ្ចូលខេត្តកណ្តាល ទៅក្នុងគោលដៅដែលត្រូវ ជម្រុញជាខេត្ត ODF ដូចខេត្តទាំងប្រាំនោះដែរ ដើម្បីឱ្យខេត្តកណ្ដាល ក្លាយជាខេត្ត ODF ត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តទាំងអស់គ្នា ថាពិតជាអាចធ្វើបាន ហើយធ្វើបានល្អផងដែរ ។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឲ្យដឹងដែរថា ខេត្តកណ្ដាលមានស្រុកចំនួនពីរ ដែលបានប្តេជ្ញាចិត្តជំរុញជាស្រុក ODF នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ នោះមាន(ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល) ។ តាមរយៈ បទពិសោធន៍នៅស្រុកទាំងពីរនេះ យើងអាចត្រៀមខ្លួន រៀបចំធ្វើផែនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្តតែម្តង។ ហើយខេត្តកណ្តាលមាន ១២ឃុំ សង្កាត់ និង៣៧៦ភូមិ ដែលចាត់ទុកថា បានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ៕








ចែករំលែកព័តមាននេះ