ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង បានចាប់ឃាត់ខ្លួនមេខ្យល់ ដែលលួចនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់ បាន២ករណី ហើយចំនួន២នាក់ មានម្នាក់ជាស្ត្រី ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ករណីទី១ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែន ចំណុចភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ បានចេញល្បាត ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ខន សុខឿន អាយុ៣៦ឆ្នាំ រស់ភូមិខាងលើ បានលួចនាំពលករខ្មែរឆ្លងដែនពីថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ ចំនួន៣នាក់ ហើយត្រូវបានបញ្ជូនមកដាក់មណ្ឌលធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ។
លោកស្រី បានបន្តថា ករណីទី២ កាលពីថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែន ភូមិល្បើកស្វាយដំណាក់កកោះ ឃុំ/ស្រុកស្វាយចេក កងកម្លាំងយោធាកងការពារព្រំដែនគោកលេខ៥០៣ បានចេញល្បាត ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ប៉ា សាមិត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិចំការគ ឃុំស្រុកស្វាយចេក បាននាំពលករខ្មែរចំនួន២នាក់ ប្តីប្រពន្ធ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយល្មើសច្បាប់ ហើយកម្លាំងបានចេញល្បាត បានឃាត់ពលករខ្មែរ១២នាក់ ដែលមានបំណងឆ្លងដែន ដោយខុសច្បាប់ទៅថៃ តាមរយៈមេខ្យល់ ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនមេខ្យល់ទាំង២ករណី ប្រុស១នាក់ និងស្រី១នាក់ ដែលនាំពលករឆ្លងដែនដោយល្មើសច្បាប់ ត្រូវនាំយកទៅសាកសួរហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ចំណែកពលករខ្មែរ ដែលត្រូវបានឃាត់ត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ៕ ដោយ៖ ប៊ុន ធឿន

ចែករំលែកព័តមាននេះ