ខេត្តបាត់ដំបង ៖ ក្រុមប្រព្រឹត្តបទល្មើសគ្រឿងញៀនចំនួន០៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ព័ទ្ធបង្ក្រាបបាន ពេលពួកគេកំពុងប្រមូលផ្ដុំគ្នាជួញដូរគ្រឿងញៀនប្រឆាំងនឹងច្បាប់ កាលពីរសៀលថ្ងៃទី១៦ កុម្ភ: នៅចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ។
លោកសុខ និមល ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនប្រព្រឹត្តល្មើសគ្រឿងញៀនទាំង០៤នាក់នោះមាន ១-ឈ្មោះ វ៉ាង វណ្ណា អាយុ៣៤ឆ្នាំ ២-ឈ្មោះ ខែត្រ ផល្លា អាយុ២៧ឆ្នាំ ៣-ឈ្មោះវ៉ុន តុលា អាយុ២១ឆ្នាំ និង៤-ឈ្មោះ សុវណ្ណ រតនា ហៅខ្មៅ អាយុ២៥ឆ្នាំ ។ លោកបានប្រាប់ថា ពួកជួញដូរគ្រឿងញៀនមួយសម្បុកនេះ ត្រូវបានកម្លាំជំនាញ នៃអធិការស្រុកសង្កែ បង្ក្រាបបានពេលពួកគេកំពុងណាត់ជួបគ្នាដោះដូរគ្រឿងញៀនជាក់ស្ដែង ទើបត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានតែម្ដង។
បើតាមរបាយការណ៍សមត្ថកិច្ច ជាមួយនឹងការឃាត់ខ្លួននេះ កម្លាំងជំនាញបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមឹតំហ្វេតាមីន ICE (ម៉ាទឹកកក) ពីក្រុមជនសង្ស័យបានចំនួន០២ថង់ ថ្នាំញៀនប្រភេទ Wy (យ៉ាម៉ា) ចំនួន០១ថង់ កាំបិត០៣ដើម សម្ភារ:ប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
នៅចំពោះមុខវត្ថតាង ក្រុមជនជូញដូរគ្រឿងញៀនយ៉ាងសកម្មទាំងនេះ បានសារភាពទទូលស្គាល់ថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសគ្រឿងញៀនមែន រីឯថ្នាំញៀនដែលសមត្ថកិច្ចបានដកហូតនោះក៏ជារបស់ពួកខ្លួនដែរ ។ ប៉ុន្តែក្រុមនេះ ហាក់មិនបានប្រាប់ពីប្រភពដើមដែលពួកគេនាំយកគ្រឿងញៀននោះមកជូញដូរបន្តនោះទេ។
លោកសុខ និមល បានបញ្ជាក់ថា បើតាមប្រវត្តិ ក្រុមនេះជាមុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន តែពេលនេះ ត្រូវបានបង្ក្រាបហើយ។ លោកស្នងការខេត្ត បានបញ្ជាឲ្យមមន្ត្រីជំនាញកសាង ដើម្បីបញ្ជូនពួកគេនិងវត្តុតាងទៅសាលាដំបូងខេត្តហើយ៕
ចែករំលែកព័តមាននេះ