ខេត្តតាកែវ ៖ បញ្ហាអាកាសធាតុក្តៅហួតហែង ធ្វើឱ្យកម្មករ កម្មការិនីដួលសន្លប់ចំនួន២៦នាក់ ក្នុងនោះប្រុស២នាក់ ក្នុងចំណោមកម្មករកម្មការិនីបម្រើការងារសរុបចំនួន១ ២៣៩នាក់ ក្នុងអំឡុងពេលបំពេញការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ហ្គោលឌិនភីស ស្ថិតក្នុងភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ។

ក្រោយពេលទទួលបានព័ត៌មាននោះភ្លាម លោក ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះទៅដល់និងណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវតាមដាន និងពិនិត្យស្ថានភាពអាការៈជំងឺរបស់បងប្អូនកម្មករកម្មការិនី ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ។

លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះជួយអន្តរាគមន៍ ដោយដឹកជញ្ជូនពួកគេទៅមន្ទីរពេទ្យភ្លាមៗ ។ លោកអភិបាលស្រុកបានធ្វើការសន្និដ្ឋានថា ករណីនេះ គឺបណ្ដាលមកពីបងប្អូនកម្មករកម្មការិនីភ័យស្លន់តគ្នា ទើបបណ្ដាលឱ្យដួលសន្លប់បែបនេះ ។

ស្ថិតក្នុងស្ថានភាពនេះដែរ លោក ម៉ឹងវិរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារសម្របសម្រួលភ្លាមៗ ជាមួយថៅកែរោងចក្រ ឱ្យបងប្អូនកម្មករកម្មការិនីទាំងអស់ឈប់សម្រាកមួយថ្ងៃរសៀល និងបានជួយសម្របសម្រួលដល់បងប្អូនកម្មករ កម្មការិនីដែលដួលសន្លប់ចំនួន២៦នាក់ ឱ្យពួកគេបានសម្រាកព្យាបាលរហូតដល់ជាសះស្បើយ ទើបឱ្យចូលបម្រើការងារវិញ ដោយពុំមានកាត់ប្រាក់ខែនោះទេ ៕





ចែករំលែកព័តមាននេះ