ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​មេ​ក្នុង​ខណ្ឌ​៤​ជាយក្រុង ដើម្បី​រំដោះ​ទឹក​នា​រដូវវស្សា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជម្រុញ​អោយ​ការងារ​ស្តារ ប្រឡាយ​ទួល​ពង្រ ទំហំ​៨​ម៉ែត្រ ទទួល​បាន​ជោគជ័យ និង​ទាន់​ពេលវេលា មុន​រដូវវស្សា​មក​ដល់ លោក​ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជម្រុញ​អោយ​ការងារ​ស្តារ ប្រឡាយ​ទួល​ពង្រ ទំហំ​៨​ម៉ែត្រ ទទួល​បាន​ជោគជ័យ និង​ទាន់​ពេលវេលា មុន​រដូវវស្សា​មក​ដល់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពិសេស​អាជ្ញាធរ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌមានជ័យ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៃ​ប្រឡាយ ស្ថានីយ​លូ​ប្រាំ សំដៅ​ធ្វើ​យ៉ាងណា​បើកផ្លូវ​ទឹក​អោយ​ហូរ​បាន​លឿន កាត់​បន្ថយ​ការ​លិចលង់ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខណ្ឌ​ចំនួន​៤​នៅ​ជាយក្រុង ។

ក្នុង​ដំណើរ​ថ្មើរជើង នៃ​ការ​ចុះ​ពិនិត្យ​នោះ លោក​ឃួ​ង ស្រេង​បាន​ចុះ​ពិនិត្យ​សកម្មភាព​កាយ​បើកមុខ​ទឹក​ប្រឡាយ​ទួល​ពង្រ​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ការ​ពិនិត្យ​សកម្មភាព​ការ​ស្ដារ​ប្រឡាយ​ភូមិ​ម័​រ ខណ្ឌដង្កោ និង​ការ​ពិនិត្យ​កាយ​ប្រឡាយ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ និង​ការ​ពិនិត្យ​មើល​ស្ថានីយ​បូម​ទឹកលូ​៥​ជាដើម ដើម្បី​ជំរុញ​ការងារ​ស្ដារ​ប្រឡាយ​នេះ ឲ្យ​លឿន​ទាន់​ពេលវេលា មុន​រដូវវស្សា​មក​ដល់ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ប្រឡាយ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ ជា​ប្រឡាយ​មេ ដែល​មាន​សារៈសំខាន់​បំផុត ក្នុង​ការ​រំដោះ ទឹក​ពី​ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ ។

លោក​បន្ត​ថា ការ​ស្ដារ​ប្រឡាយ​នេះ បាន​ប៉ះពាល់​ដី​កម្មសិទ្ធិឯកជន​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ចូលរួម​បរិច្ចាគ​ដី ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ ជូន​មក​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។ លោក​ពិតជា​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​បរិច្ចាគ​ដី ដែល​មាន​ទំហំ​រហូត​ដល់​២​ម៉ែត្រ និង​មាន​បណ្ដោយ​រហូត​ដល់​៥០០​ម៉ែត្រ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​លទ្ធភាព​ស្ដារ​ប្រឡាយ​នេះ អោយ​បាន​ធំ​រហូត​ដល់ ៨​ម៉ែត្រ ទៅ​តាម​គម្រោង ។

លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្ដារ​ប្រឡាយ​ទាំងនេះ​ឱ្យ​បាន​លឿន និង​ធំ​ទូលាយ ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​ប្រឡាយ​ដែល​មាន​ស្រាប់ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រំលោភ ដោយ​សាង​សង់ផ្ទះ​នៅ​លើ​តួ​ប្រឡាយ​តែ​ម្តង ។ បញ្ហា​នេះ​លោក​សំណូមពរ​ឲ្យ​បងប្អូន​ប្រជា​ព​រដ្ឋ រុះរើ​សំណង់​នោះ​ចេញពី​តួ​ប្រឡាយ ដើម្បី​ឲ្យ​ក្រុមការងារ​មាន​លទ្ធភាព ស្ដារ​ប្រឡាយ​ដោះ​ទឹក​នេះ អោយ​បាន​លឿន ទៅ​តាម​គម្រោង​ដែល​បាន​គ្រោងទុក ។

គួរ​បញ្ជាក់​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ធ្លាប់​បាន​បញ្ជាក់​អោយ​ដឹង​ថា ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យ​បាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤,៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ដល់​បុរី​ជីប​ម៉ុង ។ ដាក់​លូ​ប្រអប់ ទំហំ ២,៦៥​ម៉ែត្រ គុណ​នឹង ២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីព​ម៉ុង ដល់​ប្រឡាយ​បឹង​ហា ។ ដាក់​លូ​ប្រអប់ ស្រប​តាម​ផ្លូវជាតិ​លេខ​៣ ទំហំ​៦​ម៉ែត្រ គុណ​នឹង ២ ម៉ែត្រ ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូ​រី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់​លូ​ជ្រុង ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ