រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចផាកពិន័យចំពោះអ្នកមិនគោរពវិធានការសុខាភិបាលដែលធ្វើឲ្យមានរីករាលដាលជំងឺឆ្លង ដោយពិន័យជាប្រាក់ពី១០លានរៀល ដល់៥០លានរៀលក្នុងមួយនាក់ ខណៈអ្នកក្លែងឯកសារសុខភាពជាប់ទោសព្រហ្មទណ្ឌ ។

យោងតាមអនុក្រឹត្យស្តីពីការកែរសម្រួលមាត្រា៨នៃអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលដែលចុះហត្ថលេខាថោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងថា មាត្រា៨ ថ្មី អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩ អនក្រ .បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល និងតម្រូវឱ្យ អនុវត្តវិធានការសុខាភិបាល ។

អនុក្រឹត្យបន្តថា«ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិ និត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥0.000.000 (ហាសិបលានរៀល) ។

ការពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ អនុក្រឹត្យបានលើកឡើងទៀតថា ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃគិតចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាល យុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន ។

ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបានមកពីការពិន័យអន្តរការណ៍ កំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ ។

ជាមួយគ្នានោះដែរអនុក្រឹត្យក៏បានលើកឡើងថា ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ ព្រហ្មទណ្ឌជាធរមាន ។ ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្តតាមបទប្បញ្ញត្តិនៃកថា ខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបដិសេធការចេញចូល ព្រះរាជាណាចក្រកម្ពុជា ។ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ថារាលបទប្បញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍៕
ចែករំលែកព័តមាននេះ