ខេត្តកំពត ៖ សពបុរសម្នាក់ត្រូវបានព្រះសង្ឃនិមន្តចេញមកស្រោចទឹកផ្កា រួចក៏ប្រទះឃើញសពបុរសរងគ្រោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នៅសាលាកុដ្ឋថ្មវត្តគីរីបុប្ផារំពើន ក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាសនោះ ត្រូវបានគេអះអាងស្ទើរតែគ្រប់មាត់ថា ពិតជារឿងគេធ្វើឃា.តហើយ ព្រោះជនរងគ្រោះមានខ្សែអង្រឹងចងជាប់នៅនឹង.ក។

ប៉ុន្តែខាងនគរបាលបានស្រុកបន្ទាយមាស និងនគរបាលខេត្តកំពត មិនបាននិយាយពីរឿងឃា.ត.ក.ម្ម.នោះទេ ព្រោះថាករណីនេះត្រូវការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បន្តទៀត បង្ហាញឱ្យឃើញកាន់តែច្បាស់ ដើម្បីឱ្យក្រុមសាច់ញាតិជនរងគ្រោះអស់ការសង្ស័យ។
លោកវរសេនីទោ ឈឹម ឈាង ប្រធានការិយាល័យព្រទណ្ឌកម្រិតធ្ងន់ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បាននិយាយប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា សពបុរសដែលគេយកទៅដាក់ចោលនៅក្នុងវត្តគិរីបុប្ផារំពើននោះ នគរបាលខំប្រឹងប្រែងស្វែងរកពីមូលហេតុពិតប្រាកដហើយ។ សពបុរសរូបនោះ គឺឈ្មោះ ផែ សំណាង អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ នាក់ រ៉ន អាយុ៣១ឆ្នាំ និងមានកូនប្រុសស្រី២នាក់ រស់នៅភូមិចង្កៀង ឃុំភ្នំទទុង ស្រុកដងទង់ ខេត្តកំពត។

លោកវរសេនីយ៍ទោ បាននិយាយប្រាប់បន្តថា ២នាក់ប្ដីប្រពន្ធនេះ បានកើតជម្លោះក្នុងគ្រួសារនៅក្នុងខែកក្កដា ឆ្នាំ២០២០ ហើយពួកគេទាំង២នាក់ក៏បែកគ្នាទៅ ប៉ុន្តែមិនទាន់ផ្ដិតមេដៃលែងលះគ្នាជាផ្លូវការទេ។ ក្រោយមកបុរសជាប្ដីឈ្មោះផែ សំណាង ក៏បានមករស់នៅជាមួយបងធម៌ឈ្មោះរ៉ា ក្នុងភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតតែម្តង។

លោកវរសេនីយ៍ទោ ប្រាប់បន្តថា តែនៅមុនពេលជនរងគ្រោះបញ្ចប់ជីវិតខ្លួនឯងនោះ គឺជនរងគ្រោះបានទូរស័ព្ទសុំប្រពន្ធទៅរួមរស់ជាមួយគ្នាវិញ តែប្រពន្ធបានធ្វើការបដិសេធមិនព្រមឡើយ។ ក្រោយមកនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បងធម៌បានប្រើឱ្យជនរងគ្រោះជួយលាងរថយន្ត បន្ទាប់ពីលាងរថយន្តរួចមក បងធម៌ឈ្មោះរ៉ានោះក៏ឱ្យឈ្មោះ ផែ សំណាង ជាជនរងគ្រោះទៅងូតទឹកចេញ រួចប្រញាប់មកផឹកបន្តទៀត។ បន្ទាប់ពីជនរងគ្រោះបានចេញទៅងូតទឹកបាត់ គឺមិនឃើញត្រឡប់មកផឹកស្រាវិញទេ ក្រោយមកបងធម៌ក៏ឱ្យអ្នកផឹកឯទៀតតាមទៅមើល ក៏ស្រាប់តែឃើញជនរងគ្រោះយកខ្សែអង្រឹងមកចងភ្ជាប់នឹង.កទៅនឹងសំយាបផ្ទះរួចបាត់ទៅហើយ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ក៏មានការឆោឡោអ្នកផឹកស្រាដែលមានគ្នាជិត10នាក់ ហើយអ្នកខ្លះបានយកកាំបិតកាត់ខ្សែអង្រឹងដែលនៅជាប់នឹង.ក.ជនរងគ្រោះផែសំណាង។ ក្រោយមកក៏លើកជនរងគ្រោះដឹកមកមន្ទីរពេទ្យឯកជនមួយ នៅបឹងឈូកខាងកើតសាលា ស្រុកកំពង់ត្រាច ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។
ប្រភពដដែលបន្តទៀតថា ក្នុងគ្រានោះដែរ ក្រុមអ្នកដឹកសពជនរងគ្រោះកាន់តែភ័យឡើងៗ ហើយក៏ដឹកសពបន្តយកមកដាក់ក្នុងវត្តអង្គសូរភី ក្នុងឃុំអង្គសូរភី ស្រុកកំពង់ត្រាចទាំងយប់អធ្រាត្រ តែពេលនោះព្រះសង្ឃក្នុងវត្តអង្គសូរភី មិនអនុញ្ញាតឱ្យដាក់សពក្នុងវត្តទេ។ ក្រោយមកទៀត សពនោះក៏ត្រូវបានដឹកបន្តមកកាន់វត្តគីរីបុប្ផារំពើន ក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ព្រោះថាវត្តនេះគឺជិតផ្ទះប្រពន្ធជនរងគ្រោះស្នាក់នៅ ហើយក៏មានការទាក់ទងតាមទូរស័ព្ទប្រាប់ទៅក្រុមសាច់ញាតិដែលត្រូវជាឪពុកម្ដាយរបស់ជនរងគ្រោះ ផែ សំណាង នៅឯភូមិត្រពាំងត្រែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវតែម្ដងទៅ។

លោកវរសេនីយ៍ទោបញ្ជាក់ថា ហើយបើតាមការសណ្ឋានចុងក្រោយថា ជនរងគ្រោះគឺបានតូចចិត្តនឹងរឿងប្រពន្ធដែលបានបដិសេធមិនព្រមយកគ្នាជាប្ដីប្រពន្ធវិញ ព្រោះ២នាក់ប្ដីប្រពន្ធមិនបានការនោះទេ គឺគ្រាន់តែសែនព្រេងដូនតាតែប៉ុណ្ណោះ រហូតបានកូនចំនួន២នាក់។
គួររំលឹកថា ៖ ជាករណីអ្វីឱ្យប្រាកដ? ដឹកសពទម្លាក់ចោលក្នុងវត្ត ហើយមានខ្សែចងជាប់នឹង.ក៕
ចែករំលែកព័តមាននេះ