ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ករណី​អ្វី​ឱ្យ​ប្រាកដ? ដឹក​សព​ទម្លាក់​​ចោល​ក្នុង​វត្ត ហើយ​មាន​ខ្សែ​ចង​ជាប់​នឹង​​.​ក

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​​ដឹក​មក​ទម្លាក់​ចោល​ក្នុង​វត្ត​គី​រី​បុប្ផា​រំពើន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​​ដឹក​មក​ទម្លាក់​ចោល​ក្នុង​វត្ត​គី​រី​បុប្ផា​រំពើន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​ផ្អើល​ឆោឡោ គឺ​មាន​ព្រះសង្ឃ​ក្នុង​វត្ត​បាន​និមន្ត​ចេញ​មក​ស្រោច​​ទឹក​ផ្កា ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​តែ​ម្ដង​។ ក្នុង​ពេល​នោះ​ផង​ដែរ នគរបាល​ខេត្ត​កំពត និង​នគរបាល​ស្រុក​បន្ទាយមាស រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​មក​ពិនិត្យ​​មើល​សព​ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដឹក​មក​ទម្លាក់​ចោល​នៅ​សាលា​កុដិ​ថ្ម​មួយ ក្នុង​វត្ត​គី​រី​បុ​ប្ភា​រំពើន​នេះ​ផង​ដែរ​។

ទោះបីជា​បែប​ណា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ​ផែ សំណាង អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ នាក់ រ៉​ន អាយុ​៣១​ឆ្នាំ និង​មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់​នៅ​ភូមិ​ចង្កៀង ឃុំ​ទទុង ស្រុក​ដង​ទង ខេត្តកំពត ។ ប៉ុន្តែ​ជន​រង​គ្រោះ​ខាងលើ​ធ្លាប់​បាន​មក​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​រោង​ចក្រ​ស៊ីម៉ង់​មួយ​កន្លែង ចំណែកឯ​ប្រពន្ធ​ជន​រង​គ្រោះ​វិញ​ក៏​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ង់ត៍​ក្នុង​ខេត្តកំពត​ផង​ដែរ គ្រាន់តែ​ក្រុមហ៊ុន​ផ្សេង​ពី​គ្នា​។

បើ​យោង​តាម​ការ​អះអាង​ពី​ឪពុក​ជន​រង​គ្រោះ​បាន​និយាយ​ថា ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​កើត​ជម្លោះ​គ្នា​ជា​ច្រើន​ដង​មក​ហើយ ពួក​គេ​ទាំង​២​នាក់​មិន​បាន​រស់នៅ​ជុំ​គ្នា​ទេ គឺ​ជួល​ផ្ទះ​ស្នាក់​នៅ​ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស លុះ​ពេល​ដឹង​ថា ប្ដី​បាន​បាត់បង់​ជីវិត ទើប​នាង​ជា​ប្រពន្ធ​មក​ដល់​កន្លែង​សព​ប្ដី​ដែរ ប៉ុន្តែ​ប្រពន្ធ​មិន​បាន​សំរក់​ទឹកភ្នែក​ស្ដាយស្រណោះ​ប្ដី​នោះ​ឡើយ​។

បើ​តាម​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ មាន​មនុស្ស​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​ថា សំណាង បាត់បង់​ជីវិត​ហើយ មក​យក​សព​ផង គេ​ទុក​នៅ​ក្នុង​វត្ត ។ ចាប់តាំងពី​បានឮ​ដំណឹង​នោះ​មក ម្នាក់​ៗ​គ្មាន​អ្នក​ណា​បាន​ដេក​នោះ​ទេ លុះដល់​ព្រឹក​ឡើង​ទើប​នាំ​គ្នា​មក​វត្ត​រំពើន ក៏​ឃើញ​សព​ដូច​គេ​ប្រាប់​មែន ហើយ​ទូរស័ព្ទ​ដែល​គេ​ប្រាប់​ដំណឹង​នោះ ត្រូវ​បាន​បិតរ​ហូត​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ឈឹ​ម ឈាង ប្រធាន​ការិយាល័យ​កម្រិត​ធ្ងន់​ខេត្តកំពត បាន​ចុះ​មក​ដល់​កន្លែង​​ដើម្បី​ពិនិត្យ​សព​ជន​រង​គ្រោះ ប៉ុន្តែ​លោក​មិន​ទាន់​សន្និដ្ឋាន​ករណី​ខាងលើ​នេះ​បែប​ណា​នោះ​ទេ​។

ចំណែក​លោក​វរសេនីយ៍ សុខ សា​កាន ប្រធាន​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខេត្ត​កំពត បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកសព​ជន​រង​គ្រោះ​នោះ គឺ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្នាម​ពក​ក្បាល​៣​កន្លែង​ផ្សេង​ៗ​គ្នា ហើយ​មាន​ខ្សែ​អង្រឹង​ចង​ជាប់​នៅ​នឹង​.​ក​ផង​ដែរ​។

លោក​វរសេនីយ៍ទោ សុខ សា​កាន ប្រាប់​បន្ត​ថា ការ​យក​ខ្សែ​អង្រឹង​មក​ចង​ភ្ជាប់​នឹង​.​ក​នេះ គ្រាន់តែ​ជា​ឈុត​ឆាត​មួយ​ទេ ព្រោះ​មនុស្ស​ជា​ទូទៅ​ត្រូវ​បាន​គេ​និយាយ​ថា ជា​រឿង​.​ឃា​.​ត​.​ក​.​ម្ម​.​។ ទោះជា​មាន​ករណី​បែប​នេះ​ក្ដី នគរបាល​បាន​ហៅ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ទៅ​សួរនាំ​លំអិត​បន្ត​ទៀត និង​មនុស្ស​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ ។

បច្ចុប្បន្ន​នេះ នគរបាល​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ហើយ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​សាច់ញាតិ​មាន​គំរោង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​ត្រែង ឃុំ​ខ្វាវ ស្រុក​​សំរោង ខេត្តតាកែវ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ