រាជនីភ្នំពេញ ៖ ម្ដងហើយម្ដងទៀត អំពើវាយប្លន់យកទ្រព្យសម្បត្តិ នៅក្នុងផ្សារទំនើបស៊ីធីម៉ល បានកើតឡើងជាបន្ទាប់បន្ទាប់ ប៉ុន្តែលើកនេះ ជនដៃដល់ ត្រូវបានចាប់ខ្លួន ដើម្បីផ្ដន្ទាទោសតាមច្បាប់ ។
កាលពីល្ងាចថ្ងៃទី ១៧កុម្ភៈ ឆ្នាំ២០២១នេះ មានជនសង្ស័យម្នាក់ បានលាក់ខ្លួន ពួនអាត្មាសំងំចាំធ្វើសម្មភាពក្នុងបន្ទប់ទឹក ក្នុងផ្សារទំនើប ស៊ីធីម៉ល ហើយបានច្របាច់.ក និងវាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទបានសម្រេច ប៉ុន្តែក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យ បានរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញភ្លាមៗ ។
សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាអ្នកធ្វើអនាម័យនៅផ្សារស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹកបត់ជើង ស្រាប់តែមានជនសង្ស័យឈ្មោះ សុខ តូលី អាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ បានលោតមកច្របាច់.ក និង វាយកណ្ដាលមុខជនរងគ្រោះ ប្លន់យកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានមកវិញ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខ តូលី បានប្រាប់ថា កាលពីថ្ងៃទី ០៨មករា ឆ្នាំ០២១ ខ្លួនគេបានមកសំងំក្នុងបន្ទប់ទឹកផ្សារ ចាំវាយប្លន់យកទូរស័ព្ទដៃរបស់អ្នកចូលបន្ទប់ទឹក បានសម្រេចម្ដងហើយ ទើបញ៉ាមមកម្ដងទៀត ក៏ត្រូវសន្តិសុខផ្សារចាប់បានតែម្ដង ។
ជនសង្ស័យ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផល គឺ វិជ្ជមាន ជាជនញៀនថ្នាំ ៕



ចែករំលែកព័តមាននេះ