រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់បញ្ចប់ជីវិតនៅរោងឈើប្រក់ស័ង្កសីទុកចោលក្នុងដីឡូតិ៍មួយកន្លែង ដោយបន្សល់ទុកម៉ូតូមួយគ្រឿង។
ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចរោងឈើប្រក់ស័ង្កសីទុកចោលក្នុងបរិវេណដីឡូត៍មួយកន្លែង ស្ថិតនៅតាមមាត់ប្រឡាយទឹកស្អុយ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើនេះ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ នៅ សារ៉ន អាយុ៣៣ឆ្នាំជាអ្នកជួយលក់បបរអោយម្តាយ មានលំនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមនគរបាលបានអោយដឹងថា បុរសរងគ្រោះបានបញ្ចប់ជីវិតដោយយកខ្សែអង្រឹងចងភ្ជាប់ទៅនឹងផ្ទោងដំបូលរោង ហើយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកហុងដា ធុន១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HR-7036 ។ ទាក់ទិននឹងមូលហេតុ គេពុំដឹងថា មកពីរឿងអ្វីឱ្យពិតប្រាកដនោះឡើយ ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ មានអ្នកភូមិ បានដឹកគោទៅឃ្វាលនៅក្នុងដីឡូតិ៍ខាងលើនោះ ស្រាប់តែប្រទះឃើញម៉ូតូមួយគ្រឿងទុកចោល និងប្រទះឃើញបុរសរងគ្រោះរូបនោះបានបញ្ចប់ជីវិតបាត់ទៅហើយ រួចក៏រាយការណ៍ ទៅនគរបាលមូលដ្ឋាន បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី១៦ កុម្ភៈ គេឃើញបុរសរងគ្រោះរូបនោះបានជិះម៉ូតូចូលទៅក្នុងដីឡូតិ៍មួយកន្លែងខាងលើ ដោយមានស្រាបៀរយកទៅផឹកផងដែរ ដោយមិននឹកស្មានថា បន្ទាប់ពីផឹកស្រារួចហើយ ក៍បានបញ្ចប់ជីវិតបែបនេះឡើយ ។ ពេលកើតហេតុភ្លាមៗនោះ គេមិនស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះឡើយ លុះក្រោយមកដំណឹងនេះបានដឹងដល់ម្តាយរបស់បុរសរងគ្រោះ ទើបស្គាល់អត្តសញ្ញាណជនរងគ្រោះ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានអោយដឹងថា មូលហេតុដែលធ្វើអោយបុរសរងគ្រោះរូបនោះគិតខ្លី គឺដោយតែមានវិបត្តិក្នុងគ្រួសារ បន្ទាប់ពីស្ត្រីជាប្រពន្ធនាំកូនតូចម្នាក់ ចុះចោលផ្ទះ ទៅរៀបការជាមួយប្រុសថ្មី ។
ក្រោយពេលកើតហេតុ នគរបាលត្រួតពិនិត្យរួច ក៏ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ